ក្រុមហ៊ុនOCIC និងSCA នឹងចុះMOUដើម្បីឈានទៅគូប្លង់រចនាបទអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី

0

ដោយវុត្ថា

ភ្នំពេញៈ ក្រុមហ៊ុនOCIC និងក្រុមហ៊ុនវិនិយោគព្រលានយន្តហោះកម្ពុជាSCA  នឹងចុះកិច្ចអនុស្សរណៈយោគយល់គ្នា(MOU) ដើម្បីសហការគ្នាចូលរួមគូរប្លង់រចនាបទ អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី ដែលស្ថិតខេត្ដកណ្ដាល និងតាកែវ។


នេះបើយោងតាមកិច្ចប្រជុំរវាងក្រុមហ៊ុន Vinci Airports តំណាងដោយលោក Emmanuel MENANTEAU ក្រុមហ៊ុនសម្បទាន អាកាសយានដ្ឋាន SCA តំណាងដោយលោក Alain BRUN និងក្រុមហ៊ុន OCIC តំណាងដោយលោក វ៉ាន់ ឆាលហ៍ជួន នៅថ្ងៃទី ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ក្រោមកិច្ចសម្របសម្រួល ដោយលោកនាយឧត្តមសេនីយ៍ បណ្ឌិតម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

លោកនាយឧត្តមសេនីយ៍ បណ្ឌិតម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ជូនអង្គប្រជុំដោយផ្អែកតាមប្រសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុញ្ញាត្ដជូនដល់លោកបណ្ឌិតរដ្ឋមន្ដ្រី ជាអ្នកសម្របសម្រួលដឹកនាំប្រជុំលើកិច្ចសហការ រវាងក្រុមហ៊ុនOCIC និងក្រុមហ៊ុន SCA ជាពិសេស ការចូលរួមជាប្លង់រចនាបទនៃការសាងសង់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី។

លោកបន្តថា ដូច្នេះដើម្បីមានមូលដ្ឋានជាក់លាក់ ក្នុងការរាយការណ៍ជូនសម្ដេចតេជោនាយករដ្ឋមន្ដ្រី លោកបានស្នើសុំឱ្យភាគីនីមួយៗ បញ្ជាក់អំពីជំហររៀងៗខ្លួនឱ្យបានច្បាស់លាស់អំពីកិច្ចសហប្រតិបត្ដិការនេះ។

ជាការឆ្លើយតបភាគីទាំងពីរបានបញ្ជាក់លើដំណើរការ និងនិតិវិធីការងារនេះដូចជា ទី១ក្រុមហ៊ុន Vinci Airports និងក្រុមហ៊ុន SCA មានសេចក្ដីរីករាយក្នុងកិច្ចសហការឈរលើមិត្ដភាពជាមួយនឹងក្រុមហ៊ុនOCIC ក្នុងគម្រោងរៀបចំប្លង់រចនាបទ ការផ្ដល់ប្រភហិរញ្ញប្បទាន ការសាងសង់រចនាសម្ព័ន្ធសំណង់ និងធ្វើអាជីវកម្ម ជាពិសេសបើអាច យើងពិភាក្សាគ្នាអំពីការបង្កើតក្រុមហ៊ុនរួមគ្នារវាង OCIC និងSCA ដូចដែលក្រុមហ៊ុន SCA ធ្លាប់មានបទពិសោធន៍ជាមួយ ក្រុមហ៊ុនMohiba ក្នុងការអភិវឌ្ឍន៍សាងសង់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញបច្ចុប្បន្ន។


ទី២  ក្រុមហ៊ុន OCIC បានបញ្ជាក់ថា ខ្លួនក៏មានការរីករាយក្នុងការសហការជាមួយក្រុមហ៊ុន SCA ដែរ។ ប៉ុន្ដែបានស្នើសុំឱ្យភាគីក្រុមហ៊ុន SCA ជួយរៀបចំកិច្ចព្រមព្រៀង អនុស្សរណៈ យោគយល់គ្នាពិសេសមួយ ក្នុងលក្ខខណ្ឌកិច្ចសហប្រតិបត្ដិការ ដែលអាចទទួលយកបានក្នុង គម្រោងអភិវឌ្ឍន៍សាងសង់អាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញថ្មី ហើយនឹងទទួលយកការណែនាំលោកនាយកឧត្តមសេនីយ៍ម៉ៅ ហាវណ្ណាល់។

ជាលទ្ធផលអង្គប្រជុំបានសម្រេចលើការងារសំខាន់ៗ ដែលត្រូវធ្វើចំពោះមុខដូចជាឱ្យក្រុមហ៊ុនSCAរៀបចំសេចក្ដីព្រាងកិច្ចព្រមព្រៀង ឬអនុស្សរណៈយោគយល់គ្នាពិសេសមួយស្ដីពី កិច្ចសហប្រតិបត្ដិការ រវាងOCIC និងSCAស្ដីពី គម្រោងអភិវឌ្ឍន៍សាងសង់អាកាស យានដ្ឋានអន្ដរជាតិភ្នំពេញថ្មី ផ្ញើមករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលឱ្យបានមុនថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

ក្នុងករណីចាំបាច់ ពាក់ព័ន្ធនឹងការបច្ចេកទេសភាគីទាំងពី រត្រូវផ្ដល់ជំនាញការ ពិភាក្សាជា លក្ខណៈទ្វេភាគីក្រោមការសម្របសម្រួលពី រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល៕


LEAVE A REPLY

Please enter your comment!
Please enter your name here