សម្តេចតេជោហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឱ្យដំណើរការនៅផ្លូវជាតិ លេខ៥៨នៅចុងខែកុម្ភៈនេះ

0

ដោយវុត្ថា

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាសម្ពោធផ្លូវជាតិលេខ ៥៨ ស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែនថៃ តភ្ជាប់ពីខេត្តបន្ទាយមានជ័យ ដល់ខេត្តឧត្តរមានជ័យ ដែលប្រព្រឹត្តទៅ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ។

យោងតាមកិច្ចប្រជុំគណៈបញ្ជាការ ឯកភាព រដ្ឋបាលខេត្តបន្ទាយមានជ័យនាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ដោយផ្តោតលើរបៀបវារៈត្រៀមរៀបចំ ពិធីសម្ពោធផ្លូវលេខ៥៨  ខណៈផ្លូវនេះ បានស្ថាបនាចប់សព្វគ្រប់១០០ភាគរយ។

ផ្លូវជាតិលេខ៥៨ នេះជាប្រភេទផ្លូវDBST ដែលមានប្រវែងសរុបចំនួន១៧៤ គីឡូ​ម៉ែត្រ និងទទឹង១២ម៉ែត្រនេះ កំពុងសាងសង់ដោយក្រុមហ៊ុនShanghai Construction Group Co., Ltd ក្រោមការត្រួតពិនិត្យលក្ខណៈបច្ចេកទេសពីក្រុមហ៊ុន Guangzhou Wanna Construction Supervision Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន។

ជាមួយគ្នានេះដែរ ផ្លូវមួយខ្សែនេះសាងសង់ឡើង ក្រោមប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង១២២លានដុល្លារសហរដ្ឋអាមេរិក។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនធ្លាបានអះអាងថា កំណាត់ផ្លូវនេះចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅ តំបន់ភាគពាយ័ព្យប្រទេស ព្រមទាំងការដឹកជញ្ជូនកាន់តែប្រសើរមួយកម្រិតទៀត។ ជាពិសេសកំណាត់ផ្លូវ នេះអាចសម្រួលដល់ការតភ្ជាប់ជាមួយព្រះរាជាណាចក្រថៃ ក្នុងការពង្រីកសក្ដានុពលសេដ្ឋកិច្ចពាណិជ្ជកម្ម ថែមទៀតរបស់ប្រទេសជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here