លោកបាន គីមូនៈកម្ពុជាអាចបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការងារនៅឧបទ្វីបកូរ៉េនេះ

0

ដោយប៊ី

ភ្នំពេញៈ លោកបាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងប្រាប់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនថា កម្ពុជាគឺជាសមាជិកមួយនៃអាស៊ាន ដែលអាចបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការងារនៅឧបទ្វីបកូរ៉េនេះ ស្របពេលនៅឆ្នាំ ២០២០ ខាងមុខនេះ នឹងមានកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបនៅទីក្រុងភ្នំពេញ។

ការលើកឡើងបែបនេះត្រូវបានធ្វើឡើងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងជំនួបប្រជុំរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ បច្ចុប្បន្នជាប្រធានវិទ្យាស្ថានកំ​ណើ​នបៃតង។

លោកកៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងក្រោយជំនួបនោះថា ក្នុងជំនួបនេះ លោកបាន គីមូន  បានមានប្រសាសន៍ថា ឯកឧត្ដមពិតជារីករាយដែលបានជួបសម្ដេចតេជោសារជាថ្មីម្ដងទៀត។ លោកបានគូសបញ្ជាក់ផងដែរថា គាត់តែងតែគោរពការដឹកនាំរបស់សម្ដេចតេជោ ចាប់តាំងពីគាត់ធ្វើជារដ្ឋមន្ត្រីការបរទេសរបស់កូរ៉េ រហូតដល់គាត់ធ្វើជាអគ្គលេខាធិការអង្គការសហប្រជាជាតិ។

លោកបន្តថា លោកក៏ដូចជា រដ្ឋាភិបាលកូរ៉េមានការរីករាយ ដែលឃើញភាពរីកចម្រើន ក៏ដូចជាការនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងកូរ៉េ។លោកបានថ្លែងថា “កម្ពុជា គឺជាសមាជិកមួយនៃអាស៊ាន ដែលអាចបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការងារនៅឧបទ្វីបកូរ៉េនេះ ហើយដោយសារនៅឆ្នាំ២០២០ខាងមុខនេះ នឹងមានកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបនៅទីក្រុងភ្នំពេញ”។

លោកបានឱ្យដឹងថា “ដូច្នេះកម្ពុជានឹងជួយជំរុញការងារសន្តិភាពនៅឧបទ្វីបកូរ៉េផងដែរ។ ឯកឧត្តមក៏បានគូសបញ្ជាក់ទៀតថា លោកពិតជាចង់ឃើញកម្ពុជា បន្តជំរុញការគាំទ្រដល់ការងារបម្រែបម្រួលអាកាសធាតុ ការប្រើប្រាស់ថាមពលដោយចីរភាព ជាពិសេសក្នុងការប្រើថាមពលដែលមានលក្ខណៈបៃតង”។

ក្នុងន័យនេះលោកបាន គីមូនបានបញ្ជាក់ថា កម្ពុជា និងបណ្ដាប្រទេសអាស៊ានអាចធ្វើការងារជាច្រើនផងដែរ។

សម្ដេចតេជោក៏បានបញ្ជាក់ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងកូរ៉េ ពាក់ព័ន្ធការនាំចេញ ជាពិសេសពាក់ព័ន្ធទៅនឹងការនាំចេញផលិតផលកសិកម្ម ពីកម្ពុជាមកទីផ្សារកូរ៉េ។ សម្ដេចតេជោក៏បានស្នើលោកបាន គីមូន ឱ្យចាត់មន្ត្រីជំនាញពីវិទ្យាស្ថានកំណើនបៃតង ដើម្បីទៅជួយដល់ប្រទេសកម្ពុជា ជាពិសេសធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាឆាប់ទទួលបាននូវសេដ្ឋកិច្ចបៃតងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here