តើកម្ពុជាបាននិងកំពុងទាក់ទាញក្រុមហ៊ុនអាមេរិកវិនិយោគលើវិស័យកសិកម្ម

0

ដោយវុត្ថា

ភ្នំពេញ៖ កម្ពុជាបាននឹងកំពុងទាក់ទាញក្រុមហ៊ុន វិនិយោគអាមេរិកឱ្យចាប់អារម្ម​ណ៍លើការវិនិយោគលើវិស័យធំៗជាច្រើន ជាពិសេសវិស័យកសិកម្ម ខណៈកម្ពុជាគឺជាប្រទេសមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ មានសក្តានុពលខ្ពស់លើវិស័យកសិកម្មសម្រាប់វិនិយោគលើការនាំចេញទៅក្រៅប្រទេស។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក ឧកញ៉ា លឹម ហេងបានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២០ នេះថា មានក្រុមហ៊ុនអាមេរិកចំនួន១៥ ដែលបាននឹងកំពុងចាប់អារម្មណ៍ វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ខណៈក្រុមហ៊ុនទាំងនេះ បានធ្វើការសិក្សារួចរាល់ហើយ អំពីសក្តានុពលកសិកម្មកម្ពុជា ក្នុងវិនិយោគសម្រាប់នាំចេញទៅអាមេរិក និងអឺរ៉ុប។

លោកបន្តថា “ក្នុងនាមសភាពាណិជ្ជកម្ពុជា និងរដ្ឋាភិបាលកម្ពុជាបានផ្តល់អនុសាសន៍យ៉ាងច្រើន ដល់ក្រុមហ៊ុនអាមេរិកឱ្យវិយោគលើវិស័យកសិកម្មនៅកម្ពុជា ហើយក្រុមហ៊ុនទាំងនោះ ក៏បានជួបពិភាក្សាជាមួយមន្ត្រីកម្ពុជារួចហើយដែរនេះ គឺជាឪកាសថ្មីមួយទៀតសម្រាប់ក្រុមហ៊ុនអាមេរិកផ្តើមការវិនិយោគនៅក្នុងប្រទេសកម្ពុជា”។

លោកឧកញ៉ាបន្ថែមទៀតថា កន្លងមកនេះ មានក្រុមហ៊ុនអាមេរិកជាច្រើនបាននឹងកំពុងវិនិយោគលើវិស័យផ្សេងៗជាច្រើន ជាពិសេសការផលិតរថយន្តនៅកម្ពុជា តែដោយឡែកសម្រាប់ការវិនិយោគលើវិស័យកសិកម្ម និងកែឆ្នៃផលិតពូជនៅមានកម្រិតនៅឡើយ ដោយសារតែកម្ពុជានៅខ្វះបច្ចេកវិទ្យា ហើយនេះជាឪកាស សម្រាប់ក្រុមហ៊ុនទាំងនោះក្នុងការបណ្តាក់ទុនវិនិយោគ សម្រាប់នាំចេញទៅប្រទេសអាមេរិក ហើយក្នុងនោះភាគីកម្ពុជា-អាមេរិកបានពិភាក្សាលើផ្នែកដឹកជញ្ជូន ប្រព័ន្ធស្រោចស្រប់ និងអនាម័យ រួចហើយដែរ​។

លោកបណ្ឌិត គី សិរីវឌ្ឍន៍  អ្នកស្រាវជ្រាសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា  បានឱ្យ​ដឹ​ងថា កម្ពុជាគឺមានសក្តាខ្ពស់ ចំពោះការវិនិយោគរបស់អាមេរិក លើវិស័យអាទិភាពចំនួន៣ ដែលរួមមានវិស័យកសិកម្ម ទេសចរណ៍ និងការកែឆ្នៃជាដើម ។

លោកបន្តថា “ប្រទេសកម្ពុជាមានដីនៅទំនេរច្រើន ដែលមិនទាន់ប្រើប្រាស់ ហើយអាចឱ្យក្រុមហ៊ុនអាមេរិក ធ្វើការវិនិយោគលើវិស័យកសិកម្ម ក្នុងការកែច្នៃផលិតផលកសិកម្ម ដើម្បីបង្កើនតំលៃបន្ថែមសម្រាប់កម្ពុជា”។

លោកបន្ថែមទៀតថា ខណៈដែលកម្ពុជាមានឪកាស វិនិយោគយ៉ាងច្រើនបែបនេះ  ក៏មានបញ្ហាប្រឈមខ្លះដែរ ដូចការអនុវត្តច្បាប់នៅមានកម្រិត ពលកម្មកម្ពុជាគ្មានជំនាញច្បាស់លាស់ និងការពន្ធដារ និងការត្រួតពិនិតសវកម្មពន្ធដារនៅមានកម្រិត និងមានអំពើពុករលួយដែលធ្វើឱ្យក្រុមហ៊ុនបរទេសមួយចំនួន ដូចជា សហរដ្ឋអាមេរិករអាក្នុងការមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្ដិ បានឱ្យដឹងនៅក្នុងពិធីបើកព្រឹត្តិ​ការណ៍ «កាលានុវត្តភាពធុរកិច្ចក្នុងវិស័យកសិកម្មនៅកម្ពុជា២០២០» ដែលរៀបចំឡើងដោយស្ថានទូតនៃសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា នៅសណ្ឋាគាររ៉ូសវូត រាជធានីភ្នំពេញ ពីថ្ងៃទី០៦-០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះថា វិស័យកសិកម្ម ជាវិស័យអាទិភាពមួយ ដែលមានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណា​ក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបន្តថា “ផលិតផលកសិកម្មមួយចំនួន ដូចជាស្រូវ-អង្ករ ពោត សណ្ដែកសៀង ដំឡូងមី ស្វាយ ស្វាយចន្ទី កៅស៊ូ បន្លែ ត្រី សាច់ ដែលសុទ្ធសឹងជាផលិតផលសក្ដានុពល សម្រាប់ជាព័ត៌មានជូនដល់ធុរជនជាតិ និងអន្តរជាតិ ពិចារណាក្នុងការធ្វើអាជីវកម្ម ឬវិនិយោគនៅកម្ពុជា”។

លោករដ្ឋមន្ត្រីបានបន្តថា កម្ពុជាបាននឹងកំពុងលើកកម្ពស់ខ្សែចង្វាក់តម្លៃ និងការកែច្នៃផលិតផលកសិកម្ម ជាការងារអាទិភាពមួយ ដើម្បីទ្រទ្រង់វិស័យកសិកម្មឲ្យមានការរីកចម្រើនមួយចំណែកទៀត ដូចជាការកែច្នៃដំឡូងមីទៅជាម្សៅ គ្រាប់ថ្នាំ ថង់ អេតាណុល និងជាវត្ថុផ្សេងៗទៀត ដែលសកម្មភាពទាំងនោះ នឹងបង្កើតការងារ បង្កើនចំណូល និងធ្វើឲ្យជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន។

លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាឱ្យដឹងថា ការរៀបចំវេទិកាធុរកិច្ច ស្ដីពីវិស័យកសិកម្មនៅកម្ពុជានេះ ជាវេលាដ៏ល្អមួយ គាប់ជួនជាមួយនឹងខួបអនុស្សាវរីយទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក។

លោកបន្តថា ចំពោះវេទិកាធុរកិច្ចលើកនេះ មានក្រុមហ៊ុនធំៗរបស់អាមេរិកចំនួន ១៥ ក្រុមហ៊ុន ដោយក្នុងនោះរួមមានក្រុមហ៊ុន ដែលប្រកបកសិកម្មបែបប្រពៃណី និងក្រុមហ៊ុនមួយចំនួនទៀតជាក្រុមហ៊ុន ដែលមានបច្ចេកវិទ្យាទំនើប ដែលអាចជួយដល់ការជំរុញវិស័យកសិកម្ម និងបង្កើនទិន្នផល។

លោកបន្តថា “ក្រុមហ៊ុនទាំងនោះនឹងសហការជាមួយក្រុមហ៊ុនកម្ពុជា ដើម្បីធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា”។ លោកថា “តាមរយៈការអភិវ្ឍរបស់ប្រទេសនីមួយៗ ចំណែកនៃវិស័យកសិកម្ម នឹងមានការចុះថយជាលំដាប់ ហើយក្នុងពេលនោះហើយ ដែលបច្ចេកវិទ្យានឹងជួយបំពេញបន្ថែមក្នុងការបង្កើនផលិតភាព គាំទ្រស្ថិរភាពស្បៀង និងលើកកម្ពស់ខ្សែចង្វាក់តម្លៃកសិកម្មសម្រាប់ការនាំចេញ”។

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៩ គឺមានសរុបប្រមា​ណ ៥,៤ពាន់លានដុល្លារអាមេរិក គិតត្រឹមខែវិច្ឆិកា ស្មើនឹងកំណើនប្រមាណ២៧,៤% បើប្រៀបនឹងឆ្នាំ២០១៨។ ក្នុងនោះផងដែរ វិស័យកសិកម្មក៏រួមចំណែកមួយចំនួនដ៏សំខាន់ ក្នុងទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here