រដ្ឋបាលរាជធានីភ្នំពេញឱ្យប្រជាពលរដ្ឋបង់ប្រាក់ថ្លៃប្រមូលសំរាមចាប់ពីដើមខែកុម្ភៈនេះ

ចែករំលែក

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសបើកទទួលយកថ្លៃប្រមូលសំរាមពីប្រជាពលរដ្ឋ នៅថ្ងៃទី១ ខែកុម្ភៈនេះតទៅ តាមរយៈប្រព័ន្ធទូរទាត់អេឡិចត្រូនិច ដើម្បីបង្កលក្ខណៈងាយ ស្រួលដល់ប្រជាពលរដ្ឋដែលចំណេញពេលវេលា និងកាត់បន្ថយការចំណា​យផងដែរ។


លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅសាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី១ ខែកុម្ភៈនេះថា ប្រជាពលរដ្ឋអាចបង់ថ្លៃសេវាសំរាមសម្រាប់ខែមករា តាមរយៈធានាគារអេស៊ីលីដា ធនាគារឯកទេសវីង emoney  លីហួរវេលុយ pipay  tru money ដោយក្នុងមួយប្រត្តិបត្តិការ ចំណាយថ្លៃសេវាចាប់ពី៥០០រៀលទៅ៨០០រៀលតែប៉ុណ្ណោះ ទៅតាមទំហំទឹកប្រាក់នៃការបង់ ប៉ុន្តែប្រជាពលរដ្ឋក៏អាចបង់ជាឆ្នាំក៏បាន ដោយមានភាពចំណេញច្រើនគឺអស់ថ្លៃសេវាតែម្តងប៉ុណ្ណោះ។ 

លោកអភិបាលរងបានបញ្ជាក់ថា “ប្រជាពលរដ្ឋដែលត្រូវបង់ថ្លៃ សេវាប្រមូលសំរា​មនៅក្នុងខែមករានេះ គឺគ្មានការប្រែប្រួលទេ គឺអនុវត្តន៍តាមតារាងតម្លៃកាលពីខែតុលា ឆ្នាំ២០១៩កន្លងទៅជាគោល”។

លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ដែរថា  ប្រព័ន្ធបង់ប្រាក់សេវា ប្រមូលសំរាមនេះចាប់បើកពីថ្ងៃទី១ដល់ថ្ងៃទី១៥ ខែកុម្ភៈ  ដូច្នេះប្រជាពលរដ្ឋដែលខកខានបង់ គឺចាត់ចូលជាបំណុលដែលត្រូវបង់នៅខែបន្ទាប់។ សូមបញ្ជាក់ថា ការអនុវត្តន៍ប្រព័ន្ធបង់ប្រាក់ថ្មីតាមរយៈអេឡិចត្រូនិចនេះ បានធ្វើឡើងបន្ទាប់ពី រដ្ឋបាលរាជធានីភ្នំពេ​ញបានទទួលសិទ្ធិ ក្នុងការធ្វើប្រតិបត្តិការធ្វើអាជីវកម្មអន្តរកាល នៃការប្រមូលសំរាមនៅរាជធានីភ្នំពេញ ដោយរង់ចាំការដេញថ្លៃរបស់ក្រុមហ៊ុនប្រមូលសំរាមថ្មី។


អនុលោមតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានបង្កើត “ដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ” ដែលមានភារកិច្ចទទួលបន្ទុក លើការគ្រប់គ្រងការផ្តល់សេវាប្រមូលសំរាម និងសំណល់រឹង ការអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាម និងសំណល់រឹងថ្មី និងការប្រមូលចំណូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ដោយមិនដាក់ក្នុងវិក្កយ​បត្រអគ្គិសនីទៀតទេ។

ក្នុងអំឡុងពេលអន្តរកាល គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ រហូតដល់ពេលបង្កើតបាន និងដាក់ឱ្យដំណើរការពេញលេញនូវប្រព័ន្ធគ្រប់គ្រងសំរាម និងសំណល់រឹងថ្មីក្នុងពេលឆាប់ៗខាងមុខ រាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនស៊ីនទ្រី មានសិទ្ធិបន្តប្រតិបត្តិការសម្អាត ប្រមូល និងដឹកជញ្ជូន សំរាម និងសំណល់រឹងជាបណ្តោះអាសន្នសិន ប៉ុន្តែមិនមានសិទ្ធិក្នុងការប្រមូលថ្លៃសេវា សម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹងតទៅទៀតទេ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានរក្សាស្ថានភាពចំពោះតម្លៃសេវាបច្ចុប្ប​ន្នជាបណ្តោះអាសន្នសិន និងឱ្យប្រជាពលរដ្ឋប្រើប្រាស់អត្រាតម្លៃសេវាប្រមូលសំរាម និងសំណល់រឹងដែលបានបង់រួចហើយកាលពីខែតុលា ឆ្នាំ២០១៩ ជាមូលដ្ឋាន ដើម្បីបន្តបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ក្នុងអំឡុងពេលអន្តរកាលនេះ៕


ចែករំលែក