កម្ពុជាមានក្រុមហ៊ុន៣០កំពុងធ្វើអាជីវកម្មក្នុងវិស័យ E-Commerce

0

ដោយវុត្ថា

ភ្នំពេញៈ កម្ពុជានាពេលបច្ចុប្បន្ន ក៏កំពុងតែចូលរួមយ៉ាងសកម្មផងដែរ នៅក្នុងវិស័យ E-Commerce ដោយជាក់ស្ដែងមិនតិចជាងក្រុមហ៊ុនចំនួន៣០ កំពុងតែធ្វើអាជីវកម្មក្នុងវិស័យ E-Commerce លើវិស័យការងារដឹកជញ្ជូនមនុស្ស កក់សំបុត្ររថយន្ត ដឹកជញ្ជូនទំនិញ និងចំណីអាហារ ទីផ្សារអនឡាញ អចលនទ្រព្យ ។ល។


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិនៅក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្ដីព្រាងយុទ្ធសាស្រ្តពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០កន្លងមកបានឱ្យដឹងថា ការរីកដុះដាលនៃក្រុមហ៊ុនថ្មីៗទាំងនេះ ក៏ជួនពេលជាមួយ នឹងការចាប់ផ្ដើមប្រើប្រាស់ការបង់ប្រាក់ តាមអេឡិចត្រូនិកយ៉ាងទូលំទូលាយ។

លោកបន្តថា ការប្រើប្រាស់បណ្ដាញសង្គមក្នុងការលក់ដូរទំនិញ និងសេវាកម្ម ក៏ជាការធ្វើអាជីវកម្មមួយ ដែលមានភាពប្រជាប្រិយ ហើយជាទូទៅការធ្វើអាជីវកម្មបែបនេះ ជាចំណុចចាប់ផ្ដើម សម្រាប់ក្រុមហ៊ុនឈានជើងចូលទៅការធ្វើពាណិជ្ជកម្មតាម E-Commerce ផងដែរ។លោកថា ការប្រែក្លាយនៃរបត់ពាណិជ្ជកម្មបែបប្រពៃណី មកជាការធ្វើពាណិជ្ជកម្មទំនើបតាមបច្ចេកវិទ្យា នឹងនាំមកនូវកាលានុវត្តភាព និងភាពប្រឈមព្រមៗគ្នាក្នុងពេលតែមួយ

លោកប៉ាន សូរស័ក្តិបានបន្តថា យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ មិនមែនសម្រាប់តែក្រសួងពាណិជ្ជកម្មតែម្នាក់ឯងនោះទេ ប៉ុន្តែជាយុទ្ធសាស្ត្ររួមដែទាមទារឱ្យ ក្រសួងស្ថាប័នទាំងអស់ ទាក់ទងនឹងវិស័យពាណិជ្ជកម្ម សហការគ្នាដើម្បីអនុវត្ត ក្នុងគោលបំណងជំរុញគោលនយោបាយអភិវឌ្ឍន៍ វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងបរិបទបច្ចុប្បន្ន និងអនាគត ដើម្បីជាឧត្តមប្រយោជន៍រួមសម្រាប់កម្ពុជាទាំងមូល។

លើសពីនោះទៀត យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន ដែលត្រូវការឯកសារមួយសម្រាប់បញ្ជាក់ជូនអំពីចក្ខុ វិស័យ និងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យនេះ។


ការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនៅវេលានេះ ជាការមួយដ៏ត្រឹមត្រូវ គាប់ជួនជាមួយនឹងការអនុម័តច្បាប់ស្ដីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលបានព្រះមហាក្សត្រជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ឡាយព្រះហស្ថលេខាប្រកាស  ឱ្យប្រើប្រាស់ ក្រោមព្រះរាជក្រមលេខ នស/រកម/១១១៩/០១៧ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោករដ្ឋមន្ត្រីបន្ថែមថា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ជាប្រធានបទមួយដ៏សំខាន់ នៅក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ក្នុងក្របខណ្ឌតំបន់ និងពិភពលោក។ ជាក់ស្ដែងកម្ពុជាបានចុះហត្ថលេខា និងអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ានស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលជាផ្នែកមួយដ៏សំខាន់នៃក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត និងកិច្ចសម្រួលកំណើនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងតំបន់អាស៊ាន។

ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ជាផ្នែកមួយនៃកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ហើយក៏មានការចរចាយ៉ាងផុសផុលផងដែរ នៅអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីចងក្រងជាកិច្ចព្រមព្រៀង ក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here