ដោយវុត្ថា
ភ្នំពេញ៖ លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើដល់ក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំង ៣៤ ខ្សែនៅក្នុងខេត្តព្រះសីហនុទាំងថៃ្ង ទាំងយប់កុំសម្រាកឱ្យសម្រេចផែនការដើម្បីទទួលអ្នកវិនិយោគនិងទេសចរណ៍មកដល់ក្នុងពេលឆាប់ៗនេះ។
លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានសរសេរនៅក្នុងគេហទំព័រហ្វេសបុកផ្លូវការនៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ថា “ខ្ញុំសូមបង្ហាញពីការធើ្វប្រពន្ធ័លូនៅខេត្តព្រះសីហនុ រយៈពេលខ្លី លូវែង (HDPE) ប្រព័ន្ធកប់ក្រោមដីច្រើនមុខ ជីកកប់ដាក់លើចំណីផ្លូវ មួយកប់មួយកាយ ខិតខំសហការដ៏ល្អដែរ ដោយដឹងខ្លួនថាកាលនោះមិនបានអនុលោមតាមប្លង់សុរិយោដី ដែលបានកំណត់រួច សម្រាប់ដីចំណីផ្លូវនិងត្រូវផ្តល់បណ្ណសំគាល់សិទ្ធិជូនប្រជាជន”។
លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានសរសេរបន្តថា “សូមក្រុមកាងារ ក្រុមហ៊ុន ធើ្វទាំងថៃ្ង ទាំងយប់កុំសម្រាកយូរ សម្រេចផែនការមុនរដូវភ្លៀងមកដល់អោយបានជាមូលដ្ឋាន ត្រៀមខ្លួនទទួលអ្នកវិនិយោគនិងទេសចរណ៍មកដល់ក្នុងពេលឆាប់ៗនេះ ខ្ញុំលួចសា្តប់សម្តេចតេជោមានប្រសាសន៍ហើយ!”។
ផ្លូវទាំង៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៩ បានអនុវត្តដោយក្រុមហ៊ុនឯកជន ចំនួន៦និងកងវិស្វកម្មចំនួនពីរគឺកងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន សៀមរាប និងកងវិស្វកម្មលេខ១៧៨ស្ពានថ្នល់នៃក្រសួងការពារជាតិ។
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ធ្លាប់បានមានប្រសាសន៍“ការសាងសង់ផ្លូវនេះជាទូទៅមានល្បឿនលឿន ព្រោះកន្លែងខ្លះធ្វើទាំងយប់ទាំងថ្ងៃ និងយឺតនៅកន្លែងខ្លះដោយសារ បច្ចេកទេសដាក់លូ ប៉ុន្តែត្រូវបានដោះស្រាយហើយ។ ផ្លូវអូរត្រេះ បានចាប់ផ្តើមចាក់បេតុងហើយ ចំណែកចំណោទផ្លូវនៅជិតរង្វង់មូលជំទាវម៉ៅ កំពុងត្រូវបានបន្ទាប ដើម្បីងាយស្រួលធ្វើចរាចរឡើងចុះ”។
លោកបន្តទៀតថា “រាល់ថ្ងៃនេះមិនមែនមានតែផ្លូវក្នុងក្រុងនោះទេដែលសម្រុកសាងសង់ ផ្លូវថ្មីដែលសាងសង់កាត់ព្រៃ តាមឆ្នេរ ក៏ត្រូវបានសម្រុកសាងសង់ដូចគ្នាដើម្បីឱ្យស្រប់ទៅនឹងផែនការដែលបានគ្រោងទុក និងទាន់ពេលវេលាដែលបានកំណត់”៕






