អាមេរិកអះអាងថា ការផ្ទុះឡើងនៃវីរុសថ្មីរបស់ចិនគឺល្អសម្រាប់សេដ្ឋកិច្ចខ្លួន

0

ដោយ Donald Lee

ភ្នំពេញៈ អាមេរិកកំពុងរំពឹងថា សេដ្ឋកិច្ចអាមេរិក នឹងទទួលបានអត្ថប្រយោជន៍ពីការផ្ទុះឡើងនៃវីរុសឆ្លងដ៏សាហាវរបស់ប្រទេសចិន (វីរុសកូរ៉ូណា) ដោយធ្វើឱ្យក្រុមហ៊ុនផលិតកម្មវិលត្រឡប់មកអាមេរិកវិញពីចិនដីគោក។


ក្រុមហ៊ុនច្រើនកំពុងផ្អាកប្រតិបត្តិការរបស់ខ្លួន នៅក្នុងប្រទេសចិនដីគោក ដោយសារអត្រាឆ្លងមានដល់១០,០០០នាក់ នៅទូទាំងពិភពលោក និង២១៣នាក់បានស្លាប់ដោយសារការឆ្លងវីរុសនេះ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិក លោកWilbur Ross បាននិយាយថា សេដ្ឋកិច្ចអាមេរិក នឹងទទួលបានអត្ថប្រយោជន៍ពីការផ្ទុះឡើងនៃវីរុសនេះ ដោយសារតែក្រុមហ៊ុនអាមេរិកនឹងនាំផលិតកម្មចេញពីចិនដីគោកវិញ ដោយសារតែការផ្អាកសកម្មភាព។

លោកRoss បាននិយាយនៅក្នុងបទសម្ភាសន៍ នៅលើទូរទស្សន៍អាមេរិកកាលពីថ្ងៃព្រហស្បតិ៍ថា ខ្ញុំមិនចង់និយាយអំពីជ័យជម្នះលើជំងឺអកុសល និងសាហាវនោះទេ។ ប៉ុន្តែការពិតគឺថា វាពិតជាផ្តល់ឱ្យក្រុមហ៊ុននូវរឿងមួយទៀត ដែលត្រូវពិចារណានៅពេលពួកគេឆ្លងកាត់ការពិនិត្យមើលខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ

លោកបានបន្តថា ខ្ញុំគិតថាវានឹងជួយពន្លឿនការវិលត្រឡប់ មករកការងារនៅអាមេរិកខាងជើងវិញ

រដ្ឋាភិបាលអាមេរិក បានចេញសេចក្តីណែនាំនៅថ្ងៃសុក្រ ដោយបង្កើនការព្រមានពីកម្រិត៣ ដល់កម្រិត៤  កុំធ្វើដំណើរទៅប្រទេសចិន

រដ្ឋាភិបាលអាមេរិកបានឱ្យដឹងថា កុំធ្វើដំណើរទៅប្រទេសចិន ដោយសារវីរុសថ្មី ដែលត្រូវបានរកឃើញដំបូង នៅក្នុងទីក្រុងវូហានប្រទេសចិន

អង់គ្លេស និងកូរ៉េខាងត្បូង បានជម្លៀសពលរដ្ឋចេញពីទីក្រុងវូហាន កាលពីម្សិលមិញ បន្ទាប់ពីប្រទេសដទៃទៀត បានជួយសង្គ្រោះជនជាតិរបស់ពួកគេពីចំណុចក្តៅនេះ។

ក្រុមហ៊ុនអាកាសចរណ៍អន្ដរជាតិជាច្រើន បានចាប់ផ្តើមផ្អាកការហោះហើរទៅកាន់ប្រទេសចិន ជាពិសេសក្រុមហ៊ុនអាកាសចរណ៍អង់គ្លេសBritish Airlines ដែលបានបញ្ឈប់សេវាកម្មហោះហើរទៅកាន់ប្រទេសនេះទាំងស្រុង។ ក្រុមហ៊ុនអាហារយក្សអន្តរជាតិ McDonald’s បានបិទប្រតិបត្តិការ នៅតាមភោជនីយដ្ឋានទាំងអស់របស់ខ្លួននៅក្នុងខេត្តចិននៅHubei ដែលជាមជ្ឈមណ្ឌលនៃការផ្ទុះឡើងនៃវីរុស។


វិនិយោគិនអាមេរិក បានទទូចដល់ប្រធានាធិបតីអាមេរិកលោក Donald Trump   ឱ្យដកចេញពន្ធលើការនាំចូលរបស់ចិន ខណៈវីរុសដែលបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ចចិន និងធ្វើឱ្យទីផ្សារអាស៊ីធ្លាក់ចុះ។ ខណៈពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក និងចិនដំណាក់កាលទី១ ក្នុងខែនេះបានផ្អាកការប្រទូសរ៉ាយគ្នា អាមេរិកមិនទាន់បានដកហូតពន្ធគយណាមួយ ដែលបានធ្វើឡើងកាលពីឆ្នាំមុនទេ ហើយលោកTrump បាននិយាយថា ការដកពន្ធចេញនឹងមិនចាប់ផ្តើមទេ រហូតដល់ការចរចារដំណាក់កាលទី២ ចាប់ផ្តើមបន្ទាប់ពីខែ វិច្ឆិកា ឆ្នាំនេះ។

ក្រុមអ្នកវិភាគជឿជាក់ថា សេដ្ឋកិច្ចពិភពលោក នឹងឈានទៅរកការស្ទុះងើបឡើងវិញបន្តិចនៅឆ្នាំ២០២០ ប៉ុន្តែការផ្ទុះឡើងនៃវីរុសថ្មី បានធ្វើឱ្យវិនិយោគិនព្រួយបារម្ភអំពីភាពមិនត្រឹមត្រូវ ដែលអាចធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកថយចុះ ហើយថែមទាំងនាំឱ្យមានវិបត្តិសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោកRajiv Biswas ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រចាំក្រុមហ៊ុន IHS Markit បាននិយាយនៅក្នុងរបាយការណ៍មួយថា វីរុសថ្មីនេះបង្កហានិភ័យធ្លាក់ចុះយ៉ាងខ្លាំង ចំពោះចក្ខុវិស័យសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំ២០២០ ប្រសិនបើការរីករាលដាលនៅតែបន្តកើនឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here