រដ្ឋាភិបាលគ្រោងសាងសង់កំពង់ផែរណបទឹកសាបនៅខេត្តកំពង់ចាម

0

ដោយៈ រ៉ាណេត

កំពង់ចាមៈ រដ្ឋាភិបាលបានបង្ហាញពីគម្រោង នៃការសាងសង់កំពង់ផែតូចដែលជាផែរណបសម្រាប់បម្រើ និងជួយសម្រួលដល់វិស័យដឹកជញ្ជូនតាមផ្លូវទឹក ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ចាម។ នេះបើតាមការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ជាការជួយសម្រួល និងបម្រើដល់វិស័យដឹកជញ្ជូនតាមផ្លូវទឹក ឱ្យកាន់តែមានភាពល្អប្រសើរ រដ្ឋាភិបាលបានបង្ហាញពីគម្រោង នៃការបង្កើតកំពង់ផែខ្នាតតូចក្នុងនាមជាកំពង់ផែរណប ស្ថិតនៅច្រាំងទន្លេមេគង្គក្នុងទឹកដីខេត្តកំពង់ចាម។ នៅក្នុងជំនួបពិភាក្សាការងារលើគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជា ជាមួយនាយិកាទីភ្នាក់​ងារអភិវឌ្ឍន៍បារាំងប្រចាំនៅកម្ពុជាកាលពីពេលកន្លងមកនេះ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក វ៉ាស៊ីម សូរិយា បានមានប្រសាសន៍បញ្ជាក់ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមកមកថា រដ្ឋាភិបាលពិតជាមានគម្រោងសាងសង់កំពង់ផែ នៅខេត្តកំពង់ចាមប្រាកដមែន ហើយក៏ធ្លាប់បានបង្កើត គម្រោងសិក្សាទៅការសាងសង់ផងដែរ។

លោកបានបន្តទៀតថា “កាលពីពេលកន្លងទៅ តបទៅនឹងគោលបំណងនៃការសាងសង់កំពង់ផែរណបមួយនេះ ធ្លាប់មានអង្គការរបស់ប្រទេសកូរ៉េ KOICA ធ្វើការសិក្សា ប៉ុន្តែត្រូវបានស្ងប់ស្ងាត់ទៅវិញ ដោយមិនទាន់មានលទ្ធផលនោះទេ”។ លោកបានបន្តថា “គ្រប់គម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាលទាំងអស់ រាប់ទាំងផ្លូវថ្នល់ ស្ពាន និងកំពង់ផែនានានៅទូទាំងប្រទេស គឺសុទ្ធតែជួយជំរុញ និងសម្រួលដល់វិស័យដឹកជញ្ជូន ដែលជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ អ្នកជំនួញក៏ដូចជារដ្ឋាភិបាលផងដែរ”។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបង្ហាញពីក្ដីសាទរ និងគាំទ្រទៅនឹងគម្រោងអភិវឌ្ឍន៍នានារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនៅក្នុងទឹកដីខេត្តកំពង់ចាម។ លោកបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា គ្រប់គម្រោងអភិវឌ្ឍន៍ទាំងអស់របស់រាជរដ្ឋាភិបាល ដែលបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ គឺអាជ្ញាធរខេត្តត្រៀមខ្លួនក្នុងការចូលរួមជាមួយ ធ្វើយ៉ាងណាឱ្យគម្រោងទទួលបានជោគជ័យ ដែលជាការលើកកម្ពស់បរិយាកាសវិនិយោគ នៅក្នុងខេត្តកំពង់ចាមឱ្យបានកាន់តែច្រើន ក៏ដូចជាបង្កើននូវកម្រិតជីវភាពរបស់ប្រជាពលរដ្ឋបន្ថែមទៀត។

លោកបន្តទៀតថា “បច្ចុប្បន្ននេះក៏ដូចជាកាលពីពេលកន្លងទៅ កប៉ាល់ទេសច​រណ៍ធំៗដែលមកពីប្រទេសវៀតណាម តែងតែមកចូលចត និងដឹកនាំភ្ញៀវទេសចរមកកម្សាន្តនៅតាមទីរមណីយដ្ឋាននានានៅក្នុងខេត្តជាបន្តបន្ទាប់”។លោកបន្តថា “ប្រសិនបើគម្រោ​ងស្ថាបនាកំពង់ផែថ្មី ដូចដែលឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើង នឹងកាន់តែជួយសម្រួល និងផ្តល់ភាពល្អប្រសើរដល់វិស័យដឹកជញ្ជូនតាមផ្លូវទឹកថែមមួយកម្រិតទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here