ដោយ ប៊ី
ភ្នំពេញៈ អង្គរអាយ(Angkor Eyes) ជាកន្រ្តកវិលដ៏ធំជាងគេ នៅក្នុងប្រទេសកម្ពុជា និងខ្ពស់បំផុតលំដាប់ទី៣ នៅតំបន់អាស៊ី នឹងចាប់បើកដំណើរការជាផ្លូវការនាថ្ងៃទី១ ខែមិនា ឆ្នាំ២០២០ ខាងមុខនេះ។
គម្រោងវិនិយោគនេះ នឹងចំណាយទឹកប្រាក់ប្រមាណ៧លានដុល្លារអាមេរិក ក្រោមការទទួលឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា ដោយក្រុមហ៊ុន Angkor Eye Co.,Ltd. ដែលជាក្រុមហ៊ុនវិនិយោគក្នុងស្រុក។ គម្រោងនេះ មានទីតាំងនៅខាងកើតមជញ្ឈមណ្ឌលភូមិវប្បធម៌ នៃក្រុងសៀមរាប។
លោកម៉េង ហៀង អគ្គនាយកក្រុមហ៊ុន Angkor Eye Co.,Ltd. បានបញ្ជាក់ថា ក្រសួ ងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឱ្យមានកិច្ចសហការ ជាមួយក្រុមហ៊ុនវិនិយោគជប៉ុន(CQ Amenic Co.)ផងដែរ។
លោកបានឲ្យដឹងថា “កងបង្វិល/កន្ត្រកវិលនេះ មានកម្ពស់៨៥ម៉ែត្រ មានកន្ត្រកសណ្តោងចំនួន៤៨កន្ត្រក”។ លោកបន្តថា “នៅក្នុងកន្ត្រកសណ្តោងទាំងនោះ មានបំពាក់ដោយម៉ាស៊ីនត្រជាក់ អាចផ្ទុកភ្ញៀវទេសចរឲ្យជិះបានសរុប១៩២នាក់”។
ការធ្វើដំណើរលើកន្ត្រកវិលមួយជុំ មានរយៈពេល១៨នាទី និងអាចមើលឃើញទេសភាពជុំវិញក្រុងសៀមរាប តំបន់បឹងទន្លេសាប និងទេសភាពរមណីយដ្ឋានអង្គរពីលើអាកាសផងដែរ។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងក្នុងពិធីនោះថា នៅពេលដែលគម្រោងសាងសង់នេះត្រូវបានបញ្ចប់ កន្ត្រកវិល Angkor Eye នឹងក្លាយជានិមិត្តរូបមួយ ក្នុងខេត្តសៀមរាប និងជាកន្លែងដ៏ទាក់ទាញ បំផុតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចង់ទស្សនាក្រុងសៀមរាប និងតំបន់ប្រាសាទអង្គរវត្តពីលើអាកាស។
លោកថា “គម្រោងនេះជាបទពិសោធន៍ដ៏ល្អមួយ នៃការវិនិយោគ និងសហការធ្វើអាជីវកម្ម របស់ជប៉ុននៅកម្ពុជា”។ លោកបន្តថា “អាជ្ញាធរខេត្តសុំឲ្យមានការបន្តចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការបណ្តុះបណ្តាល កសាងសមត្ថភាពធនធានមនុស្ស ពាក់ព័ន្ធទៅនឹងអាជីវកម្មកំសាន្តនៅកម្ពុជា ដែលវិស័យទេសចរណ៍ មិនមែនគ្រាន់តែជាការធ្វើអាជីវកម្មប៉ុណ្ណោះទេ គឺជាឧស្សហកម្មគ្មានផ្សែងដ៏សំខាន់មួយ”។
លោក Takeyoshi Shinomiya ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Angkor Eye Co.,Ltd. បានឱ្យដឹងថា គ្រោងសំណង់កន្ត្រកវិលដ៏ធំនេះ មានទម្ងន់សរុបប្រមាណជា៧០០តោន ក្នុងនេះដុំអក្សវិលនៅចំកណ្តាលមានទម្ងន់៦១តោន។ ក្រុមវិស្វករជប៉ុនកំពុងដំឡើងតាមស្តង់ដារបច្ចេកទេស និងដើម្បីធានាសុវត្ថិភាពខ្ពស់។
លោកបានបន្ដថា “កន្រ្តកវិលនេះ មានលក្ខណៈពិសេសប្លែក ដែលត្រូវបានផលិត និងបង្កើតឡើង ជាមួយរូបសណ្ឋានមានលក្ខណៈលម្អិតដ៏កម្រ ក្នុងចំណោមកន្ត្រកវិលទាំង១៤០ ក្នុងប្រទេសជប៉ុន”។ លោកបន្តថា “កន្ត្រកវិលនេះ ត្រូវបានផលិតឡើង ដោយធន់ជាមួយនឹងគ្រប់លក្ខខណ្ឌធម្មជាតិ ដូចជា កម្លាំងខ្យល់ ភ្លៀងខ្លាំង និងស្ថានភាពដ៏លំបាក ពាក់ព័ន្ធទៅនឹងតំបន់ប្រឈមការរញ្ជួយផែនដីជាដើម”៕