មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចអះអាងថា យ៉ាងយូរ៥ឆ្នាំទៀត កម្ពុជានឹងមានលទ្ធភាពសាងសង់ផ្លូវស្តង់ដារខ្ពស់

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ យ៉ាងយូរបំផុតក្នុងត្រឹមរយៈពេល៥ឆ្នាំខាងមុខ ដែលស្របទៅនឹងកំណើនសេដ្ឋកិច្ចជាតិដែលមានការកើនឡើងជាលំដាប់ រាជរដ្ឋាភិបាលកម្ពុជា នឹងមានគោលនយោបាយកសាងហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពកម្រិតស្ដង់ដាដូចបណ្តាប្រទេសនានា។

នៅក្នុងវេទិកាសាធារណៈស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និង ច្បាប់ថវិកា ឆ្នាំ២០២០» កាលពីថ្ងៃទី៣០ ខែមករា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សិត រដ្ឋលេខាធិការប្រចាំការការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ជាឆ្លើយតបទៅនឹងការលើកឡើងរបស់មហាជនដែលតែងរិះគន់ថា ផ្លូវថ្នល់កម្ពុជាមានគុណភាព អន់ ចាក់មុខខូចក្រោយ ចាក់ក្រោយខូចមុខ ឬចាក់ស្តើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្តើង ជាដើម រដ្ឋាភិបាលនឹងមានគម្រោងបង្កើតគោលនយោបាយកសាងហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពកម្រិតស្ដង់ដាខ្ពស់។

លោក វង្សី វិស្សុត បានទទួលស្គាល់ថា ពិតជាមានបញ្ហាអវិជ្ជមានទាំងនេះមែន ក៏ប៉ុន្តែមិនមែនផ្លូវថ្នល់ទាំងអស់សុទ្ធតែខូច គ្រប់កន្លែងនោះដែរ។ លោកបានបញ្ជាក់ថា “ចាំមើលចុះ ៣ឆ្នាំ ទៅ ៥ឆ្នាំទៀត ផ្លូវជាតិលេខ១ទាំងអស់សុទ្ធតែផ្លូវដឹកដោយសេរី លេងស្តង់ដារខ្ពស់ហ្មង ធ្លាប់ធ្វើអាមួយគីឡូកន្លះលាន យើងនឹងធ្វើអាមួយគីឡូ២លានដុល្លារ ឥឡូវទៅបណ្តើរៗហើយ”។

បញ្ហាផ្លូវខូចកន្លងមក ត្រូវបានលោក វង្សី វិស្សុត បកស្រាយថា “មានកត្តាជាច្រើន ម្យ៉ាងមកពីមានអភិបាលកិច្ចមិនល្អក្នុងការស្ថាបនា និងម្យ៉ាងធំមួយទៀតនោះគឺ ប្រទេសយើងក្រមានលុយតិចហើយត្រូវធ្វើសមាហរណកម្មទាំងក្នុងនិងក្រៅប្រទេស ដូច្នេះ ដើម្បីបានការតភ្ជាប់បានវែងពីខេត្តមួយទៅខេត្តមួយពីក្រុងមួយទៅក្រុងមួយគោលនយោបាយយើងសម្រេចធ្វើផ្លូវគុណភាពទាប ប៉ុន្តែបានវែង”។

លោកបញ្ជាក់ថា “ចាក់មុខខូចក្រោយ ចាក់ក្រោយខូចមុខ ទី១. វាមានហេតុអីចឹងមែន ការគ្រប់គ្រងអភិបាលកិច្ចមិនបានល្អ មានកន្លែងអីចឹងមែន ប៉ុន្តែមិនមែនគ្រប់កន្លែងទេ។ ទី២. ពីមុនយើងមានគោលនយោបាយមួយលុយយើងប្រទេសវាក្រ យើងយកស្តង់ដារផ្លូវទាប បើធ្វើល្អបានខ្លី ហើយត្រូវការសមាហរណកម្មក្នុងប្រទេសផងក្រៅប្រទេសផង យើងត្រូវការអាវែងសិន បើអាវែងលុយតិចគុណភាពទាប ទើបវាបានវែង វាបានតភ្ជាប់គ្នា បើធ្វើខ្លីអត់ភ្ជាប់ដដែល ដូច្នេះចាយអាគុណភាពទាប … អាអន់ៗទាំងអស់ លុយវាតិច តែគុណភាពទាប វាឆាប់ខូចហើយ”។

សម្រាប់គោលការណ៍គន្លឹះក្នុងការគ្រប់គ្រងបំណុលសាធារណៈឆ្នាំ២០២០នេះរាជរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវគោលការណ៍គន្លឹះមួយចំនួនដូចជា ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈត្រូវមានស្តង់ដារ និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការគ្រប់គ្រងការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិនៅក្នុងដំណាក់កាលថ្មី ពិសេសធានាបាននូវចីរភាពសេដ្ឋកិច្ច សង្គម បរិស្ថាន និងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here