ដោយ ប៊ី
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា(NBC) គ្រោងនឹងបង្កើតប្រព័ន្ធទូទាត់ប្រាក់ឌីជីថលរបស់ធនាគារកណ្តាល (CBDC) នាពេលខាងមុខនេះ ខណៈគម្រោងនេះនឹងដាក់ចេញនូវ “គម្រោងបាគង” ដែលជាប្រព័ន្ធផ្ទេរប្រាក់ ដែលមានលក្ខណៈពិសេសនៃប្រព័ន្ធទូទាត់ប្រាក់ឌីជីថលរបស់ធនាគារកណ្តាល។

លោកស្រីជា សិរី អគ្គនាយិកាធនាគារជាតិនៃកម្ពុជា (NBC) ថ្លែងថា ប្រព័ន្ធCBDC មានគាំទ្រពីធនាគារចំនួន១១ ក្នុងចំណោមធនាគារពាណិជ្ជចំនួន៤៣ នៅក្នុងប្រទេសនេះរួចហើយ។ យោងទៅតាមលោកស្រី ជា សិរីស្ថាប័នហិរញ្ញវត្ថុកាន់តែច្រើន នឹងចូលរួមក្នុងវេទិកានេះនិងប្រើប្រាស់ប្រព័ន្ធCBDC នៅពេលគម្រោងនេះដំណើរការ។
លោកស្រីបានមានប្រសាសន៍ថា “គម្រោងបាគង (ជាគម្រោងប្រព័ន្ធទូទាត់ឌីជីថល) នឹងដើរតួយ៉ាងសំខាន់ក្នុងការនាំអ្នកពាក់ព័ន្ធទាំងអស់ ទៅកន្លែងទូទាត់នៅកម្ពុជាក្រោមកម្មវិធីតែមួយ ដែលធ្វើឱ្យអ្នកប្រើចុងក្រោយបង់លុយគ្នាយ៉ាងងាយស្រួល ដោយមិនគិតពីស្ថាប័នដែលពួកគេបានដាក់ប្រាក់”។ លោកបន្តថា “នៅទីបំផុតយើងសង្ឃឹមថា នឹងអនុញ្ញាតឱ្យមានការបង់ប្រាក់ឆ្លងកាត់ព្រំដែន តាមរយៈប្រព័ន្ធបាគងផងដែរ”។

ធនាគារកណ្តាលរបស់ប្រទេសកម្ពុជា នឹងរក្សាការគ្រប់គ្រងកណ្តាលនៃប្រព័ន្ធ CBDC ដែលបានស្នើជាមួយប្រព័ន្ធបិទជិត ដែលនឹងរួមបញ្ចូលអ្នកចូលរួម ដូចជា ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតនៅក្នុងប្រទេស។
តាមរបាយការណ៍របស់គម្រោងបាគង បានឈានដល់ដំណាក់កាលសាកល្បងនៅខែកក្កដា ឆ្នាំ២០១៩ ជាមួយនឹងការបើកដំណើរការចុងក្រោយ ដែលរំពឹងទុកមុនដំណាច់ត្រីមាសទី១ ឆ្នាំ ២០២០៕






