ដោយវុត្ថា
ភ្នំពេញៈ អភិបាលខេត្តកំពង់ធំ បានស្នើឯកអគ្គរដ្ឋទូតអាមេរិក បន្តជួយដល់គាំទ្រដល់សកម្មភាព អនុវត្តន៍គម្រោងនានា របស់អង្គការដៃគូ ក្នុងខេត្តកំពង់ធំ និងស្នើសុំជួយដល់ការគាំទ្រលើវិស័យទឹកស្អាត ព្រមទាំង វិស័យអាទិភាពនានាមួយចំនួនទៀត ជាពិសេស គឺស្នើសុំជួយទាក់ទាញក្រុមហ៊ុនវិនិយោគនានា របស់សហរដ្ឋអាមេរិកមកធ្វើការវិនិយោគក្នុងខេត្តកំពង់ធំផងដែរ។

លោកសុខ លូ អភិបាលខេត្តកំពង់ធំ នៅក្នុងជំនួបជាមួយW.Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជានៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២០នេះបានឱ្យដឹងថា ឯកអគ្គរដ្ឋទូតអាមេរិកបានឯកភាពបន្តជួយគាំទ្រ ដល់សកម្មភាពដៃគូនានា ដែលបានអនុវត្តន៍កន្លងមក។ ដោយឡែកសំណូមពរក្រៅពីនោះ នឹងយកទៅពិនិត្យ និងពិភាក្សាបន្ថែមទៀត។
លោកអភិបាលខេត្តរូបនេះបន្តថា “ឯកអគ្គរដ្ឋទូតក៏អញ្ជើញរូបខ្ញុំបាទ ចូលរួមក្នុងវេទិកាប្រជុំពិភាក្សាជាមួយក្រុមហ៊ុនធំៗចំនួន១៧ មកពីសហរដ្ឋអាមេរិក ដែលវិនិយោគលើវិស័យកសិកម្ម ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញនា ថ្ងៃទី៦ខែកុម្ភ:ឆ្នាំ២០២០ ខាងមុខនេះ”។
លោក W.Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជាបានឱ្យដឹងថាគោលបំណងនៃដំណើរទស្សនកិច្ច ក្នុងខេត្តកំពង់ធំ ផ្តោតសំខាន់ទៅលើកាពង្រឹងទំនាក់ទំនងចំណង មេត្រីភាព រវាងសហរដ្ឋអាមេរិក ជាមួយព្រះរាជាណាចក្រកម្ពុជា និងស្វែងយល់ពីសកម្មភាពនានា របស់អង្គការដៃគូ ដែលបានគាំទ្រជំនួយដោយសហរដ្ឋអាមេរិក។
លោកឯកអគ្គរដ្ឋទូត ថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្តកំពង់ធំ ដែលតែងតែបង្កលក្ខណៈ និងសហការល្អ ជាមួយអង្គការនានា ដែលបានធ្វើសកម្មភាព ក្នុងខេត្តកំពង់ធំ ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរនាពេលកន្លងមក ។
លោកឯកអគ្គរដ្ឋទូតបានសម្តែងការពេញចិត្ត និងបានធ្វើការកោតសរសើរដល់ដៃគូ អនុវត្តន៍គម្រោងនានា ដូចជា គម្រោងការការពារធនធានធម្មជាតិ ការផ្តល់អាហារូបត្ថម្ភតាមសាលារៀន ការអនុវត្តន៍សួនបន្លែកសិកម្ម…….ជាដើម៕







