មន្ត្រីជំនាញរបស់កូរ៉េ នឹងមកជួយរដ្ឋាភិបាលលើផ្នែក E-Government នៅកម្ពុជា

0

ដោយ ៖ រ៉ាណេត
កូរ៉េ ៖ តបតាមការស្នើសុំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មន្ត្រីជំនាញរបស់រដ្ឋាភិបាលកូរ៉េ នឹងមកកាន់កម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីជួយដល់រដ្ឋាភិបាលកម្ពុជា តាមរយៈការបណ្តុះបណ្តាលជំនាញ និងការរៀបចំផែនការមេលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យ E-Government ។

មុនពេលចាកចេញពីប្រទេសកូរ៉េ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេច តេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យសាស្ត្រាចារ្យ Anh Moon Suk ប្រធាននៃគណៈកម្មាធិការប្រឹក្សាយោបល់នៃប្រទេសកូរ៉េ ដើម្បីសំដែងការគួរសម និងពិភាក្សាការងារ ដោយបានដឹកនាំមកនូវសមាជិកមួយចំនួន រួមទាំងអគ្គនាយកនៃការិយាល័យ E-Government និងប្រធាននៃភ្នាក់ងារសង្គមព័ត៌មានជាតិ រួមទាំងអ្នកឯកទេសមួយចំនួនទៀត ។

លោកសាស្រ្តាចារ្យ បានលើកឡើងពីបទពិសោធន៍ខ្លះរបស់រដ្ឋាភិបាលកូរ៉េ ជាពិសេស គឺខាងការិយាល័យ E-Government របស់កូរ៉េ បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងមហាផ្ទៃកម្ពុជា ពាក់ព័ន្ធនឹងការជំរុញ E-Government ហើយរដ្ឋាភិបាលកូរ៉េចង់ជំរុញកិច្ចសហប្រតិបត្តិការរវាងកូរ៉េ និងកម្ពុជាពាក់ព័ន្ធនឹងការងារ E-Government នេះ មិនតែប៉ុណ្ណោះ លោកសាស្រ្តាចារ្យបញ្ជាក់ថា ប្រធានាធិបតីរបស់កូរ៉េ ក៏មានឆន្ទៈខ្ពង់ខ្ពស់ខ្លាំង ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

លោកសាស្ត្រចារ្យ បានមានប្រសាសន៍ថា ប្រធានាធិបតីកូរ៉េបានអំណរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលមានគំនិតផ្ដួចផ្ដើមនៅក្នុងការឱ្យមានកិច្ចប្រជុំកំពូលមេគង្គកូរ៉េ។ លោកសាស្ត្រាចារ្យបន្ថែមទៀតដែលថា នៅក្នុងប្រទេសកូរ៉េគឺមានភ្នាក់ងារសង្គមព័ត៌មានជាតិរបស់កូរ៉េ និងជាស្ថាប័នទទួលខុសត្រូវមួយក្នុងការជួយដល់រដ្ឋាភិបាលកម្ពុជាក្នុងការធ្វើយ៉ាងណាបណ្ដុះបណ្ដាលលើវិស័យ IT នេះ ហើយក្រោយពីការសិក្សានិងពិភាក្សារួចហើយនោះគឺខាងរដ្ឋាភិបាលកូរ៉េនឹងរៀបចំការផ្ដល់ជាជំនួយឥតសំណងដល់ប្រទេសកម្ពុជាពាក់ព័ន្ធនឹង E-Government នេះក្នុងការបណ្ដុះបណ្ដាល និងការរៀបចំផែនការមេ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យ E-Government ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យភាគីកូរ៉េ ចែករំលែកបទពិសោធន៍ជាក់លាក់ពាក់ព័ន្ធនឹង E-Government នេះជាមួយកម្ពុជា ដោយស្នើឱ្យលោក Anh Moon Suk មកកម្ពុជាផ្ទាល់ ដើម្បីជួយក្នុងការបណ្ដុះបណ្ដាលក៏ដូចជាការរៀបចំផែនការមេសម្រាប់ E-Government ផងដែរ។

សម្តេច បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹង E-Government នេះ រាជរដ្ឋាភិបាលកម្ពុជាក៏ធ្វើការបានមួយចំនួនធំហើយ ហើយអ្វីដែលសម្ដេចចង់បាននោះគឺការបណ្ដុះបណ្ដាលការរៀបចំផែនការមេការ ចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹង E-Government ពីកូរ៉េដល់ប្រទេសកម្ពុជា ហើយជាពិសេសទៀតក្នុងការបណ្ដុះបណ្ដាលមន្ត្រី មុននឹងរៀបចំផែនការមេ ឬផែនទីចង្អុលផ្លូវពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលផ្នែកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here