ចង់ដឹងពីព័ត៌មានព្រលានយន្តហោះថ្មីនៅក្រុងតាខ្មៅរង់ចាំ៦ខែទៀត

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ការប្រកាសសាងសង់ព្រលានយន្តហោះថ្មី ស្ថិតក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានធ្វើឲ្យព្យុះព៌តមាន និងតម្លៃដីធ្លីផ្ទុះឡើងយ៉ាងខ្លាំង ប៉ុន្តែរហូតមកទល់ពេលនេះ គម្រោងសាងសង់ព្រលានយន្តហោះថ្មី ហាក់ស្ងាត់ដូចចោរលួចសេះ។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៣ កុម្ភៈនេះថា រហូតមកទល់ពេល​នេះ លោកមិនទាន់មានព៌តមានបច្ចុប្បន្នភាព ទាក់ទងនឹងការចាប់ផ្តើមសាងសង់ ព្រលានយន្តហោះភ្នំពេញអន្តរជាតិ ដែលស្ថិតនៅក្រុងតាខ្មៅ និងស្រុកកណ្តាល​ស្ទឹងទេ។

លោកបន្តថា “សូមរង់ចាំរយៈពេល៦ខែទៀត ទើបមានព៌តមានថ្មីទាក់ទងនឹងការសាងសង់គំរោងនេះ នឹងចាប់ផ្តើមនៅពេលណា និងចាប់ផ្តើមយ៉ាងដូចម្តេច”។

កន្លងមកលោកសិរីវុត្ថាបានប្រាប់ថា គម្រោងព្រលានយន្តហោះថ្មីនេះ នឹងមិនពន្យាពេលសាងសង់យូរឡើយ ដោយសារប្លង់ស្ថាបត្យកម្មព្រលាន ការចុះហត្ថលេខា និងថវិកាសម្រាប់គំរោងនេះបានរៀបចំរួចរាល់ហើយ។

លោកបន្តថា គំរោងនេះស្ថិតនៅលើផ្ទៃដីបឹង “រៀន”ស្ថិតក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹងខេត្តកណ្តាល និងលាតសន្ឋឹងលើផ្ទៃដី២៦០០ហិកតា ក្នុង​នោះផ្ទៃដីជាង៨០០ហិកតា នឹងប្រើប្រាស់សម្រាប់សាងសង់ព្រលានយន្តហោះ

និងផ្ទៃដីនៅសល់ នឹងប្រើប្រាស់សម្រាប់សាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសេវាកម្មនានា។

គម្រោងសាងសង់ព្រលានយន្តហោះថ្មីនេះ បានចុះហត្ថលេខាក្នុងឳកាស​ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីចិន ឯកឧត្តមលី ខឺឈាងនៅកម្ពុជា កាលពីកំឡូងខែធ្នូកន្លងមកនេះ។ ការចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីចិន លីខឺឈាង។

ក្រុមហ៊ុន OCIC ជាភាគហ៊ុនិកដ៏ធំ ដែលជាអ្នកវិនិយោគព្រលានយន្តហោះ​ថ្មីនេះ ដោយគ្រោងបោះទុនវិនិយោគលើទឹកប្រាក់១៥០០លានដុល្លារអាមេរិក ព្រមទាំងបានបង្កើតក្រុមហ៊ុនមួយឈ្មោះ Cambodia airport Investment៕

LEAVE A REPLY

Please enter your comment!
Please enter your name here