សម្ដេចតេជោ ហ៊ុន សែនៈ សហគមន៍អន្តរជាតិគប្បីជួយកម្ពុជាឱ្យបានខ្លាំងរឹងមាំ ជាជាងបន្ទុចបង្អាក់ឱ្យចុះខ្សោយ

ចែករំលែក

ដោយៈ រ៉ាណេត

ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា សហគមន៍អន្តរជាតិគម្បីជួយជំរុញកម្ពុជាឱ្យបានខ្លាំងក្លា និងរឹងមាំ ជាជាងការបំបែកបំបាក់ បន្ទុចបង្អាក់ឱ្យចុះខ្សោ​យតាមវិធានការ ដែលវាអាចនឹងក្លាយទៅជាកំហុសលើកទី៣របស់ពួកគេ សម្រាប់ប្រទេ​សកម្ពុជា។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការ​ងា​រឆ្នាំ២០២០របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាន៍ថា នយោបាយដាក់ទណ្ឌកម្ម ជានយោបាយប្រទេសធំ សង្កត់ទៅលើប្រទេសតូចជាង មិនមែនជានយោបាយត្រឹមត្រូវទេ។ ជាពិសេសពួកគេអនុវត្តនយោបាយនេះ ក្នុងនាមគុណតម្លៃ និងគោលការណ៍ដែលគេប្រើ ឬមិនប្រើស្របតាមកាលៈទេសៈ និងផលប្រយោជន៍ណាដែលអំណោយផលឱ្យគេ។

សម្ដេចតេជោបានបញ្ជាក់ថា “សម្រាប់កម្ពុជាដែលជាប្រទេសធ្លាប់រងគ្រោះ ដោយ​សារភ្លើងសង្គ្រាមជិត៣០ឆ្នាំ ហើយបានស្រោចស្រង់មកដល់ស្ថានភាព ដូចពេលបច្ចុប្បន្ននេះ សហគមន៍អន្តរជាតិ គប្បីជួយឱ្យបានខ្លាំងឡើង ឯកភាពរឹងមាំឡើង ជាជាងបំបែកបំបាក់ បន្ទុចបង្អាក់ឱ្យចុះខ្សោយតាមវិធានការរបស់ពួកគេ”។

សម្តេចបន្ថែមថា គេគួរណាស់គោរពជម្រើសនយោបាយ សេដ្ឋកិច្ចនិងសង្គមរបស់យើង ពីព្រោះតាំងពីរំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍មកដល់ពេលនេះ ជម្រើ​សនោះ តែងតែឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ពិតប្រាកដរបស់ប្រទេសនិងប្រជាជន។ នោះគឺជាជម្រើសដែលបានស្តារជូនប្រជាជនកម្ពុជាវិញ នូវសិទ្ធិជាមូលដ្ឋានគ្រប់បែបយ៉ាង គឺសិទ្ធិទទួលអាហារ ការថែទាំសុខភាព ការរៀនសូត្រ ជម្រកផ្ទះសំបែង សិទ្ធិការងារ វប្បធម៌ និងសេរីភាព”។

ការលើកឡើងរបស់សម្ដេចតេជោ ខាងលើនេះ ស្របពេលដែលកម្ពុជាកំពុងប្រ​ឈ​មមុខ នឹងការដកប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប ក្រោមហេតុផលថាការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាមានឱនភាព ខណៈដែលការសម្រេចចុងក្រោយរបស់គណៈកម្មការអឺរ៉ុប នឹងប្រកាសនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០នេះ៕


ចែករំលែក