ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ គម្រោងសាងសង់ និងបង្កើតស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលមានសមត្ថភាពបង្កើតកម្លាំងបាន៣០មេហ្គាវ៉ាត់ ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ត្រូវបានរដ្ឋាភិបាលគាំទ្រ និងជំរុញឱ្យដំណើរការក្នុងពេលដ៏ខ្លីឆាប់ៗខាងមុននេះ ។
នៅទីស្តីការក្រសួងបរិស្ថាន កាលពីល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមការដឹកនាំដោយលោក សៅ សុភាព រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងបង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យកម្លាំង ៣០មេហ្គាវ៉ាត់ ស្ថិតនៅខេត្តពោធិ៍សាត់បន្ថែមមួយទៀត។
គម្រោងថ្មីមួយនេះ នឹងត្រូវធ្វើការអភិវឌ្ឍនៅលើផ្ទៃដីទំហំ ៥៥ហិកតា ដែលមានទីតាំងភូមិសាស្រ្តស្ថិតនៅភូមិអន្សរក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ របស់ក្រុមហ៊ុន SchneiTech Infinite Co., Ltd ដោយបានសិក្សា និងរៀបចំរបាយការណ៍ដោយក្រុមហ៊ុន ទីប្រឹក្សា Creative Green Design Co., Ltd.។
ជាលទ្ធផលនៃកិច្ចប្រជុំ ក្រោមការចូលរួមពីតំណាងអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងអន្តរក្រសួង ស្ថាប័ននានាដែលពាក់ព័ន្ធ ជារួម អង្គប្រជុំបានសម្រេចគាំទ្រ លើគម្រោងឱ្យបង្កើតស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យនេះ ដោយកំណត់ឱ្យក្រុមហ៊ុនសិក្សាលម្អិត ពីលទ្ធភាពជួយជីកយកអាចម៍ដី ដើម្បីស្តារអាងស្តុកទឹកដំណាក់ក្រាញ់ និងជួយអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន។
ក្រៅពីនេះក្រុមហ៊ុនក៏ត្រូវសិក្សា និងរៀបចំប្រព័ន្ធដោះទឹកភ្លៀងនៅតំបន់គម្រោងឱ្យបានត្រឹមត្រូវ ចៀសវាងការជន់លិចដីស្រែរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ ត្រូវសិក្សាបន្ថែមពីការប្រែប្រួលអាកាសធាតុ ដែលអាចជះឥទ្ធិពលទៅលើគម្រោង និងឥទ្ធិពលនៃការបំលែងពីដីកសិកម្ម ទៅជាស្ថានីយផលិតថាមពលដើរ ដោយថាមពលព្រះអាទិត្យ។ បន្ថែមពីនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ ក៏ត្រូវមានកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ឱ្យបានជិតស្និទ្ធ ព្រមទាំងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ នៅមូលដ្ឋានឱ្យចូលបម្រើការក្នុងក្រុមហ៊ុនឱ្យអស់លទ្ធភាព ជាពិសេសត្រូវមានផែនការ និងគ្រប់គ្រងសំណល់ផ្ទាំងសូឡា ឱ្យបានច្បាស់លាស់៕






