ដោយ ប៊ី
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចមកត្រឹមជុំវិញ ៦ ភាគរយ នៅឆ្នាំ ២០២០នេះ ដោយសារបញ្ហាខាងក្រៅ និងក្នុងដែលនឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានធ្លាក់ចុះបន្តិចបន្តួច។ នេះបើយោងតាមការអះអាងរបស់មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល។

លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនៅឯវេទិការសាធារណៈស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២០ ថា តាមការព្យាករណ៍ សេដ្ឋកកិច្ចកម្ពុជានឹងមានកំណើន ៦ ភាគរយ ដោយសារឆ្នាំ ២០២០ វិបត្តិជាច្រើនបាននិងកំពុងកើតឡើង ដូចជាការផ្ទុះឡើងនៃវីរុសវូហាននៅចិន បញ្ហាសង្គ្រាមពាណិជ្ជកម្មនឹងអូសបន្លាយពេលយូរ និងបញ្ហា EBA។
លោក វង្សី វិស្សុត បានថ្លែងថា “បញ្ហាដែលប្រទះធំបំផុតសម្រាប់ឆ្នាំ ២០២០ វីរុសផ្លូវដង្ហើមថ្មីដែលមានប្រភពចេញពីប្រទេសចិនអាចនឹងប៉ះពាល់សេដ្ឋកិច្ចកម្ពុជា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនដែលជាផលប្រយោជន៍រយៈពេលវែង បើទោះបីជាមានការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់រវាងប្រទេសទាំងពីរដោយ ព្រោះប្រទេសចិនជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំរបស់កម្ពុជា”។
លោក បានបន្តថា “បញ្ហាខាងក្នុង គឺប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលអឺរ៉ុបនឹងប្រកាសថា ដក ឬមិនដកចេញពីកម្ពុជា ប៉ុន្តែកម្ពុជាក៏បានត្រៀមខ្លួនរួចស្រេចសម្រាប់ទប់ទល់នឹងបញ្ហានេះ”។
ទាក់ទងនឹងការជំរុញកំណើនសេដ្ឋកិច្ច លោក បានបន្តថា “ធម្មតាថវិកាជាតិយើងក្នុងរយៈពេល ៣ និង៤កន្លងមកនេះចំណាយត្រឹមតែ ២៤,៥ ភាគរយនៃផលិតផលសរុបក្នុងស្រុកទេ ប៉ុន្តែនៅក្នុងឆ្នាំ ២០២០ យើងចាយទៅដល់ ២៨ ភាគរយដែលថវិកាលើកកម្ពស់តម្រូវការសេដ្ឋកិច្ចដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់យើង”។
កញ្ចប់ថវិកាដែលធំជាងគេគឺត្រូវទៅដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធដែលគេហៅថា បញ្ហាភាពប្រកួតប្រជែងសេដ្ឋកិច្ច និងបញ្ហាពិពិធក្មសេដ្ឋកិច្ច រួមប្រព័ន្ធដឹកជិញ្ជួន អគ្គិសនី ជំនាញ ហើយកញ្ចប់មួយទៀតគឺការបង្កើតការងារ។

លោក បន្ថែមថា “យើងត្រូវពង្រឹងសេវាសាធារណៈ។ រដ្ឋរបស់យើងត្រូវតែខ្លាំងជាងមុន ស្អាតស្អំជាងមុន ហើយឆ្លាតជាងមុន។
លោក ឱ្យដឹងទៀតថា “សភាពការណ៍ពិភពលោកសព្វថ្ងៃនេះ ហើយទៅមុខ ១០ ទៅ២០ ឆ្នាំទៀតគឺទាមទាររដ្ឋបាលសាធារណៈមួយដ៏ខ្លាំង។ ក្នុងក្របខ័ណ្ឌនេះ យើងមានបីចំណុច ទី១ គឺសមត្ថភាពដឹកនាំរបស់ស្ថាប័នយើងត្រូវតែខ្លាំង ទាំងការគិតគូរផែនការយុទ្ធសាស្រ្ត និងទាំងការអនុវត្តន៍ ទី២ គុណភាពមន្ត្រីរាជការ….. ការផ្តល់សេវាសាធារណៈ”។
ផ្ទុយពីការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជា ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបូរី បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃ ពុធកន្លងមកនេះ ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានរំពឹងថានឹងនៅតែរឹងមាំនៅឆ្នាំ ២០២០ ទោះបីមានបញ្ហាប្រឈមពីខាងក្រៅក៏ដោយ បើទោះបីជាកម្ពុជាកំពុងប្រឈមនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីអឺរ៉ុប។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា “កំណើនផលិតផលក្នុងស្រុកសរុបពិត (GDP) ត្រូវបានព្យាករណ៍ថានឹងមានអត្រាមធ្យមដល់ ៧.១ ភាគរយក្នុងឆ្នាំ ២០១៩ និង២០២០ ដែលគាំទ្រដោយសកម្មភាពសំណង់រឹងមាំ កំណើនឥណទានក្នុងស្រុក និងតម្រូវការក្នុងស្រុកដែលកំពុងកើនឡើង”។
អតិផរណាត្រូវបានរំពឹងថានឹងកើនឡើងដល់ ២,៣ ភាគរយនៅឆ្នាំនេះ ពោលគឺកើនឡើងបន្តិចពី ២,១ ភាគរយកាលពីឆ្នាំមុន។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ភាពងាយរងគ្រោះខាងក្រៅដ៏ធំរបស់កម្ពុជានឹងផ្តើមចេញពីការពឹងផ្អែកខ្ពស់របស់ខ្លួនលើទីផ្សារមួយចំនួន ជាពិសេសទីផ្សារអឺរ៉ុប។
ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន បានបញ្ជាក់ថា ប្រសិនបើសហភាពអឺរ៉ុប (EU) ព្យូរប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មពាណិជ្ជកម្ម អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ពីប្រទេសកម្ពុជា ការនាំចេញរបស់ប្រទេសនេះនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
សេចក្តីប្រកាសព័ត៌មាន បន្តថា “ការឆ្ពោះទៅមុខ ការពង្រឹងការប្រកួតប្រជែង និងការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចមានសារៈសំខាន់ក្នុងការរក្សាសក្តានុពលកំណើនដ៏រឹងមាំរបស់ខ្លួន។ ប្រទេសកម្ពុជាត្រូវតែដោះស្រាយបញ្ហាប្រឈមខាងរចនាសម្ព័ន្ធសំខាន់ៗ ដូចជាហេដ្ឋារចនាសម្ព័ន្ធខ្សោយ ការផ្គត់ផ្គង់កម្លាំងពលកម្មមានកម្រិត និងភាពទន់ខ្សោយរបស់ស្ថាប័ន”។
សហគមន៍អឺរ៉ុបបានចាប់ផ្តើមកាលពីខែ កុម្ភះ ឆ្នាំមុន ដំណើរការរយៈពេល ១៨ ខែដែលអាចនាំឱ្យមានការផ្អាកជាបណ្តោះអាសន្ននៃការទទួលបានការធ្វើពាណិជ្ជកម្មដោយមិនបង់ពន្ធរបស់ប្រទេសកម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុបក្រោមប្រព័ន្ធអនុគ្រោះ EBA ដោយសារតែការព្រួយបារម្ភលើបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារ។

សេចក្តីសម្រេចចុងក្រោយស្តីពីថាតើត្រូវដក EBA ពីកម្ពុជា ឬអត់នឹងត្រូវធ្វើឡើងនៅខែ កុម្ភៈ ឆ្នាំនេះ។
ក្នុងនាមជា ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកម្ពុជាបាននាំចេញផលិតផលទាំងអស់លើកលែងតែអាវុធ និងគ្រាប់រំសេវទៅកាន់ទីផ្សារសហភាពអឺរ៉ុបដោយមិនគិតពន្ធអស់ជាច្រើនសតវត្ស។
ទិន្នន័យរបស់សហភាពអឺរ៉ុបបានបង្ហាញថា ការនាំចេញរបស់ប្រទេសកម្ពុជាទៅកាន់សហភាពអឺរ៉ុបមានតម្លៃ ៥,៨៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ដែលប្រហែល ៩៥ ភាគរយនៃទំនិញទាំងនោះបានចូលក្នុងសហភាពអឺរ៉ុបដោយទាញយកប្រយោជន៍ពី EBA ហើយផលិតផលសម្លៀកបំពាក់ ស្បែកជើងគឺស្មើប្រហែល ៣ ភាគ ៤ ក្នុងការនាំចេញទៅសហភាពអឺរ៉ុប។
ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងគឺជាវិស័យនាំចេញដ៏ធំបំផុតរបស់ប្រទេសកម្ពុជាដែលផ្តល់ការងារដល់ប្រជាជនប្រហែល ៧៥០,០០០ នាក់នៅក្នុងរោងចក្រចំនួន ១,១០០ ។
បើដកហូតពន្ធលើផលិតផលសម្លៀកបំពាក់ ស្បែកជើង និងកង់ទៅកាន់ទីផ្សារអឺរ៉ុប ពន្ធសម្លៀកបំពាក់កើនឡើង ១២ ភាគរយ ស្បែកជើងកើនឡើង ១៦ ភាគរយ និងកង់កើនឡើង ១០ ភាគរយ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក។

រដ្ឋាភិបាលកម្ពុជាបានប្រកាសកាលពីខែ មីនា ឆ្នាំមុន នូវវិធានការណ៍មួយចំនួន រួមមានការបញ្ចុះថ្លៃដឹកជញ្ជូន និងថ្លៃដើមផលិតកម្ម កាត់បន្ថយការិយាធិបតេយ្យ ដើម្បីជួយគាំទ្រដល់ក្រុមហ៊ុនផលិតកម្មក្នុងស្រុក និងអ្នកនាំចេញក្នុងករណីដែលសហភាពអឺរ៉ុបដក EBA ចេញពីកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបាន មានប្រសាសន៍ថា វិធានការនេះបានជួយកាត់បន្ថយថ្លៃដើមប្រតិបត្តិការសម្រាប់ផលិតករ និងអ្នកនាំចេញប្រមាណ ៤០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕






