ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលគិតត្រឹមចុងឆ្នាំ២០១៩ និងដើមខែមករា ឆ្នាំ២០២០ អគ្គិសនីកម្ពុជា បានធ្វើការតភ្ជាប់បណ្តាញ ឱ្យអ្នកប្រើប្រាស់អគ្គិសនីគ្រប់ប្រភេទនៅទូទាំងប្រទេសបានជិត៣លានទីតាំង ដែលរាប់ទាំងលំនៅដ្ឋាន ទីតាំងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ឧស្សាហកម្មតូចៗ និងរដ្ឋបាលភ្ជាប់បណ្តាញសាធារណៈ។

យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ របស់អជ្ញាធរអគ្គិសនីកម្ពុជាកាលពីដើមសប្តាហ៍នេះបានបង្ហាញថា នៅត្រឹមចុងឆ្នាំ២០១៩ ដើមឆ្នាំ២០២០ ការភ្ជាប់បណ្តាញអគ្គិសនី ឲ្យអ្នកប្រើប្រាស់អគ្គិសនីគ្រប់ប្រភេទនៅកម្ពុជា បានកើនឡើងពី២, ៦៤៥,៦៣០ទីតាំង នៅចុងឆ្នាំ២០១៨ មកដល់២,៨៣២,១២៥ទីតាំង នៅចុងឆ្នាំ ២០១៩។
ក្នុងចំណោមទីតាំង ដែលបានភ្ជាប់ចរន្តអគ្គិសនីរួចនេះ មានលំនៅដ្ឋានចំនួន២ ៦៧៥ ៧៦៨កន្លែង. ទីតាំងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ឧស្សាហកម្មតូចៗ និងរដ្ឋបាល ភ្ជាប់លើបណ្តាញសាធារណៈសរុបចំនួន១៤២ ៧៤៤កន្លែង។ ទីតាំងពាណិជ្ជកម្ម និងឧស្សាហកម្ម ធុនធំ និងធុនមធ្យមសរុបចំនួន៣៦០៥កន្លែង។ ទីតាំងពាណិជ្ជកម្ម និងឧស្សាហកម្ម ដែលប្រើប្រាស់ថ្លៃអគ្គិសនី តាមពេលវេលាសរុបចំនួន៣៨ កន្លែង និងមានទីតាំងដែលជាសាលារៀន មណ្ឌលសុខភាព និងមន្ទីពេទ្យនៅជនបទចំនួន៤ ៤៩៣ កន្លែង ។
បើយោងតាមស្ថិតិនេះ គឺគិតត្រឹមចុងឆ្នាំ២០១៩ លំនៅដ្ឋានដែលបានភ្ជាប់ចរន្តអគ្គិសន៍រួច មានចំនួន៧៤,៧៨ភាគរយនៃលំនៅដ្ឋានសរុប ។
នៅក្នុងរបាយការណ៍ដដែលបានបង្ហាញថា ចាប់តាំងពីដើមឆ្នាំ២០១៩មក អាជ្ញាធរអគ្គិសនីកម្ពុជា បានសហការជាមួយអគ្គិសនីកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ–ខេត្ត អាជ្ញាធរមូលដ្ឋាន និងអ្នកកាន់អាជ្ញាបណ្ណឯកជន ដើម្បីកំណត់យន្តការក្នុងការអនុវត្តការងារទាំង២នេះ គឺការភ្ជាប់ចរន្តឱ្យបន្ទប់ឬផ្ទះជួល និងការភ្ជាប់ចរន្តឱ្យតូបលក់ដូរក្នុងផ្សារផ្ទាល់ពីអ្នកកាន់អាជ្ញាបណ្ណ ដើម្បីឱ្យកម្មករ កម្មការិនី សិស្ស និស្សិត និងអ្នកលក់ដូរតាមតូបក្នុងផ្សារ អាចទទួលបានថ្លៃអគ្គិសនី តាមគោលការណ៍កំណត់របស់អាជ្ញាធរអគ្គិសនីកម្ពុជា។

គិតមកដល់ចុងឆ្នាំ២០១៩នេះ អគ្គិសនីកម្ពុជាភ្ជាប់ចរន្តឱ្យបន្ទប់ជួល ឬផ្ទះជួលបានចំនួន១៨ ១៤១ ទីតាំង នៃទីតាំងសរុប១៨ ១៤១ ស្មើ១០០ភាគរយ គិតជាចំនួនបន្ទប់ជួល ឬផ្ទះជួល បានចំនួន ៣១២ ៦៦១ នៃចំនួនបន្ទប់ជួល ឬផ្ទះជួលសរុប ៣១២ ៦៦១ ស្មើ ១០០ភាគរយ និងភ្ជាប់ចរន្តឱ្យតូបលក់ដូរនៅតាមផ្សារ បានចំនួន ៤៩ ផ្សារ នៃចំនួនផ្សារសរុប ៤៩ ស្មើ ១០០ភាគរយ គិតជាចំនួនតូបលក់ដូរ បានចំនួន ៤០ ៥១២ តូប នៃចំនួនតូបលក់ដូរសរុប ៤០ ៥១២ ស្មើ ១០០ភាគរយ ។
ការភ្ជាប់ចរន្តឱ្យបន្ទប់ជួល ឬផ្ទះជួលក្នុងតំបន់របស់អគ្គិសនីកម្ពុជា ទើបតែអនុវត្តន៍នៅរាជធានីភ្នំពេញប៉ុណ្ណោះ ប៉ុន្តែការភ្ជាប់ចរន្តឱ្យតូបលក់ដូរនៅតាមផ្សារ បានអនុវត្តនៅទូទាំងប្រទេស។
តំបន់ផ្គត់ផ្គង់របស់អ្នកកាន់អាជ្ញាបណ្ណឯកជន ភ្ជាប់ចរន្តឱ្យបន្ទប់ជួល ឬផ្ទះជួល បានចំនួន៧៦៥ទីតាំង នៃចំនួនទីតាំងសរុប២០៦៣ ស្មើ៣៧,០៨ភាគរយ គិតជាចំនួនបន្ទប់ជួល ឬផ្ទះជួលបានចំនួន១១,៣៦៧ នៃចំនួនបន្ទប់ជួល ឬផ្ទះជួលសរុប២៣,២៥៩ ស្មើ ៤៨,៨៧ ភាគរយ និងភ្ជាប់ចរន្តឱ្យតូបលក់ដូរនៅតាមផ្សារបានចំនួន២៣៤ផ្សារ នៃចំនួនផ្សារសរុប២៦២ ស្មើ៨៩,៣១ ភាគរយ គិតជាចំនួនតូបលក់ដូរបានចំនួន២១,២៣៦តូប នៃចំនួនតូបលក់ដូរសរុប២៣,៥១៥ ស្មើនឹង៩០,៣១ភាគរយ ៕







