សម្តេចតេជោពន្យល់ការពីប្រែប្រួលនិងរបត់នយោបាយដ៏ស្មុគស្មាញរបស់ពិភពលោក

1

ដោយគង់ សូរិយា

ភ្នំពេញ: សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ពិភពលោកកំពុងឆ្លងកាត់ដំណាក់កាលនៃការប្រែប្រួលដ៏ជ្រាលជ្រៅ មិនប្រាកដប្រជា និងស្មុគស្មាញ


មានប្រសាសន៍ក្នុងពិធីបូកសរុបសន្និបាតការងារក្រសួងការបរទេសឆ្នាំ២០១៩ និងលើកទិសដៅសម្រាប់ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសយកប្រធានបទធំ៣ មកវិភាគ វាយតំលៃ និងណែនាំ, ទី១, អំពីពិភពលោកយើង ទី២ សម្ពាធមកលើប្រព័ន្ធនៃរបៀបរបបដែល ផ្អែកលើពហុភាគីនិយម និងច្បាប់អន្តរជាតិនេះ បានប៉ះពាល់បន្តដល់ប្រទេសនានាដែលតូចជាង ខ្សោយជាង ទី៣ ទិសដៅការងារការបរទេស។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ជាច្រើនឆ្នាំមកហើយ យើងបានរស់នៅក្នុងពិភពលោកមួយ ដែលកំពុងមានការប្រែប្រួលយ៉ាងជ្រាលជ្រៅ និងស្មុគស្មាញ ជាពិភពលោកមួយ ដែលកំពុងស្ថិតក្នុងដំណាក់កាលអន្តរកាល ឆ្ពោះទៅរកប្រព័ន្ធពហុប៉ូលដ៏សាំញាំ ដែលក្នុងនោះតួអង្គចាស់ថ្មី រដ្ឋនិងមិនមែនរដ្ឋ កំពុងប្រកួតប្រជែងយ៉ាងតានតឹងដើម្បីគ្រប់គ្រង ចាត់ចែងនិងដោះស្រាយកិច្ចការនៃភពផែនដី

សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ឥឡូវនេះរបៀបរបបអន្តរជាតិដែលផ្អែកលើច្បាប់ និងប្រព័ន្ធពហុភាគីនិយម នេះកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរ។ត្រង់នេះក៏មាការដេញដោលគ្នាច្រើនលើនិយមន័យនៃពាក្យ  របៀបរបបអន្តរជាតិដែលផ្អែកលើច្បាប់ មិនខុសពីការដេញដោលគ្នាអំពីពាក្យ និយាមអន្តរជាតិ (International Standard) នោះឡើយ។ តើអ្នកណាជាអ្នកបង្កើត និងកំណត់ស្តង់ដារ និងរបៀបរបបអន្តរជាតិនោះ ហើយតើស្តង់ដារនិងរបៀបរបបនោះ ដាក់ឱ្យអ្នកណាជាអ្នកអនុវត្ត? ពេលខ្លះ អ្នកបង្កើតប្រែក្លាយទៅជាអ្នកបោះបង់ទៅវិញ នៅពេលដែលស្តង់ដារ របៀបរបបនោះលែងផ្តល់ ប្រែទៅជាផ្ទុយនឹងផលប្រយោជន៍ខ្លួន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ពាធមកលើប្រព័ន្ធនៃរបៀបរបប ដែលផ្អែកលើពហុភាគីនិយម និងច្បាប់អន្តរជាតិនេះ បានប៉ះពាល់បន្តដល់ប្រទេសនានា ដែលតូចជាងខ្សោយជាង ទោះបីក្នុងកំរិតនិងរូបភាពខុសគ្នាក៏ដោយ។


សម្តេចតេជោបានថ្លែងថា នយោបាយប្រទេសធំ សង្កត់លើប្រទេសតូចមិនមែនជារឿងត្រឹមត្រូវនោះទេ។សម្តេចតេជោបន្ថែមថា ពិតហើយកម្ពុជាមានឥទ្ធិពលតិចតួចប៉ុណ្ណោះ ក្នុងការកសាងរបៀបរបបអន្តរជាតិ ប៉ុន្តែមិនមែនបានន័យថា យើងមិនអាច ជួយអ្វីបានសោះនោះទេ

កម្ពុជាបានបង្ហាញទៅសហគមន៍អន្តរជាតិអំពី តួនាទីកាន់តែសកម្មរបស់ខ្លួន នៅក្នុងកិច្ចការពិភពលោក និងតំបន់ ដោយចូលរួមវិភាគទាននានា ក្នុងបុព្វហេតុសន្តិសុខ សន្តិភាព និងសង្គម តួយ៉ាងការបំពេញភារកិច្ចជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ ជាសមាជិកECOSOC និងអង្គការអន្តរជាតិមួយចំនួនទៀត បញ្ជូនកងកំលាំងរក្សាសន្តិភាព ព្រមទាំងចូលរួមក្នុងការប្រយុទ្ធ នឹងការប្រឈមនានានៃពិភពលោក មានការប្រឆាំងនឹងភេវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការប្រែប្រួលអាកាសធាតុជាដើម។

សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ថ្មីៗនេះយើងក៏បានឃើញនូវភាពអន្តរាយនានា ដែលបានកើតឡើងក្រោយការជ្រៀតជ្រែករបស់មហាអំណាចធំៗ ក្នុងនាមនៃការស្តារលទ្ធិប្រជាធិបតេយ្យ ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសអធិបតេយ្យដូចគ្នា តែតូចជាងនិងខ្សោយជាងនោះ នៅតំបន់មជ្ឈឹមបូព៌ា អាហ្វ្រិក អាមេរិកឡាទីន ឬនៅអាស៊ី។

សម្តេចតេជោបន្តថា មិនត្រឹមហេតុផលរឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនោះទេ សូម្បីរឿងដាំដូងប្រេង ក៏ខ្លាចទៅបញ្ហារវាងប្រទេស និងប្រទេសដែរ

សម្តេចតេជោហ៊ុន សែន បានថ្លែងថា ការប្រឈមធំៗជាសកល ដូចជាការប្រែប្រួលធាតុអាកាស ភេរវកម្ម បញ្ហាជនភៀសខ្លួន ឧក្រឹដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ឧក្រឹដ្ឋកម្មឆ្លងដែន បញ្ហាជំងឺឆ្លង (តួយ៉ាង Corona virus នៅ Wuhan ថ្មីៗនេះ) ។ល។ នឹងនៅតែបន្តចោទជាគ្រោះថ្នាក់ ហើយទាមទារឱ្យមានការប្រឹងប្រែងរួមគ្នា បន្ថែមទៀត ដើម្បីរកដំណោះស្រាយឆ្លើយតប៕

1 COMMENT

  1. បណ្ឌិតវិទ្យាសាស្ត្រនយោបាយខ្លះមើលមិនឃើញដល់ចំណុចអស់នេះទេ។ តែសោកស្ដាយសម្ដេច មានប្រសាសន៍ត្រឹមលើកឡើងតែពីបញ្ហា គ្មានដំណោះស្រាយជាក់លាក់ណាមួយលើនាវាកម្ពុជា។

LEAVE A REPLY

Please enter your comment!
Please enter your name here