ដោយ Donald Lee
ភ្នំពេញ៖ ទីក្រុងប៉េកាំងបានឱ្យដឹងថា ខ្លួននឹងមិនអនុញ្ញាតឱ្យអាមេរិកប្រើការផ្ទុះឡើងនៃមេរោគឆ្លងកូរ៉ូណាវីរុសដែលកំពុងតែបំផ្លាញសេដ្ឋកិច្ចចិន ក្នុងកិច្ចចរចាពាណិជ្ជកម្មដែលគ្រោងនឹងធ្វើនៅចុងឆ្នាំនេះទេ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានចេញផ្សាយរបាយការណ៍ដែលបញ្ជាក់ថា អាមេរិកកំពុងគណនាវិធីដើម្បីប្រើប្រាស់ការរីករាលដាលនៃវីរុសថ្មីនេះដើម្បីផលប្រយោជន៍របស់ពួកគេ បន្ទាប់ពីសង្គ្រាមពាណិជ្ជកម្មជិតពីរឆ្នាំ នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ត្រូវបានបញ្ចប់កាលពីខែមុន។
របាយការណ៍ដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានឱ្យដឹងថា “ការធ្វើឡើងបែបនេះគឺខុសទៅលើកម្រិតជាច្រើន រាប់បញ្ចូលទាំងកម្រិតសីលធម៌ផងដែរ។ សំខាន់ផងដែរគឺថាប្រសិន បើមន្រ្តីអាមេរិកកំពុងពឹងផ្អែកលើការរីករាលដាលដើម្បីទទួលបានអានុភាពកាន់តែច្រើន សម្រាប់ការចរចាពាណិជ្ជកម្មដំណាក់កាលទី ២ ពួកគេនឹងច្រឡំយ៉ាងខ្លាំង”។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិកលោក Wilbur Ross បាននិយាយកាលពីសប្តាហ៍មុនថា សេដ្ឋកិច្ចអាមេរិកនឹងទទួលបានអត្ថប្រយោជន៍ពីការផ្ទុះឡើងនៃវីរុសថ្មីនេះ ដោយសារតែក្រុមហ៊ុនអាមេរិកនឹងនាំផលិតកម្មត្រឡប់មកវិញពីចិនដីគោក ដោយសារតែការផ្អាកសកម្មភាព។
លោក Ross បាននិយាយនៅក្នុងបទសម្ភាសន៍នៅលើទូរទស្សន៍អាមេរិកកាលពីថ្ងៃ ព្រហស្បតិ៍ ថា “ខ្ញុំមិនចង់និយាយអំពីជ័យជម្នះលើជំងឺអកុសល និងសាហាវទេ។ ប៉ុន្តែការពិតគឺថា វាពិតជាផ្តល់ឱ្យក្រុមហ៊ុននូវរឿងមួយទៀតដែលត្រូវពិចារណា នៅពេលពួកគេឆ្លងកាត់ការពិនិត្យមើលខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ”។
លោក បានបន្តថា “ខ្ញុំគិតថា វានឹងជួយពន្លឿនការវិលត្រឡប់មករកការងារនៅអាមេរិកខាងជើងវិញ”។
រដ្ឋាភិបាលអាមេរិកបានចេញសេចក្តីណែនាំ “កុំធ្វើដំណើរទៅប្រទេសចិន” នៅថ្ងៃ សុក្រ ដោយបង្កើនការព្រមានពីកម្រិត ៣ ដល់កម្រិត ៤។
រដ្ឋាភិបាលអាមេរិក បានឱ្យដឹងថា “កុំធ្វើដំណើរទៅប្រទេសចិន ដោយសារកូរ៉ូណាវីរុសថ្មីដែលត្រូវបានរកឃើញដំបូងនៅក្នុងទីក្រុងវូហាន ប្រទេសចិន”។
ទីក្រុងប៉េកាំងរំពឹងថា វីរុសរាតត្បាតនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចចិន ខណៈភាគហ៊ុនរបស់ចិនបានធ្លាក់ចុះ ៩ ភាគរយ នៅពេលការជួញដូរបានចាប់ផ្តើម បន្ទាប់ពីការឈប់សម្រាកបុណ្យចូលឆ្នាំថ្មីនៅថ្ងៃនេះ។

ធនាគារកណ្តាលចិន បានឱ្យដឹងកាលពីថ្ងៃ អាទិត្យ ថា ខ្លួនបានបញ្ចូលទឹកប្រាក់ចំនួន ១៧៣ ពាន់លានដុល្លារទៅក្នុងសេដ្ឋកិច្ចដើម្បីធ្វើឱ្យប្រាកដថា មានសាច់ប្រាក់ងាយស្រួលនៅក្នុងស្ថាប័នហិរញ្ញវត្ថុ។
ទីក្រុងប៉េកាំងរំពឹងថា កូរ៉ូណាវីរុសនឹងធ្វើឱ្យថយចុះកំណើនសេដ្ឋកិច្ចខ្លូន ២ ភាគរយនៅក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២០ ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យសេដ្ឋកិច្ចដែលងាយរងគ្រោះមួយកំណត់ពួកគេដើម្បីប្រយុទ្ធប្រឆាំងនឹងសម្ពាធរបស់អាមេរិកលើពាណិជ្ជកម្មនោះទេ។
ការអត្ថាធិប្បាយមួយពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានឱ្យដឹងថា “ប្រទេសចិននឹងមិនឱ្យបញ្ហាស្នូលនៃផលប្រយោជន៍ជាតិនៅក្នុងកិច្ចពិភាក្សាពាណិជ្ជកម្មនោះទេ ជាពិសេសនៅក្នុងពេលវេលាដ៏លំបាកនេះ”។
ការអត្ថាធិប្បាយនេះ បានបន្ថែមទៀតថា “អ្វីដែលសំខាន់ក្នុងការកត់សម្គាល់នោះគឺថា ប្រទេសចិនឥឡូវនេះទំនងជាមិនប្រញាប់ប្រញាល់ចូលក្នុងកិច្ចពិភាក្សាដំណាក់កាលទី ២ ទេ ពីព្រោះប្រទេសនេះបានបង្វែរការផ្តោតអារម្មណ៍ទាំងស្រុងទៅលើការផ្ទុះឡើង និងផលប៉ះពាល់របស់វីរុសមកលើសេដ្ឋកិច្ចក្នុងស្រុក”៕






