មន្ត្រីជំនាញចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ២ មុនពិធីបើកការដ្ឋានស្ថាបនាឡើងវិញនៅសប្ដាហ៍ក្រោយ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ អនុវត្តទៅតាមផែនការដែលបានគ្រោងទុក កម្លាំងមន្ត្រីជំនាញបានធ្វើចុះត្រួតពិនិត្យពីស្ថានភាព និងទីតាំងសម្រាប់រៀបចំពិធីបើកសម្ពោធការដ្ឋានស្ថាបនាផ្លូវជាតិលេខ២ និងផ្លូវលេខ២២ ក្រោមធអិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅត្រឹមព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ ។

កាលពីចុងសប្ដាហ៍កន្លងទៅនេះ តាមរយៈនាយកដ្ឋានផ្លូវថ្នល់បានឱ្យដឹងថា កម្លាំងមន្ត្រីជំនាញបានចុះធ្វើការត្រួតពិនិត្យទីតាំងមួយចំនួនដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ដើម្បីសម្រេចជ្រើសទីតាំងសម្រាប់រៀបចំពិធីបើកសម្ពោធការដ្ឋានស្ថាបនាផ្លូវជាតិលេខ២ និងលេខ២២ ឱ្យមានភាពល្អប្រសើរឡើងវិញ។

កំណាត់ផ្លូវជាតិលេខ ២ ដែលស្ថិតនៅក្នុងគម្រោងសាងសង់ និងស្ថាបនាឡើងវិញនេះមានប្រវែងសរុបចំនួន ៦២,៥៦គីឡូម៉ែត្រ ដោយគិតចាប់ពីរង្វង់មូលតាខ្មៅ-អូរចំបក់ ដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ និងផ្លូវជាតិលេខ ២២ មានប្រវែងសរុបចំនួន ៩,៦១ គីឡូម៉ែត្រ ចាប់គិតពីរង្វង់មូលក្រុងដូនកែវ ដល់អង្គតាសោម ផ្លូវជាតិលេខ ៣ ក្រោមក្របខណ្ឌឥណទានពីសាធារណរដ្ឋកូរ៉េ ក្នុងទំហំថវិកាប្រមាណ៤៥ លានដុល្លារអាមេរិក ដោយប្រគល់សិទ្ធិឱ្យក្រុមហ៊ុន Hanshin Engineering & Construction Co., Ltd ជាអ្នកសាងសង់។

សម្រាប់ការសាងសង់ចាប់ពីរង្វង់មូលតាខ្មៅ រហូតដល់រង្វង់មូលអូរចំបក់ដែលមានប្រវែង ៥៧គីឡូម៉ែត្រ និង៩គីឡូម៉ែត្រ នៅលើផ្លូវជាតិលេខ២២គ្រោងក្រាលកៅស៊ូ AC សង់ស្ពានថ្មី និងពង្រីកទទឹងផ្លូវឲ្យបាន ១៣ម៉ែត្រ តាមទំហំចរាចរណ៍ និងតាមដំណាក់កាល។ ដោយឡែកចាប់ពីរង្វង់មូលគួរស្រូវ ទៅទិសខាងត្បូងប្រវែង ៨គីឡូម៉ែត្រ គ្រោងនឹងសាងសង់ជា ៤គន្លង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here