ដោយៈ រ៉ាណេត
ភ្នំពេញៈ ស្របពេលដែលគម្រោងនៃការស្ថាបនាផ្លូវជាតិលេខ៣ និងពង្រីករហូតដល់៤គន្លង ដែលកំពុងតែសម្រុកដើម្បីបញ្ចប់ ទៅតាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ពេលនេះមានក្រុមហ៊ុនធំៗ ដែលជាអ្នកអភិវឌ្ឍលើវិស័យលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម បាននិងកំពុងចាប់អារម្មណ៍បាញ់ឆ្ពោះទៅកាន់តំបន់នេះ ស្របពេលដែលរដ្ឋាភិបាលបានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កាន់តែមានភាពល្អប្រសើរ។
ក្រៅពីគម្រោងអភិវឌ្ឍវិស័យលំនៅដ្ឋានធំរបស់ក្រុមហ៊ុនក្នុងស្រុក ដូចជាគម្រោងបុរីពិភពថ្មី គម្រោងបុរី លឹម ឈាងហាក់ គម្រោងបុរី ឡេង ណាវ៉ាត់ត្រា ដែលមានតម្លៃវិនិយោគរាប់សិបលានដុល្លារនោះ ក៏មានគម្រោងវិនិយោគ និងអភិវឌ្ឍជាមណ្ឌលទេសចរណ៍ និងលំនៅដ្ឋានពីសំណាក់ក្រុមហ៊ុនថៃផងដែរ បន្ទាប់ពីមើលឃើញថា នៅតាមតំបន់ផ្លូវជាតិលេខ៣មានសក្ដានុពលខ្លាំង និងអាចមានឱកាសទទួលបានប្រាក់ចំណេញច្រើន។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីពេលកន្លងមកនេះថា ការចូលខ្លួនទៅវិនិយោគ និងអភិវឌ្ឍវិស័យលំនៅដ្ឋានផ្លូវជាតិលេខ៣នាពេលនេះ គឺមានឱកាសល្អច្រើន។
លោកបានបន្តទៀតថា “ជាធម្មតាទាល់តែគេសម្លឹងឃើញ ពីឱកាសទទួលបានប្រយោជន៍ និងចំណេញ ទើបគេបណ្តាក់ទុនវិនិយោគ”។ លោកបានបន្តទៀតថា “ផ្លូវជាតិលេខ៣ពេលនេះ កាន់តែមានភាពល្អប្រសើរជាងពេលមុន ជាពិសេសក្រោយពេលរដ្ឋាភិបាលបានកសាងបណ្តាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន”។
លោកច្រឹក សុខនីមបានបន្តទៀតថា “តំបន់ដែលមានចម្ងាយប្រមាណ២០-៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ នៅតែមានភាពល្អប្រសើរលើការវិនិយោគទាំងអស់”។ លោកបានបញ្ជាក់ទៀតថា “ហេតុផលដែលអ្នកវិនិយោគ សម្រុកទៅធ្វើការអភិវឌ្ឍនៅតំបន់ខាងលើនេះ ដោយសារតែកត្តាភូមិសាស្ត្រល្អ វិសាលភាពដីនៅទូលាយច្រើន ហើយតម្លៃដីនៅមានកម្រិតទាប ដែលអំណោយផលដល់គម្រោងអភិវឌ្ឍរបស់ពួកគេ”។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធីក៏បានមានប្រសាសន៍ផងដែរថា “តំបន់ផ្លូវជាតិលេខ៣ ដែលស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ មានភាពងាយស្រួលក្នុងការអភិវឌ្ឍន៍ ព្រោះតំបន់នេះភាគច្រើនមានសណ្ឋានដីល្អអំណោយផលដល់ការអភិវឌ្ឍ”។
លោកឧកញ៉ាបន្តទៀតថា “ក្រៅពីនេះ វាក៏មានទីតាំងស្ថិតនៅជិតទីប្រជុំជននៃរាជធានីភ្នំពេញ ដែលមានភាពងាយស្រួល ក្នុងការធ្វើដំណើរចេញចូលក្រុង តាមរយៈបណ្តាញផ្លូវធំៗជាច្រើនដែលស្ថិតនៅជុំវិញតំបន់នេះ”។ លោកឧកញ៉ាបន្តទៀតថា “អ្វីដែលសំខាន់ និងជម្រុញឱ្យអ្នកអភិវឌ្ឍន៍ជាច្រើន ចាប់អារម្មណ៍ចូលទៅកាន់តំបន់នេះ មូលហេតុចម្បងបំផុត គឺតម្លៃដីទាប។ ស័ក្ដិសមទៅនឹងគម្រោងលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម ដែលកំពុងតែមានទីផ្សារខ្ពស់នាពេលបច្ចុប្បន្ននេះ”៕






