ដោយវុត្ថា
ភ្នំពេញ៖ លោក Zhang Yong ដែលមានដើមកំណើនមកប្រទេសចិន បានក្លាយជាអ្នកមានលុយច្រើនជាងគេបំផុត នៅក្នុងប្រទេសសិង្ហបុរី ដោយមានលុយជិត ១៦ ពាន់លានដុល្លារអាមេរិក។

លោក Zhang Yong កើតឆ្នាំ ១៩៦៩ នៅក្នុងទីក្រុង Sichuan នៃប្រទេសចិន ។ លោកជាស្ថាបនិកក្រុមហ៊ុន Haidilao International Holding Ltd ដែលបំរើសេវាភោជនីយដ្ឋានដ៏ល្បីល្បាញ Hai Dilao និងទទួលបានការគាំទ្រយ៉ាងច្រើន។
នៅចុងឆ្នាំ ២០១៨ ភោជនីយដ្ឋាន Hai Dilao Hot Pot មានចំនួន ៤៦៦ កន្លែងដែលកំពុងប្រតិបត្តិការនៅក្នុងទីក្រុងជាង ១០០នៅទូទាំងពិភពលោក ។
ក្រៅពី ភោជនីយដ្ឋាន Hai Dilao Hot Pot ដែលបានក្លាយជាភោជនីយដ្ឋាន hotpot ធំជាងគេ និងល្បីល្បាញ លោក ក៏បានបើកភោជនីយដ្ឋានទី ២ គឺLou Wai Lou នៅឆ្នាំ ១៩៩៨។ លុះដល់ឆ្នាំ ២០១០ លោក បានបើកសាលាបណ្តុះបណ្តាលលើការគ្រប់គ្រងភោជនីយដ្ឋាន។ នៅឆ្នាំ ២០១៣ មហាសេដ្ឋីរូបនេះ បានបើកភោជនីយដ្ឋាន Hai Dilao Hot Pot ជាលើកដំបូងនៅសហរដ្ឋអាមេរិកក្នុងរដ្ឋ Los Angeles។
ទស្សនាវដ្តី Forbes បានចុះផ្សាយថា គិតត្រឹមខែកញ្ញាឆ្នាំ ២០១៩ លោក Zhang Yong មាន ទ្រព្យសម្បត្តិចំនួន ១៥,១ ពាន់លានដុល្លារដែលធ្វើឱ្យលោកក្លាយជាអ្នកមានជាងគេបំផុតនៅក្នុងប្រទេសសិង្ហបុរី។ ជាមួយគ្នានេះ លោកក៏បានជាប់ចំណាត់ថ្នាក់លេខ ២២៤ ក្នុងបញ្ជីមហាសេដ្ឋីពិភពលោកឆ្នាំ ២០១៩ របស់ Forbes ផងដែរ។
លោកបានរៀបការជាមួយលោកស្រី Shu Ping ដែលជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Sichuan Haidilao Catering ហើយបានប្តូរមករស់នៅក្នុងប្រទេសសឹង្ហបូរីនៅក្នុងឆ្នាំ ២០១០ ជាមួយនឹងភោជនីយដ្ឋានដ៏ល្បីល្បាញរបស់អ្នកទាំងពីរ។ មកដល់ពេលនេះ អ្នកទាំងពីរក៏ទទួលបានសញ្ជាតិសិង្ហបុរី ហើយក៏បង្កើតបកូនប្រុសមួយ៕







