ដោយវុត្ថា
ភ្នំពេញៈ ការបុកគ្រឹះសាងសង់ស្ពានបេតុង ឆ្លងកាត់ទន្លេសាបថ្មីមួយទៀត ស្របតាមស្ពានបាឡេដែលជាស្ពានដែកចេញ ពីចំណុចឃ្លាំងសាំងសូគីមិច គីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌឬស្សីកែវ ឆ្ពោះទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ក្នុងសង្កាត់ព្រែតាសេក ខណ្ឌជ្រោយចង្វារមកដល់ពេលនេះ សម្រេចបានប្រមាណ៧០ភាគរយ ខណៈក្រុមការងារសាងសង់បានឹងកំពុងមមាញឹកក្នុងការចាក់បេតុងគ្រឹះទ្រសរសរស្ពាន។
លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២០កន្លងមកឱ្យដឹងថា តាមគម្រោងនេះស្ពាននេះ នឹងត្រូវសាងសង់រយៈពេល៣០ខែ ដែលមកដល់ពេលនេះ គឺសម្រេចបានរយៈពេល១០ខែ ពោលគឺមកដល់ពេលនេះ ជាលទ្ធផលសម្រេចបានប្រមាណ៧០ភាគរយហើយនៃការបុកគ្រឹះ ។
លោកថា “ការចាក់បេតុងគ្រឹះទ្រសរសរស្ពានក្នុងទន្លេរ នៅការដ្ឋានសាងសង់ស្ពានឫស្សីកែវ សម្រេចបាន៤០ដើម លើចំនួន៥២ដើម ស្មើ៧៧%”។
លោកបន្ថែមថា ស្ពានដែលរដ្ឋបាលរាជធានីភ្នំពេញ ដែលបាននិងកំពុងសាងសង់នៅក្បែស្ពានបាឡេនេះ គឺជាប្រភេទស្ពានបេតុង ដូចទៅនឹងស្ពានមិត្តភាពកម្ពុជា-ចិន និងស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដើម្បីសម្រួលចរាចរណ៍នៅតំបន់នេះ ជាពិសេសសម្រួលដល់ការធ្វើដំណើរមកពីតំបន់អភិវឌ្ឍន៍OCIC នៅត្រើយខាងកើត មកត្រើយខាងលិច។
ស្ពានថ្ម ដែលបាននឹងកំពុងស្ថាបនានេះ ទទួលបានថវិកាប្រមាណ៣៥លានដុល្លារអាមេរិក ពីក្រុមហ៊ុនវិនិយោគOCIC មានប្រវែងសរុប៩២២ម៉ែត្រ។ ទទឹង២០.៥ម៉ែត្រ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើង១.២៥ម៉ែត្រ សងខាងកំពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាប ធៀបនឹងកម្រាលស្ពាន៣៤ម៉ែត្រ សរសរសម្រាប់ព្យួរខ្សែកាប មានចំនួន៤សរសរ គម្លាតពីគ្នា១២០ម៉ែត្រ។ គន្លងខ្សែយានយន្តទទឹង៣.៧៥ម៉ែត្រ គន្លងធ្វើចរាចរចំនួន ២ខ្សែ ទៅ២ខ្សែមក ល្បឿនសុវត្ថិភាព៤០គម ក្នុង១ម៉ោង កំពស់នាវាចរក្រោមស្ពានអតិបរមា នៅរដូវវស្សា១០.៥ម៉ែត្រ។ កំពស់នាវាចរក្រោមស្ពាន អប្បបរមានៅរដូវប្រាំង២០.៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺដាក់ស្លាកសញ្ញាចរាចរផងដែរ។
ជាមួយវត្តមានស្ពានបេតុង ដែលមានរូបរាងស្រដៀងនឹងងស្ពានអ្នកលឿង ជាប្រភេទស្ពានមានខ្សែកាបខាងលើនេះ អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត ក្នុងនាមជាអាជ្ញាធរស្ថិតនៅទីតាំងនោះ បានសម្ដែងការស្វាគមន៍ និងអបអរសាទរ ដែលធ្វើឲ្យបញ្ហាចរាចរណ៍ ត្រូវបានកាត់បន្ថយមួយចំណែកយ៉ាងធំ ហើយជីវភាពប្រជាពលរដ្ឋដែលទទួលបាន ផលប្រយោជន៍មួយនេះកាន់តែខ្លាំង៕





