រដ្ឋាភិបាលវិនិយោគ១២៤លានដុល្លារបង្កើតហេដ្ឋារចនាសម្ព័ន្ឋដើម្បីលើកកំពស់
ជីវភាពជនបទ

0

ដោយៈ រ៉ាណេត

ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងគាំទ្រនិរន្តរភាព ហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម ហៅកាត់ថា សម្បត្តិ (SAAMBAT) ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ដែលមានទំហំទឹកប្រាក់សរុប១២៤លានដុល្លារ។


ការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោង គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម នេះ ត្រូវបានធ្វើឡើងនៅសណ្ឋាគារភ្នំពេញ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ ក្រោមវត្តមានរបស់លោក សួស គង់ រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ

លោក សួស គង់ បានលើកឡើងថា ទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម ហៅកាត់ថា សម្បត្តិ (SAAMBAT) នេះ ធ្វើឡើងក្រោមហិរញ្ញប្បទានសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា មូលនិធិអន្តរជាតិអភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) ធនាគារវិនិយោគអឺរ៉ុប (EIB) និង សហគមន៍អឺរ៉ុប (EU) សរុបចំនួនជាង១២៤លានដុល្លារ ដែលចាប់ផ្ដើមអនុវត្តក្នុងរយៈពេល៦ឆ្នាំ ចាប់ពី២០១៩ ដល់២០២៥។

លោកបានបញ្ជាក់ថា ខេត្តគោលដៅទាំង១២ ដែលត្រូវអនុវត្តរួមមាន ខេត្តកណ្តាល ស្វាយរៀង កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង តាកែវ និងខេត្តកំពត នឹងទទួលបានការកែលម្អផ្លូវជនបទ ប្រវែងសរុប៤៥០គីឡូម៉ែត្រ ផ្សារជនបទ៥០កន្លែង និងហេដ្ឋារចនាសម្ព័ន្ធសម្រួល ដល់ច្រវាក់ផលិតកម្ម កសិកម្មផ្សេងៗទៀតពីគម្រោងនេះ។

គម្រោង SAAMBATនេះ ជាគម្រោងថ្មីមួយ ដែលទទួលការគាំទ្រហិរញ្ញវត្ថុពហុភាគី រួមមាន បដិភាគពីរដ្ឋាភិបាលកម្ពុជា មូលនិធិអន្តរជាតិអភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) ធនាគារវិនិយោគអឺរ៉ុប (EIB) និងសហគមន៍អឺរ៉ុប ដែលត្រូវបានរៀបចំឡើង ក្រោមកម្មវិធីសហប្រតិបត្តិការបំពេញបន្ថែម ទៅលើគម្រោងកំពុងដំណើរការ ក្រោមហិរញ្ញប្បទានរបស់ IFAD ដូចជាគម្រោង ASPIRE អនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គម្រោង AIMS ដែលអនុវត្តដោយក្រសួងពាណិកម្ម ដើម្បីបង្កើតឲ្យមានការគាំទ្ររួមគ្នា ដល់ការអភិវឌ្ឍកសិកម្មខ្នាតតូច នៅកម្ពុជា។


លោក សួស គង់ បានមានប្រសាសន៍សង្កត់ធ្ងន់ថា គម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម

សមាសភាគសំខាន់ៗដែលត្រូវធ្វើ រួមមានទី១   អនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ផ្នែកហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រច្រវាក់ផលិតកម្ម ដែលគ្រោងនឹងកែលម្អផ្លូវជនបទប្រវែង ៤៥០គីឡូម៉ែត្រ ផ្សារជនបទចំនួន៥០ និងហេដ្ឋារចនាសម្ព័ន្ធ សម្រួលដល់ច្រវាក់ផលិតកម្មកសិកម្មផ្សេងៗទៀត នៅក្នុងខេត្តគោលដៅ។ ទី២អនុវត្តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្នែក ជំនាញបច្ចេកវិទ្យា និងសហគ្រិនភាពដែលគ្រោងបណ្តុះបណ្តាលជំនាញ ដល់សហគ្រិនជនបទ និងការរៀបចំបង្កើតឱ្យមានប្រព័ន្ធឌីជីថល ដើម្បីសេដ្ឋកិច្ចជនបទ។

ជាមួយគ្នានេះ យុវជននៅជនបទជិត៧ ០០០នាក់ នឹងទទួលបានការបណ្តុះបណ្តាលជំនាញ និង៥០០សហគ្រាស អាជីវកម្មធុនតូច និងមធ្យម នឹងបានភ្ជាប់ទៅនឹងកម្មវិធីបណ្តុះបណ្តាលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here