ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងយល់ព្រមសហការលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ តំណាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា​​​(Agence Française de Développement) បានយល់ព្រមទៅលើកិច្ចសហការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមមន្ត្រីជំនាញរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលគ្រប់គ្រងលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេសកម្ពុជា។

បន្ទាប់ពីបានចូលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួង លោកស្រី Ophelle BOURHIS នាយិកាទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា បានយល់ព្រមគាំទ្រ ទៅលើកិច្ចសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់កម្ពុជា។

នៅក្នុងកិច្ចជំនួបខាងលើនេះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីគម្រោងអភិវឌ្ឍន៍សំខាន់ៗមួយចំនួនរួមមាន គម្រោងសាង សង់ផ្លូវពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ គម្រោងសាងសង់ស្ពានក្រចេះឆ្លងកាត់ទន្លេមេគង្គលើ គម្រោង សាងសង់កំពង់ផែកុងតឺន័រថ្មីនៅខេត្តព្រះសីហនុ គម្រោងសាងសង់កំពង់ផែខ្នាតតូចនៅខេត្តកំពង់ចាម និងការបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈវៃឆ្លាតផងដែរ។

លើសពីនេះទៀត លោកក៏បានជម្រាបជូនផងដែរ អំពីការបញ្ចប់ផែនការមេភស្តុភារកម្ម ដើម្បីធ្វើឱ្យប្រសើរឡើងថ្លៃឈ្នួលដឹកជញ្ជូននៅកម្ពុជា ដែលអាចទាក់ទាញការវិនិ​យោគពីបរទេសបង្កើត ការងារជូនប្រជាពលរដ្ឋ និងផែនការមេគ្រប់គ្រងទឹកកខ្វក់ដើម្បីលើកស្ទួយកម្ពស់អនាម័យ និងបរិស្ថានល្អ សំដៅធ្វើឱ្យសុខភាពប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង និងទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀតផងដែរ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានស្នើឱ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំងពិនិត្យលទ្ធភាពផ្តល់ ការគំាទ្រផ្នែកហិរញ្ញវត្ថុ លើយុទ្ធនាការផ្សព្វផ្សាយសាធារណៈ អំពីគ្រោះថ្នាក់ចរាចរណ៍ ផលលំបាកនិងការ ខាតបង់ដោយសារគ្រោះថ្នាក់ចរាចរណ៍ យុទ្ធនាការចែកមួកសុវត្ថិភាពចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ និងយុទ្ធនាការផ្សេងៗថែមទៀតដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ជាការឆ្លើយតបលោកស្រីនាយិកា បានកត់សម្គាល់លើសំណើនានារបស់ឯកឧត្តមទេសរដ្ឋមន្រ្តី និងសន្យាសហការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមមន្ត្រីជំនាញក្រោមឱវាទក្រសួងលើគម្រោងនានា ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗរបស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here