សេដ្ឋវិទូៈដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែនទៅប្រទេសចិននឹងផ្តល់ផលវិជ្ជមានច្រើនដល់កម្ពុជា

0

ដោយ ប៊ី

ភ្នំពេញៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចបានអះអាងថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោហ៊ុន សែន កាលពីថ្ងៃ ពុធទី៥ ខែកុម្ភៈ ឆ្នាំ ២០២០ នឹងផ្តល់ផលវិជ្ជមានច្រើនដល់កម្ពុជា ដោយនឹងនាំមកវិនិយោគចិនចូលកម្ពុជាបន្ថែម ខណៈវិនិយោគចិនបាននិងកំពុងឈរលើលំដាប់កំពូលនៃវិនិយោគិនបរទេសនៅកម្ពុជា។

លោកបណ្ឌិតហុង វណ្ណៈ  អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានមាន​ប្រសាសន៍ឱ្យ​ដឹងនៅថ្ងៃព្រហស្បតិ៍ ទី ៦ ខែកុម្ភៈនេះថា ដំណើរទស្សនកិច្ចរបស់ស   ម្តេចទៅជួបជាមួយ ឯកឧត្តមស៊ី ជីនពីង កាលពីម្សិលមិញនេះ មានសញ្ញាល្អច្រើន ហើយនឹងមានវិនិយោគត្រឡប់វិញ ព្រោះក្រុមហ៊ុនធំៗនៅប្រទេសចិន ជាទូទៅមានការជាប់ពាក់ព័ន្ធ និងការគាំទ្ររដ្ឋាភិបាលចិន។

លោកមានប្រសាសន៍ថា “កត្តានេះហើយដែលប្រធានាធិបតីមានប្រសាសន៍ហើយគឺមានន័យថា គាត់មានគម្រោងរួចហើយ គិតគូររួចហើយ ដូច្នេះអ្នកវិនិយោគចិនប្រាកដជាត្រឡប់មកវិញ”។

លោកបានថ្លែងថា “វាជាកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគោលនយោបាយជោគវាសនាតែមួយ របស់ប្រទេសទាំងពីរ និងកិច្ចព្រមព្រៀងនៅតែមានជាធរមាននៅឡើយ”។ លោកបន្តថា “ក្នុងករណីដែលមានវិនិយោគិនមួយចំនួនមកប្រទេសកម្ពុជា ហើយត្រឡប់នៅវិញ គឺមានតែមួយចំនួនតូចទេ ដោយសារការរកស៊ីរបស់គាត់មិនចំណេញ កត្តាខ្លះទៀតមកពី EBA ដូរទៅរកស៊ីនៅប្រទេសផ្សេង កត្តាខ្លះទៀតដូរឈ្មោះក្រុមហ៊ុនរកស៊ី”។

វិស័យជាទូទៅដែលភាគីចិននឹងមកវិនិយោគវិស័យច្រើន ក្នុងនោះវិស័យកាត់ដេរ វិស័យថាមពល វិស័យរ៉ែ វិស័យទេសចរណ៍ អចលនទ្រព្យ លើកសិកម្ម វិស័យអេឡិចត្រូនិច និងធានាគារផងដែរ។

លោកបណ្ឌិតហុង វណ្ណៈបាននិយាយថា “ការត្រឡប់មកវិញរបស់អ្នកវិនិយោគចិននឹងផ្តោតទៅវិស័យចំរុះ ប៉ុន្តែយើងមិនមានហេតុផលណាដើម្បីពន្យល់ថា តើវិស័យមួយណាលេចធ្លោជាងវិស័យណាទេ។ វាទៅតាមការចាប់អារម្មណ៍របស់វិនិយោគិនចិន”។

លោកឱ្យដឹងទៀតថា “ការវិលត្រឡប់មកវិញលើកនេះមានរយៈវែង ឬខ្លីអាស្រ័យទៅលើវិស័យដែលគាត់វិនិយោគ។ វិស័យឧស្សហកម្មធនមធ្យម និងធ្ងន់ វិស័យកសិកម្ម និងវិស័យអចលនទ្រព្យធំៗគឺវិស័យដែលមានវិនិយោគរយៈពេលវែង”។

ទោះបីជាយ៉ាងក៏ដោយ លោក ម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានឱ្យដឹងនៅថ្ងៃដដែលថា ធម្មតាទស្សនកិច្ចផ្លូវការតែងតែមានការលើកឡើង និងការសន្យាធ្វើអ្វីមួយ ខណៈការលើកឡើងទាក់ការជំរុញការវិនិយោគ អំឡុងពេលទស្សនកិច្ចរបស់សម្តេចទៅប្រទេសចិនត្រូវរង់ចាំ និងតាមដាន។

លោកបានថ្លែងថា “យើងត្រូវរងចាំមើលថា តើនឹងមានអ្វីកើតឡើងបន្ទាប់ ហើយការលើឡើងទាក់ទងនឹង ការជំរុញការវិនិយោគមកកម្ពុជា គឺភាសាការទូត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here