ដោយ ប៊ី
ភ្នំពេញៈ ធនាគារ Goldman Sachs ដែលមានមូលដ្ឋាននៅអាំមេរិកបានព្យាករណ៍ថា ការផ្ទុះឡើងនៃជំងឺកូរ៉ូណាវីរុស នឹងមានឥទ្ធិពលអវិជ្ជមានទៅលើកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ ដោយសារឥទ្ធិពលនៃការគ្រប់គ្រង ការសាយភាយជំងឺឆ្លងកូរ៉ណាវីរុសពីប្រទេសចិនទៅកាន់ពិភពលោក។
ធនាគារអាមេរិកនេះប៉ាន់ស្មានថា នឹងមានការធ្លាក់ចុះ០,១ ដល់០,២ភាគរយចំពោះកំណើនផលិតផល ក្នុងស្រុកសរុបសកលនៅឆ្នាំ២០២០ ក្រោមសេណារីយ៉ូមូលដ្ឋានដែលសន្មត់ថា អត្រាឆ្លងមានការថយចុះគួរឱ្យកត់សម្គាល់ក្នុងខែ កុម្ភៈ និងមីនា ដោយសារការឆ្លើយតបដ៏ខ្លាំងក្លាពីអាជ្ញាធរចិន។
ទោះបីជាយ៉ាងក៏ដោយ ធនាគារGoldmanបានឱ្យដឹងថា ខ្លួនរំពឹងថាសេដ្ឋកិច្ចពិភពលោកនឹងកើនឡើងប្រហែល៣,២៥ ភាគរយនៅឆ្នាំនេះដែលជាការកើនឡើង តិចតួចពីអត្រា៣,១ភាគរយកាលពីឆ្នាំមុន។
លោកJan Hatzius ប្រធានសេដ្ឋវិទូរបស់ធនាគារ Goldman បានប្រាប់អតិថិជននៅក្នុងសន្និសីទខ្លីមួយកាលពីថ្ងៃចន្ទថា “ផលប៉ះពាល់រយៈពេលខ្លីគឺធំណាស់។ តើមានអ្វីកើតឡើងដល់ឆ្នាំ២០២០ ទាំងមូលគឺអាស្រ័យទៅលើពេលវេលា ដែលត្រូវបានគ្រប់គ្រងយ៉ាងរហ័ស”។
នៅក្នុងសេណារីយ៉ូនេះដែលពាក់ព័ន្ធ នឹងអត្រានៃការឆ្លងនឹងកើនឡើង រហូតត្រីមាសទី២ ធនាគារGoldmanគិតថា ផលប៉ះពាល់នឹងកើនឡើងដល់០,៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប។
លោក Hatzius បានមានប្រសាសន៍ថា “ក្នុងករណីនេះ យើងត្រូវរង់ចាំរហូតដល់ឆ្នាំ២០២១ មុនពេលដែលយើងមើលឃើញការកើនឡើង នៃកំណើនសេដ្ឋកិច្ចពិភពលោក”។
ធនាគារGoldman ប៉ាន់ប្រមាណថា ការខូចខាតភាគច្រើននឹងកើតឡើង ក្នុងត្រីមាសទី ១ ដោយមាន២ភាគរយកាត់បន្ថយ កំណើនសេដ្ឋកិច្ចពិភពលោក ក្នុងអត្រាប្រចាំឆ្នាំ តាមរយៈការប៉ះពាល់ដោយផ្ទាល់ដល់សេដ្ឋកិច្ចចិន ដែលមានតម្លៃមួយភាគរយ ហើយផលប៉ះពាល់ នៃការសាយភាយកាត់បន្ថយចំនួនភាគរយបន្ថែមទៀត៕






