លោក នី ទីណាត៖ វប្បធម៌ចែករំលែក ធ្វើការជាក្រុម សាមគ្គីភាពរឹងមាំ ភាពស្មោះត្រង់ធ្វើឱ្យក្រុមហ៊ុនដំណើរការប្រកបដោយនិរន្តរភាព

0

ដោយ ម៉ាណេត

ភ្នំពេញ៖ លោក នី ទីណាត បានថ្លែងថា ការបង្កើតនូវវប្បធម៌ចែករំលែក ធ្វើការជាក្រុម សាមគ្គីភាពរឹងមាំ ស្មោះត្រង់ក្នុងការដឹកនាំ ទើបធ្វើឱ្យក្រុមហ៊ុនដំណើរប្រកបដោយនិរន្តរភាព និងការបណ្តុះបណ្តាលធនធានមនុស្សមានសារៈសំខាន់ណាស់អាចជំរុញឱ្យការងារប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ។

លោក នី ទីណាត ជាអគ្គនាយកក្រុមហ៊ុន បាសាក់ រៀលធី ឯ.ក (BASAC REALTY CO., LTD) បានប្រឡូកក្នុងវិស័យនេះអស់រយៈពេល ៥ ឆ្នាំដោយជួបប្រទះបញ្ហាជាច្រើន ទម្រាំតែបានបង្កើតបានជាក្រុមហ៊ុនផ្ទាល់ខ្លួន ដែលសម្បូរដោយធនធានមនុស្សសម្រាប់បម្រើឱ្យវិស៏យអចលនទ្រព្យ។

តើលោក នី ទីណាតជាអ្នកណា?

លោក នី ទីណាត បានរៀបរាប់ប្រាប់ Propertyarea.asia ថា “ខ្ញុំឈ្មោះ នី ទីណាត ជាអគ្គនាយកក្រុមហ៊ុន បាសាក់ រៀលធី ឯ.ក (BASAC REALTY CO., LTD) ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មទៅលើការទិញ លក់ និងជួលអចនទ្រព្យ នៅក្នុងប្រទេសកម្ពុជា។ លោកថា “ខ្ញុំបានប្រឡូកក្នុងវិស័យនេះអស់រយៈពេល៥ឆ្នាំហើយ ខ្ញុំនៅចាំបានថា ការចាប់ផ្តើមដំបូងពិតជាពិបាកណាស់សម្រាប់ខ្ញុំ ដោយយើងមានបុគ្គលិកតែម្នាក់គត់”។

លោកបានថ្លែងថា “ដោយចិត្ត ស្រលាញ់ក្នុងវិស័យអចលនទ្រព្យនេះ និងការខិតខំប្រឹងប្រែងតស៊ូ ធ្វើអោយខ្ញុំមានការរីកចំរើនបន្តិចម្តងៗ រហូតដល់ខែមេសា ឆ្នាំ២០១៨ ខ្ញុំបានបង្កើតនូវក្រុមហ៊ុនអចលនទ្រព្យមួយឈ្មោះថា ក្រុមហ៊ុន បាសាក់ រៀលធី ឯ.ក (BASAC REALTY CO., LTD.) ”។

លោក បានបន្តថា “ក្នុងអំឡុងពេលជិត២ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនមានការរីកចំរើនគួរឲ្យកត់សំគាល់ ដោយក្រុមហ៊ុន មានកំណើនអតិថិជនពីមួយខែទៅមួយខែ កំណើនបុគ្គលិក ការប្រមូលពត៌មានចលនទ្រព្យដែលបានដាក់លក់ និងជួលបានច្រើន និងជាពិសេសមានប្រព័ន្ធនៃការគ្រប់គ្រងក្រុមហ៊ុនច្បាស់លាស់”។

ការបង្កើតវប្បធម៌សម្រាប់ក្រុមហ៊ុនឱ្យដំណើរប្រកបដោយនិរន្តរភាព

លោក នី ទីណាត បានថ្លែងថា “ក្នុងនាមខ្ញុំជាអ្នកដឹកនាំមួយរូប ការបណ្តុះបណ្តាលធនធានមនុស្សមានសារៈសំខាន់ណាស់ សម្រាប់ខ្ញុំ និងអង្គភាពទាំងមូល ដូច្នេះខ្ញុំត្រូវខិតខំធ្វើយ៉ាងណា ឲ្យបុគ្គលិកម្នាក់ៗមានចំណេះដឹង និងជំនាញពិតប្រាកដ ដែលអាចធ្វើការងារប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ ហើយនឹងអាចក្លាចជាអ្នកដឹកនាំបន្តបន្ទាប់នៅពេលអនាគត់ ដើម្បីសម្រេចបាននូវគោលដៅរបស់ក្រុមហ៊ុន”។

លោក បានលើកឡើងថា “ដោយឡែកនៅក្នុងក្រុមហ៊ុន ខ្ញុំបានបង្កើតនូវវប្បធម៌ចែករំលែក ធ្វើការជាក្រុម សាមគ្គីភាពរឹងមាំ ស្មោះត្រង់ ជួយគ្នាទៅវិញទៅមក ទាំងអស់គ្នាដូចជាគ្រួសារតែមួយ ជាពិសេសបុគ្គលិកម្នាក់ធ្វើការចេញពី ទឹកចិត្ត និងបេះដូងពិតប្រាកដ។

ជាលទ្ធផលក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានធ្វើការទិញ លក់ និងជួលអចនទ្រព្យ ជាច្រើនកន្លែងជូនអតិថិជនរបស់លោក។

លោក បានបន្ថែមថា “អ្វីដែលពិសេសសម្រាប់សេវាកម្មដែលក្រុមហ៊ុនបានផ្តល់ជូនអតិថិជនកន្លងមកនោះគឺ ភាពស្មោះត្រង់ ការទទួលខុសត្រូវ ការយកចិត្តទុកដាក់ និងគោរពនូវក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់”។

ទំនាក់ទំនងជាមួយអតិថិជនក្នុង និងក្រៅស្រុក

ដើម្បីឲ្យអតិថិជនក្នុង និងក្រៅស្រុក ក៏ដូចជាម្ចាស់អចលនទ្រព្យទូទៅ បានស្គាល់ពីក្រុមហ៊ុន បាសាក់ រៀលធី ឯ.ក (BASAC REALTY CO., LTD.) ខ្ញុំបានបង្កើតនូវកញ្ចប់ Digital Marketing ដោយធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គមនានា និងតាមរយៈវេបសាយអលនទ្រព្យដែលល្បីៗ។

កាលចុងឆ្នាំ ២០១៩ ក្រុមហ៊ុន បាសាក់ រៀលធី ឯ.ក (BASAC REALTY CO., LTD.) សូមចូលរួមអបអរសាទរដល់លោក នី រ៉ាស៊ីន ដែលជាបុគ្គលិកផ្នែកលក់ និងជួលរបស់ ក្រុមហ៊ុនបានចូលរួមក្នុងការប្រកួតប្រជែងក្នុងកម្មវិធី Cambodia Real Estate Awards 2019 ហើយបានឈ្នះនូវពានរង្វាន់ជា ភ្នាក់ងារអចលនទ្រព្យថ្មី ឆ្នើមបំផុត ប្រចាំឆ្នាំ២០១៩ (BEST UP & COMING NEW AGENT OF THE YEAR 2019)។

ជាចុងក្រោយខ្ញុំសូមចែករំលែកនូវបទពិសោធន៍មួយចំនួនក្នុងវិស័យអចលនទ្រព្យ ក្នុងនាមយើងជាភ្នាក់ងារអចលនទ្រព្យជំនាញ ដើម្បីទទួលបាននូវភាពជោគជ័យយូរអង្វែង យើងត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ (ជាមួយអតិថិជន ម្ចាស់អចលនទ្រព្យ ក្រុមការងារ ក្រុមហ៊ុនផ្ទាល់ និងដៃគូរសហការជាដើម) មានចំណេះដឹងពិតប្រាកដក្នុងវិស័យអចលនទ្រព្យ មានភាពអំណត់ក្នុងការងារខ្ពស់ មានការយកចិត្តដាក់នឹងការងារ ហើយគោរពនូវក្រមសីលធម៌វិជ្ជាជីវៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here