ដោយវុត្ថា
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីសម្រេចផ្លាស់ប្តូរប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល ដោយលោក សុក កាន់ណារិទ្ធ ត្រូវបានតែងតាំងជាប្រធានមន្ទីរជំនួស លោក លឹម ចាន់សូភី ដែលត្រូវចាត់ឲ្យមកបម្រើការងារនៅ ទីស្តីការក្រសួងរៀបចំដែនដី។
យោងតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយ លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគូរបនីយកម្ម និងសំណង់កាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លងមកនេះមានខ្លឹមសារថា បញ្ចប់ភារកិច្ច លោក លឹម ចាន់សុភី ពីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល ដោយចាត់ឱ្យមកបំរើការងារនៅនាយកដ្ឋានអភិរក្សសុរិយោដីចំណុះអគ្គនាយកដ្ឋាន និងភូមិសាស្ត្រនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ប្រការ២ នៃសេចក្តីសម្រេចដដែល បន្តថា តែងតាំង លោក សុក កាន់ណារិទ្ធ ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាលជំនួសលោក លឹម ចាន់សូភី៕








