សម្តេចតេជោៈកម្ពុជានឹងបន្តពង្រឹងវិស័យអប់រំ និងសហគ្រិនភាពក្នុងការរៀបចំ ម៉ូដែលធុរកិច្ចថ្មីៗ

0

ដោយវុត្ថា

ទីក្រុងសេអ៊ូលៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាល នឹងបន្តពង្រឹង និងអភិវឌ្ឍកម្រិតឧត្ដមសិក្សាឲ្យឆ្ពោះទៅរកការស្រាវជ្រាវ និងនាវានុវត្តដើម្បីពង្រឹងសមត្ថភាព និងជំនាញរបស់ធនធានមនុស្សនៅកម្ពុជា ឲ្យសមស្របទៅនឹងបរិបទថ្មីនៃការអភិវឌ្ឍ ជាពិសេសការពង្រឹងសហគ្រិនភាព ក្នុងការរៀបចំម៉ូដែលធុរកិច្ចថ្មីៗ និងដើម្បីចាប់យកកាលានុវត្តភាពពីបដិវត្តន៍ឧស្សាហកម្មទី៤ និងសេដ្ឋកិច្ចឌីជីថលដែលកំពុងផុសផុលឡើង។


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងឪកាសអញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៅសាធារណរដ្ឋកូរ៉េនាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះបញ្ជាក់ថា ចាប់តាំងពីកម្ពុជាទទួលបាននូវសន្តិភាពពេញលេញទូទាំងប្រទេសក្នុងឆ្នាំ១៩៩៨មក រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្ដោតយកចិត្តទុកដាក់ ដល់ការអភិវឌ្ឍធនធានមនុស្ស ដោយចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពមួយ ក្នុងចំណោមអាទិភាពចម្បងៗទាំងបួន។

សម្តេចបន្តថា ឈរលើមូលដ្ឋាននេះរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការកែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ សំដៅពង្រឹងគុណភាព និងពង្រីកសេវាអប់រំដើម្បីទទួលបានធនធានមនុស្សប្រកបដោយគុណភាព សម្រាប់គាំទ្រការសម្រេចចិត្ត នៅចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា

សម្តេចជោបន្ថែមទៀតថា រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យអប់ រំជាវិស័យដែលមានអាទិភាពខ្ពស់ ហើយនឹងបន្តបង្កើនថវិកាចំណាយជូនដល់វិស័យនេះ បន្ថែមទៀតជាបន្តបន្ទាប់។ ថវិការចំណាយនេះ គឺផ្ដោតទៅលើការសាងសង់សាលារៀន ដំណើរការសាលារៀន ការពង្រឹងគុណភាពនៃការប្រឡងនៅគ្រប់កម្រិត ការពង្រឹងគុណភាពសាលារៀនជំនាន់ថ្មី ការពង្រឹងការសិក្សាជំនាញបច្ចេកទេស នៅតាមវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសការស្រាវជ្រាវ លើមុខវិជ្ជាវិទ្យាសាស្ត្រពិត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា និងផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតក្រីក្រគ្រប់កម្រិត។

សម្តេចបញ្ជាក់ទៀតថា ផ្អែកទៅលើបទពិសោធន៍ជាក់ស្ដែងនេះ និងក្នុងនាមថ្នាក់ដឹកនាំកម្ពុជា ដែលបានឆ្លងកាត់សង្រ្គាមផ្ទាល់ និងបានខិតខំប្រឹងប្រែងស្វែងរកសន្តិភាពជូនប្រទេសតូចមួយនេះ ការកសាង និងថែរក្សាសន្តិភាព មានតម្លៃមិនអាចកាត់ថ្លៃបាន ហើយសន្តិភាព គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការពង្រឹងសន្តិសុខ និង អភិវឌ្ឍន៍មនុស្សជាតិ


LEAVE A REPLY

Please enter your comment!
Please enter your name here