ស្ថាប័នអន្តរជាតិធំៗពីរវិនិយោគទឹកប្រាក់ ១២៥ លានដុល្លារដើម្បីលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា

0

ដោយ ប៊ី

ភ្នំពេញ៖ មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) រួមជាមួយរដ្ឋាភិបាលកម្ពុជា និងធនាគារវិនិយោគអឺរ៉ុប (EIB) កំពុងដាក់ចេញនូវគម្រោងអភិវឌ្ឍន៍ជនបទដែលមានតម្លៃ ១២៥ លានដុល្លារកាលពីម្សិលមិញនេះ ដែលមានគោលបំណងជួយបង្កើនប្រាក់ចំណូល និងសន្តិសុខស្បៀងសម្រាប់គ្រួសារចំនួន ២០០,០០០ ក្នុងប្រទេសកម្ពុជា។

នៅប្រទេសកម្ពុជា ២/៣ នៃគ្រួសារនៅតាមជនបទប្រឈមនឹងកង្វះស្បៀងអាហាររាល់រដូវ។ កសិករជាញឹកញាប់ខ្វះខាតការចូលទៅកាន់ទីផ្សារថ្មី ការបណ្តុះបណ្តាល និងបច្ចេកវិទ្យា ហើយហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទជាមិនសូវជាមានស្ថានភាពល្អទេ។ នេះទុកឱ្យសហគមន៍ជនបទ ជាពិសេសយុវជនត្រូវបានកាត់ផ្តាច់ពីឱកាសអាជីវកម្ម និងឱកាសការងារ។

គោលបំណងនៃគម្រោងទ្រទ្រង់កសិកម្មប្រកបដោយនិរន្តរភាព សម្រាប់ទីផ្សាកសិកម្ម អាជីវកម្ម និងពាណិជ្ជកម្ម (SAAMBAT) គឺដើម្បីកែលំអជីវភាពរស់នៅ ដោយភ្ជាប់សហគមន៍ជនបទឱ្យបានប្រសើរទៅនឹងទីផ្សារ ការបណ្តុះបណ្តាល បច្ចេកទេស និងឱកាសការងារ។

លោក Kaushik Barua នាយកប្រចាំប្រទេសរបស់ IFAD បានមានប្រសាសន៍ថា “ជាមួយនឹងគម្រោងនេះ យើងកំពុងផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទប្រកបដោយនិរន្តរភាព និងរាប់បញ្ចូលទាំងផ្លូវថ្នល់ និងទីផ្សារ កសាងសមត្ថភាពជនបទ និងការតភ្ជាប់សហគមន៍ជនបទ ជាពិសេសយុវជន ទៅនឹងជំនាញ និងបច្ចេកវិទ្យាដែលពាក់ព័ន្ធ”។

លោក បានបន្ថែមថា “យើងសូមថ្លែងអំណរគុណចំពោះដៃគូជាតិរបស់យើង រួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ និងសហគមន៍ជនបទ និងយុវជនដែលបានផ្តល់គំនិត និងយោបល់ត្រឡប់មកយើងនៅពេលយើងកំពុងអភិវឌ្ឍគម្រោង។ ហើយជាការពិត ធនាគារវិនិយោគអឺរ៉ុបសម្រាប់ការវិនិយោគក្នុងភាពជាដៃគូនេះជាមួយ IFAD”។

គម្រោង SAAMBAT មានគោលបំណងផ្តល់ការងារដល់យុវជននៅតាមជនបទយ៉ាងតិច ៤,៥០០ នាក់ អភិវឌ្ឍអាជីវកម្មខ្នាតតូចនិងមធ្យមចំនួន ៥០០ និងបណ្តុះបណ្តាលដល់អ្នកពាកព័ន្ធខ្សែសង្វាក់តម្លៃជនបទចំនួន ២៥,០០០ នាក់ ដើម្បីប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ ផ្លូវជនបទប្រហែល ៦៥០ គីឡូម៉ែត្រ និងកន្លែងទីផ្សារ ៧៥ ក៏នឹងត្រូវសាងសង់ ឬជួសជុលឡើងវិញដែរ។

គម្រោងនេះត្រូវបានផ្តល់ហិរញ្ញប្បទានដោយប្រាក់កម្ចីចំនួន ៥៣,៣ លានដុល្លារ និងជំនួយឥតសំណងចំនួន ១,២ លានដុល្លារពី IFAD ប្រាក់កម្ចី ៥៧,៦ លានដុល្លារពីធនាគារវិនិយោគអឺរ៉ុប និង១២,៤១ លានដុល្លារជាវិភាគទានពីប្រទេសកម្ពុជា។

លោក Andrew McDowell អនុប្រធានធនាគារវិនិយោគអឺរ៉ុប (EIB) បានថ្លែងថា “ក្នុងនាមជាធនាគាររបស់សហគមន៍អឺរ៉ុប EIB រីករាយណាស់ក្នុងការគាំទ្រគម្រោង SAAMBAT និងចូលរួមវិភាគទានដោយផ្ទាល់ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជានៅតាមទីជនបទ។ ភាពជាដៃគូជាមួយរដ្ឋាភិបាលកម្ពុជា និង IFAD គឺជាឧទាហរណ៍ដ៏ប្រសើរមួយ ពីរបៀបដែលកិច្ចសហការអន្តរជាតិអាចផ្តល់ការផ្លាស់ប្តូរវិជ្ជមាន និងជាក់ស្តែងដល់សហគមន៍ជនបទ”។

លោកបានបន្ថែមថា “សកម្មភាពជាច្រើននៅក្រោមគម្រោង SAAMBAT នឹងបង្កើតការងារនិងធ្វើឱ្យសហគមន៍កាន់តែមានភាពធន់ កាត់បន្ថយភាពក្រីក្រ និងការពារសហគមន៍ជនបទពីការផ្លាស់ប្តូរសង្គម និងសេដ្ឋកិច្ចអវិជ្ជមាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here