ដោយវុត្ថា
ភ្នំពេញៈ រាល់ការធ្វើអាជីវកម្មអភិវឌ្ឍអចលនវត្ថុទាំងអស់ ក្នុងគោលបំណងសម្រាប់លក់ឬជួលរយៈពេលវែងពី អ្នកអភិវឌ្ឍទត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណពីក្រសួង ឬលិខិតអនុញ្ញាតអាជីវកម្មពីមន្ទីរជាមុនសិន។
នៅពេលធ្វើអាជីវកម្មអចលនវត្ថុមិនស្របតាមតាមច្បាប់ ឬលិខិតអនុញ្ញាតឱ្យបានត្រឹមត្រូវ ក្រសួងឬមន្ទីរស្ថានប័ន មានសិទ្ធិអាចដកហូតឬព្យួរអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម។
យោងតាមសេចក្តីប្រកាសស្តីពី ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍អចលវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានចេញផ្សាយ កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ក្រសួង ឬមន្ទីរ អាចដកហូត ឬព្យួរអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ ក្នុងករណីណាមួយដូចជា ទី១- ពុំបានអនុវត្តត្រឹមត្រូវតាមខ្លឹមសារត្រឹមត្រូវ និងលិខិតបទដ្ឋានផ្សេងៗទៀត ដែលចេញដោយក្រសួង។ ទី២-អ្នកអភិវឌ្ឍអចលនវត្ថុខកខានមិនបានកាន់កាប់បញ្ជីគណនេយ្យត្រឹមត្រូវ។
ទី៣ អ្នកអភិវឌ្ឍអចលនវត្ថុខកខានមិនបានបង់ពន្ធប៉ាតង់ អាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ និងមិនបានបំពេញកាតព្វកិច្ចពន្ធដារ ត្រឹមត្រូវតាមច្បាប់ស្តីពីសារពើពន្ធ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ទី៤អ្នកអភិវឌ្ឍអចលនវត្ថុអសាធនភាព ឬក្ស័យធន ឬប្រព្រឹត្តល្មើសក្នុងការធ្វើអាជីវកម្ម ដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ។ ទី៥ លទ្ធផលសវនកម្មបង្ហាញឱ្យឃើញថា មានភាពខុសគ្នាពាក់ព័ន្ធ និងរបាយការណ៍ប្រចាំខែ និងរបាយការណ៍ប្រចាំត្រីមាស។
ទី៦ ពុំបានអនុវត្តគម្រោងក្នុងរយៈពេល ៣ ខែ គិតចាប់ពីកាលបរិច្ឆេទនៃការទទួលអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម។ ទី៧ ពុំបានអនុវត្តត្រឹមត្រូវតាមកិច្ចសន្យាលក់-ទិញឱ្យបានចប់សព្វគ្រប់។ ទី៨ ខកខានមិនបានផ្តល់របាយការណ៍ឱ្យបានទៀងទាត់តាមការកំណត់។ និងទី៩ បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ឬប្រព្រឹត្តបទល្មើសហិរញ្ញប្បទានភេរកម្ម និងការលាងសម្អាតប្រាក់ ឬអំពើមិនស្របច្បាប់ណាមួយ ដែលមានភស្តុតាងច្បាស់លាស់ពីអាជ្ញាធរមានសមត្ថកិច្ច៕