វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាចាក់ទឹកប្រាក់៧ពាន់លានដុល្លារក្នុងសេដ្ឋកិច្ចជាតិ

0

ដោយ ប៊ី

ភ្នំពេញៈ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (សមក) បានដាក់ចេញសម្ពោធគម្រោងបរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ ខណៈការផ្តល់ឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានកើនដល់ចំនួនប្រហែល៧ពាន់លានដុល្លារ។

គម្រោងបរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវនេះ ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបការព្រួយបារម្ភនានា និងរួមចំណែកក្នុងកំណើនសេដ្ឋកិច្ច តាមរយៈការធ្វើអោយប្រជាជនកម្ពុជា មានលទ្ធភាពទទួលបានសេវាកម្មហិរញ្ញវត្ថុ ផ្លូវការប្រកបដោយការទទួលខុសត្រូវ។

គម្រោង៣ឆ្នាំនេះ ទទួលបានវិភាគទានពីសមាជិករបស់ (សមក) នឹងរួមចំណែកដល់យុទ្ធសាស្ត្រជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩២០២៥ របស់ធនាគារជាតិនៃកម្ពុជា។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គឺជាស្ថាប័នតែមួយគត់ តំណាងអោយស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ ដែលបានចុះបញ្ជីស្របច្បាប់ នឹងអនុវត្តនៅគម្រោងតម្លៃជិត១លានដុល្លារ ដោយសហការយ៉ាងជិតស្និតជាមួយសមាជិករបស់ខ្លួន ព្រមទាំងដៃគូរសំខាន់ៗដូចជា ធនាគារជាតិនៃកម្ពុជា សមាគមធនាគារជាតិនៅកម្ពុជា ការិយាល័យឥណទានកម្ពុជា និងដៃគូអភិវឌ្ឍនានា។

គិតត្រឹមខែកញ្ញាឆ្នាំ២០១៩ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានផ្តល់ឥណទានចំនួនប្រហែល៧ពាន់លានដុល្លារ ដល់អតិថិជនប្រហែល២លាននាក់ ខណៈអ្នកសន្សំមានចំនួន ជិត៣លាននាក់។ ដោយមានទឹកប្រាក់ជិត៤ពាន់លានដុល្លារ នៅតាមការិយាល័យចំនួន១៤០០ ដែលមានបុគ្គលិកចំនួន៣៤០០០នាក់នៅទូទាំងប្រទេស។

វិស័យហិរញ្ញវត្ថុ មានការផ្លាស់ប្តូរគួរអោយកត់សម្គាល់ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ជាបឋមផលប័ត្រឥណទានបានកើនជាងមុន១៨ដង នៅពេលដែលចំនួនអតិថិជនកើនជាងមុខ២ដង។ ជាងនេះទៀតវិស័យនេះ ប្រែប្រួលខ្លាំងពីវិស័យអង្គកាអភិ  វឌ្ឍន៍ ទៅជាស្ថាប័នហិរញ្ញវត្ថុដែលគ្រប់គ្រងដោយម្ចាស់ទុនឯកជន។

វិស័យនេះបានការផ្តោតខ្លាំងទៅលើ សហគ្រាសធុនតូច និងមធ្យម ទន្ទឹមនឹង ធនាគារមួយចំនួនតូចក៏បានហក់ចូលក្នុងទីផ្សារនេះដែរ។ ការដាក់ពិដានអត្រាការប្រាក់របស់រដ្ឋនៅខែមេសា ឆ្នាំ២០១៧ បានធ្វើអោយចំនួនអតិថិជននៅតែថេរ តែទំហំឥណទានមធ្យមកាន់តែកើនឡើងគួរអោយកត់សំគាល់។ កំណើននេះ បានជម្រុញអោយមានការកោតសរសើរ ក៏ដូចជាក្តីបារម្ភថាអាចនឹងមានបញ្ហាប្រឈម ដូចជាបំណុលវ័ណ្ឌករ ដោយសារតែមានការប្រកួតប្រជែងខ្លាំងក្នុងវិស័យនេះ។

លោកគា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា គម្រោងបរិយាប័ន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ឆ្លើយតបបន្ថែមទៀតទៅនឹងការព្រួយបារម្ភនានា ព្រមទាំងចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ច ដែលធ្វើអោយប្រជាជនកម្ពុជា មានសិទ្ធិទទួលសេវាហិរញ្ញវត្ថុផ្លូវការបន្ថែម ក្នុងពេលដែល សមក បាននិងកំពុងធ្វើការងារនេះ ជាមួយសមាជិករបស់ខ្លួនផងដែរ ចាប់តាំងពីឆ្នាំ២០១៧

គេរំពឹងថាគម្រោងនេះ នឹងចូលរួមចំណែកយ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិ ទី១.ជួយលើកម្ពស់បរិយាបន្នមីក្រូហិរញ្ញវត្ថុ ដោយប្រើប្រាស់ស្ដង់អន្តរជាតិប្រកប ដោយក្រមសីលធម៌ មានដូចជាគោលការណ៍ការពារអតិថិជន ឥណទានភ្ជាប់ជាមួយកិច្ចការសង្គម គោលការណ៍ផ្តល់ប្រាក់កម្ចី ព្រមទាំងយន្តការណ៍ដោះស្រាយណ្តឹងអតិថិជន។

ទី២ លើកកម្ពស់វិស័យអប់រំហិរញ្ញវត្ថុ ដល់អតិថិជន និងសាធារណជន ដោយសហការជាមួយធនាគារជាតិនៃកម្ពុជា និងដៃគូរផ្សេងៗ ទី៣ លើកកម្ពស់ដល់ការយល់ដឹងពីតួនាទីមីក្រូហិរញ្ញវត្ថុក្នុងការកាត់បន្ថយភាពក្រីក្រ និងជួយកំណើនសេដ្ឋកិច្ចតាមទីជនបទ ក៏ដូចជា ទី៤ ស្រាវជ្រាវនិងអភិវឌ្ឍបន្ថែមវិស័យមីក្រូហិរញ្ញវត្ថុ។

សមាគមមីក្រូហិរញ្ញវត្ថុ គឺជាសមាគមវិជ្ជាជីវៈដែលជួយធ្វើឲ្យមានវិបុលភាព និងនិរន្តរភាពវិស័យមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ដោយជម្រុញអោយមានកំណើនសេដ្ឋកិច្ចព្រមទាំងការអភិវឌ្ឍ។ (សមក) មានសមាជិកចំនួន១០១ស្ថាប័ន សុទ្ធសឹងជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានឥណទានជនបទ ព្រមទាំងក្រុមហ៊ុនភតិសន្យា (បង់រំលួស)

LEAVE A REPLY

Please enter your comment!
Please enter your name here