ក្រុមហ៊ុនគ្រប់គ្រងអាជីវកម្មប្រចាំតំបន់អាស៊ានទទួលស្គាល់ថា ទីផ្សារនៅកម្ពុជាមានការអភិវឌ្ឍខ្ពស់ជាងគេនៅតំបន់អាស៊ាន

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នាយកជាន់ខ្ពស់របស់ក្រុមហ៊ុនលំដាប់ពិភពលោក យូនីលីវើ (Unilever) និងជាប្រធានគ្រប់គ្រងអាជីវកម្មក្រុមហ៊ុនក្នុងតំបន់អាស៊ាន បានកោតសរសើរ និងស្ញប់ស្ញែងចំពោះស្ថិរភាពនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្នុងរយៈពេលដែលក្រុមហ៊ុនមួយនេះមានដំណើរការជិត ២ ទសវត្សរ៍កន្លងទៅនេះ។

យូនីលីវើ គឺជាក្រុមហ៊ុនលំដាប់ពិភពលោកដែលមានដំណើរការលើការគ្រប់គ្រងអាជីវកម្មរបស់ក្រុមហ៊ុនចំរុះផ្តោតសំខាន់លើការគ្របគ្រង និងចែកចាយផលិតផលនានានៅលើទីផ្សារយ៉ាងទូលាយទូទាំងពិភព និងកំពុងមានដំណើរការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាមិនក្រោម១០ឆ្នាំនោះទេ។

នៅក្នុងកិច្ចចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ម្សិលមិញ នេះ លោក រ៉ូបឺត កាន់ឌីលីណូ (Robert Candelino) នាយប្រតិបត្តិនៃក្រុមហ៊ុន យូនីលីវើ (Unilever) និងជាប្រធានគ្រប់គ្រងអាជីវកម្មក្រុមហ៊ុនក្នុងតំបន់អាស៊ានបាន បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានអនុវត្តយ៉ាងរឹងមាំ នូវការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានការប៉ះពាល់ខ្លាំងលើសុខភាព និងសុខុមាលភាពរបស់ប្រជាជន។

លោក រ៉ូបឺត កាន់ឌីលីណូ បានបន្តថា ទីផ្សារកម្ពុជា ជាទីផ្សារមួយដែលមានកំណើនខ្ពស់មួយក្នុងចំណោមប្រទេសដែលក្រុមហ៊ុនយូនីលីវើមានប្រតិបត្តិការ។ កំណើនទីផ្សារដ៏ខ្ពស់នេះ បានឆ្លុះបញ្ចាំងពីការរីកចំរើននៃសង្គមកម្ពុជា ក៏ដូចជាប្រទេសទាំងមូល ដែលបានប្រែក្លាយខ្លួនយ៉ាងលឿនក្នុងរយៈពេលមួយដ៏ខ្លីបំផុត។ ចំពោះប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជាវិញ លោក កាន់ឌឺលីណូ មានមោទនភាពជាខ្លាំងដែលបានចូលរួមការងារជាមួយបុគ្គលិករបស់ក្រុមហ៊ុន ដែលភាគច្រើនជាជនជាតិខ្មែរ ហើយក៏បានកោតសរសើរអស់ពីចិត្តចំពោះទេពកោសល្យនៃយុវជនកម្ពុជា ដែលជាធនធានដ៏មានតម្លៃសម្រាប់កម្ពុជា។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានចាត់ទុកការការពារសុខភាព និងសុខុមាលភាពរបស់ប្រជាជនជាកិច្ចការចម្បង ហើយការអនុវត្តវិធានការប្រយុទ្ធប្រឆាំងបែបនេះ ក៏បានជួយដល់ផលប្រយោជន៍ និងសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ផងដែរ។ លោកបានស្នើសុំឱ្យក្រុមហ៊ុន យូនីលីវើ បន្តសហការជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើខុសច្បាស់ទាំងឡាយ ដូចជាក្លែងបន្លំផលិតផល និងធ្វើការរាយការណ៍ជូនអាជ្ញាធរឱ្យបានភ្លាមៗ ក្នុងករណីដែលដឹង។

ជាមួយនោះដែរ ក្រសួងពាណិជ្ជកម្ម ក៏កំពុងតែធ្វើកំណែទម្រង់អង្គភាពកាំកុងត្រូលឱ្យទៅជាអង្គភាពជំនាញខាងសុវត្ថិភាពចំណីអាហារ ការពារអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំ ដែលនឹងដើរតួនាទីមួយយ៉ាងសំខាន់លើការងារការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ ហើយក៏បានស្នើសុំឱ្យក្រុមហ៊ុន យូនីលីវើ ផ្ដល់ជំនួយ ដូចជា ឧបករណ៍ពិសោធន៍ ការបណ្ដុះបណ្ដាលមន្ត្រី និងអប់រំដល់សាធារណជន ដើម្បីបង្កើនការយល់ដឹងពីផលប៉ះពាល់បណ្ដាលមកពីការប្រើប្រាស់ផលិតផលក្លែងក្លាយ ឬផលិតផលលាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here