ដោយហ្សូលី
កោះកុង៖ កម្ពុជាទទួលបានថវិកាប្រមាណ ១១,៦ លានដុល្លាអាមេរិក ពីការលក់ឥណទានកាបូននៅក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង ដែនជម្រកសត្វព្រៃតាតៃក្នុងខេត្តកោះកុង និងដែនជម្រកសត្វព្រៃកែវសីម៉ាក្នុងខេត្តមណ្ឌលគិរី។

នេះបើតាមប្រសាសន៍របស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាសជួបសំណេះសំណាលសាកសួរសុខទុក្ខ និងថ្លែងអំណរគុណដល់មន្ត្រីឧទ្យានុរក្សនៅលើកំពូលភ្នំម្រេចកង្កែប តំបន់អារ៉ែង ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង ក្នុងភូមិសាស្ត្រស្រុកថ្មបាំង ខេត្តកោះកុង កាលពីថ្ងៃទី ៤ កុម្ភៈ ឆ្នាំ ២០២០។
លោកបន្តថា នេះជាការខិតខំរបស់មន្ត្រីឧទ្យានុរក្សទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្ត តស៊ូពុះពាររាល់ការលំបាកទាំងឡាយ ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព ដែលអាចឱ្យកម្ពុជាទទួលបានថវិកាពីការលក់ឥណទានកាបូនដែលបានមកពីព្រៃឈើ ក្នុងគោលបំណង ជួយអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ពង្រឹងការងារអភិរក្ស បង្កើតការងារ និងបង្កើនចំណូលជូនប្រជាសហគមន៍មូលដ្ឋានតាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិ។

លោក សាយ សំអាល់ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។
ទន្ទឹមនេះ ថវិកាដែលបានមកពីការលក់ឥណទានកាបូនដែលជាការលក់តួនាទីព្រៃឈើក្នុងការការពារប្រព័ន្ធអេកូឡូស៊ីនេះ ត្រូវបាននិងកំពុងប្រើប្រាស់សម្រាប់ទ្រទ្រង់ដល់ការការពារនិងអភិរក្សធនធានធម្មជាតិដែលកម្ពុជាមាន និងជួយលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋានដែលឆ្លើយតបទៅគោលការណ៍ ហិរញ្ញប្បទាននិរន្តរភាព៕






