ដោយ ប៊ី
សៀមរាបៈ ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិនឹងអាចប្រើប្រាស់ ផ្លូវកង់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលមានចម្ងាយប្រមាណ២៣គីឡូម៉ែត្រ នៅខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ ខណៈផ្លូវកង់នេះត្រូវបានសាងសង់បានប្រមាណ៦០% ។ នេះបើយោងតាមការលើកឡើងរបស់អាជ្ញាធរជាតិអប្សរា។
ការសាងសង់ផ្លូវកង់នេះធ្វើឡើង ដោយសារតែមានការគិតគូរខ្ពស់ចំពោះសុវត្ថិភាពក្នុងការធ្វើដំណើរទៅមក ប្រកបដោយសុវត្ថិភាពរបស់ប្រជាជន សិស្សានុសិស្ស ភ្ញៀវទេសចរ ក៏ដូចជាយកចិត្តទុកដាក់ខ្ពស់លើបញ្ហាបរិស្ថាន។
លោកយិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងកាលពីពេលថ្មីៗនេះថា អាជ្ញាធរជាតិអប្សរាបានការរៀបចំ ផ្លូវជិះកង់នៅតំបន់អង្គរនៅវង្សតូច និងវង្សធំ ដោយគម្រោងនេះ ត្រូវបានក្រុមអ្នកជំនាញការអាដហុក របស់គណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ បានកោតសរសើរជាខ្លាំង ទៅលើការបង្កើតថ្មីរបស់អាជ្ញាធរអប្សរា និងបានសាទរចំពោះបច្ចេកទេសធ្វើផ្លូវកង់នេះ។
លោកបានថ្លែងថា “មុនស្ថាបនា អាជ្ញាធរជាតិអប្សរាបានគិតគូរច្បាស់ ពីការលើតម្លៃបរិស្ថាន តម្លៃវប្បធម៌ ក៏ដូចជាតម្លៃបេតិកភណ្ឌបែបជនបទ ដោយមានអ្នកជំនាញបុរាណវិទ្យាសិក្សាយ៉ាងច្បាស់លាស់មុនកសាងផ្លូវកង់នេះ”។ លោកបន្តថា “ផ្លូវកង់នេះ កសាងជាប្រភេទផ្លូវស្រាល មិនប៉ះពាល់ដល់ស្រទាប់ដី និងមានភាពបត់បែនទៅតាមដើមឈើតូចធំជាច្រើន”។
លោកបន្ថែមថា ផ្លូវកង់នេះមានទទឹង២ម៉ែត្រ បណ្ដោយ២៣គីឡូម៉ែត្រ ចេញពីកន្លែងត្រួតពិនិត្យសំបុត្រចូលទស្សនាអង្គរចាស់ កាត់ក្រោយអង្គរវត្ត បន្តទៅប្រាសាទក្រវ៉ាន់ កាត់ខាងត្បូងប្រាសាទបន្ទាយក្ដី បត់ទៅខាងជើងប្រាសាទតាព្រហ្ម ឆ្ពោះទៅស្ពានប្រាសាទតាកែវ។ ចំណែកតំបន់ផ្លូវវង់ធំ គឺចេញដំណើរពីស្រះស្រង់ រហូតដល់ខ្លោងទ្វារដីឆ្នាំង។
លោកបានឲ្យដឹងទៀតថា ផ្លូវកង់នេះ បានចាប់ផ្ដើមធ្វើកាលពីខែធ្នូឆ្នាំ២០១៩ ហើយរួចរាល់ប្រវែង៥០០ម៉ែត្រ។ បច្ចុប្បន្នកំពុងតែបន្តឈូសឆាយធ្វើបន្ត បានចំនួន១៧គីឡូម៉ែត្រក្នុងចំណោម២៣គីឡូម៉ែត្រ។ តាមផែនការគម្រោងនេះ និងធ្វើឱ្យចប់រួចរាល់នៅខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ។
លោកបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាស្ថាបនាផ្លូវនេះឡើង ក្នុងគោលបំណងដើម្បីសម្រួលចរាចរណ៍ ដល់ប្រជាពលរដ្ឋសិស្សានុសិស្ស ក៏ដូចជាសម្រួលការចរាចរណ៍ដល់ទេសចរណ៍ជិះកង់ រួមនិងកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍លើផ្លូវធំផងដែរ។ ផ្លូវនេះ កសាងក្នុងទិសដៅស្របនឹងផ្លូវកៅស៊ូដែលមានស្រាប់ និងឃ្លាតពីផ្លូវកៅស៊ូកន្លែងខ្លះមានប្រមាណ២៥ម៉ែត្រ ខ្លះមាន១០ម៉ែត្រ ដោយអាស្រ័យទៅតាមទីតាំងនិងស្ថានភាពដី៕