ក្រុមហ៊ុនធំៗមកពីសហរដ្ឋអាមេរិកជាច្រើននឹងមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា

0

ដោយ ប៊ី

ភ្នំពេញៈ ស្ថានទូសហរដ្ឋអាមេរិកនៅប្រចាំកម្ពុជាបានឱ្យដឹងថា តំណាងក្រុមហ៊ុនចំនួន១៦មកពីសហរដ្ឋអាមេរិក នឹងធ្វើទស្សនកិច្ចនៅកម្ពុជានៅសប្តាហ៍នេះ ដើម្បីស្វែងយល់ឱកាស និងនិន្នាការចុងក្រោយបំផុតនៅក្នុងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា។


ក្រុមហ៊ុនទាំងនោះជាក្រុមហ៊ុនខ្នាតធំ និងល្បីឈ្មោះរួមមានក្រុមហ៊ុន Amazon ក្រុមហ៊ុន John Deer ក្រុមហ៊ុន IBM ក្រុមហ៊ុន Walmart ក្រុមហ៊ុន US Grains Council និងក្រុមហ៊ុនវិស្វកម្ម Sripipat ក្រុមហ៊ុនទាំងនេះគ្រោងនឹងមកដល់ដើមខែនេះ។

ប្រតិភូនឹងចូលរួមក្នុងព្រឹត្តិការណ៍រយៈពេល២ថ្ងៃ ដែលគ្រោងនឹងរៀបចំឡើងនៅរាជធានីភ្នំពេញនៅថ្ងៃទី៦ និងទី៧ ខែកុម្ភៈ ក្រោមប្រធានបទ ឱកាសធុរកិច្ចក្នុងវិស័យកសិកម្មនៅកម្ពុជា ដែលក្រុមហ៊ុននឹងមានឱកាសរៀនអំពីបច្ចេកវិទ្យា ជីវសាស្ត្រ និងសុវត្ថិភាពចំណីអាហារនៅក្នុងវិស័យកសិកម្ម។

ក្នុងកិច្ចប្រជុំមួយ ដែលបានធ្វើឡើងកាលពីខែ វិច្ឆិកា ជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក Patrick Murphy រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ានសូរស័ក្តិបានស្នើឱ្យសហរដ្ឋអាមេរិកបង្កើនការវិនិយោគនៅកម្ពុជា។

លោករដ្ឋមន្រ្តីបានស្នើថា ក្រុមហ៊ុនអាមេរិកអាចវិនិយោគលើវិស័យកសិកម្ម កែច្នៃត្បូង ផលិតកម្មធុនស្រាល និងអេឡិចត្រូនិច។

ទិន្នន័យពីរដ្ឋាភិបាលសហរដ្ឋអាមេរិកបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកបានកើនឡើង ដល់ជាង៥,៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩ កើនឡើងជិត៤០ភាគរយបើធៀបនឹងឆ្នាំមុន៕


LEAVE A REPLY

Please enter your comment!
Please enter your name here