ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ចាប់តាំងពីឆ្នាំ២០២០ និងបណ្តាឆ្នាំទៅមុខ ពិភពលោកនឹងបន្តវិវឌ្ឍនៅលើផ្លូវដ៏លំបាកស្មុគស្មាញ ពិបាកប៉ាន់ស្មានបានក្នុងដំណើរទៅរករបបពហុប៉ូល ហើយការប្រកួតប្រជែងរវាងមហាអំណាចធំៗ នឹងបន្តក្នុងលក្ខណៈស្វិតស្វាញ ជះឥទ្ធិពលដោយផ្ទាល់ និងមិនផ្ទាល់ដល់ដំណើរ និងកិច្ចការពិភពលោកទាំងវិស័យ នយោបាយ សេដ្ឋកិច្ច យោធា សន្តិសុខនិងបច្ចេកវិទ្យា។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍នៅក្នុងសន្និបាតបូករុបការងារប្រចាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ នៅទីស្ដីការក្រសួងកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ថា រាប់ចាប់គិតពីឆ្នាំ២០២០នេះទៅ ប្រព័ន្ធពហុភាគីនិយមនឹងបន្តទទួលសម្ពាធខ្លាំងក្លា ដោយសារតែការកើនឡើងនៃទំនោរឯកតោភាគីនិយម។
លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា “សង្គ្រាមពាណិជ្ជកម្ម និងការប្រកាន់នយោបាយគាំពារនិយមក៏នឹងបង្កហានិភ័យច្រើនដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុតំបន់ និងពិភពលោក។ ភាពតានតឹង និងភ្នក់ជំលោះនៅតំបន់មួយចំនួន នឹងបង្កអស្ថិរភាព និងភាពមិនប្រាកដប្រជាទាំងសំរាប់តំបន់នោះផង ទាំងសំរាប់ពិភពលោកផងដែរ។ ការកើនឡើងនៃបញ្ហាសន្តិសុខប្រពៃណី និងមិនប្រពៃណី នឹងបន្តទាមទារការរួមដៃនៃសហគមន៍អន្តរជាតិទាំងមូល ដើម្បីរកដំណោះស្រាយសមស្រប ស៊ីជម្រៅ និងស្ថិតស្ថេរ”។

មកដល់ពេលនេះ កម្ពុជាបានភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសចំនួន១៧៤ ហើយមានស្ថានតំណាងប្រចាំនៅបរទេសចំនួន៦៣។ កាលពីឆ្នាំ២០១៩ កម្ពុជា ចាប់ផ្តើមស្តារទំនាក់ទំនងការទូតនិងមិត្តភាពជាមួយប្រទេសនានា ដែលជាមិត្តចាស់របស់យើងមានសាធារណរដ្ឋឆែក ប៊ុលហ្គារី ហុងគ្រី រ៉ូម៉ានី ស៊ែប៊ី ហើយបានទិញអាគាររៀបចំស្ថានទូតនៅទីក្រុងអង់ការ៉ា ចាប់ផ្តើមជួសជុលស្ថានទូតយើងនៅទីក្រុងសូហ្វីយ៉ា និងបែលក្រាដ បើកស្ថានអគ្គកុងស៊ុលថ្មីនៅទីក្រុងហៃគូ និងកំពុងគិតគូរបើកស្ថានទូតថ្មីនៅប៊ូដាប៉េស្តាំផងដែរ។
ក្នុងរយៈពេលជិត៤ឆ្នាំនេះ រដ្ឋាភិបាលកម្ពុជា បានធ្វើការកែទម្រង់ជាច្រើននៅក្នុងក្រសួង ដូចជា លក្ខខណ្ឌការងារសំរាប់មន្ត្រីត្រូវបានកែលំអ ដោយមានរបបប្រាក់រង្វាន់សំរាប់មន្ត្រី និងបុគ្គលិកក្នុងក្រសួង ការតំឡើងប្រាក់ខែជូនមន្ត្រីការទូតនៅឯក្រៅប្រទេស ការបង្កើនកញ្ចប់ថវិកាចំណាយទូទៅសំរាប់ស្ថានតំណាងនៅបរទេសចំនួន១០ភាគរយ ការកែលម្អរកន្លែងធ្វើការ ការបង្កើតវិទ្យាស្ថាន ដើម្បីបំពាក់បំប៉ន និងបណ្តុះបណ្តាលមន្ត្រីការទូតជាដើម ៕






