ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រដ្ឋាភិបាលប្រទេសអូស្ត្រាលី តាមរយៈឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា បានបង្ហាញពីការគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បីលើកកម្ពស់ និងពង្រឹងវិស័យសំណង់នៅកម្ពុជាឱ្យកាន់តែល្អប្រសើរ។
នៅទីស្ដីការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឱ្យលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។
នៅក្នុងកិច្ចជំនួបខាងលើនេះ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានសម្ដែងការស្វាគមន៍ និងអបអរសាទរចំពោះវត្តមានលោក Pablo kang ដែលត្រូវបានមកបំពេញបេសកកម្មក្នុងនាមជាឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបេសកកម្មនេះគឺស្របពេលដែលប្រជាជនកម្ពុជាកំពុងតែសប្បាយរីករាយនិងសាទរចំពោះការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានិងការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ ការលើកកំពស់សិទ្ធមនុស្សព្រមទាំងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា គោលដៅសំខាន់របស់រាជរដ្ឋាភិបាលគឺធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយដែលជាគោលបំណងដ៏ធំរបស់ប្រជាពលរដ្ឋ ដែលធ្វើឱ្យប្រជាពលរដ្ឋ និងអ្នកវិនិយោគអាចស្វែងរកដៃគូសំរាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ បច្ចុប្បន្នក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានធ្វើការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋបានប្រមាណ៧០ភាគរយ ហើយនឹងធ្វើការចុះបញ្ជីដីធ្លីឱ្យបានសំរេច១០០ភាគរយ នៅឆ្នាំ២០២៣ ខាងមុខនៅទូទាំងប្រទេស។ ដោយឡែកនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ ក្រសួងនឹងមានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីច្បាប់សំណង់ជូនដល់អ្នកប្រកបអាជីវកម្មសាងសង់ ដើម្បីផ្តល់ការបណ្តុះបណ្តាលដល់ពួកគាត់ឱ្យបានយលដឹងស៊ីជម្រៅលើច្បាប់ស្តីពីសំណង់ ហើយលោកក៏បានអញ្ជើញតំណាងស្ថានទូតអូស្រ្តាលីឱ្យចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់នេះ។
ជាការឆ្លើយតប លោក Pablo kang ឯកអគ្គរដ្ឋទូតអូស្រ្ដាលីថ្មីប្រចាំកម្ពុជាបានបញ្ជាក់ថា ចំណងកិច្ចសហប្រតិបត្តិការការទូតរវាងអូស្រ្តាលី និងកម្ពុជាគឺមានតាំងពីឆ្នាំ១៩៥២ មកម្ល៉េះ ដែលរហូតមកទល់បច្ចុប្បន្ននេះគឺមានរយៈពេល៦៨ឆ្នាំ ហើយអូស្រ្តាលីនឹងបន្តរក្សាចំណងមិត្តភាពកិច្ចសហប្រតិបត្តិការការទូតនេះអោយបានរឹងមាំថែមទៀតស្របតាមគោលនយោបាយរបស់ឯកអគ្គរដ្ឋទូតដែលបានបញ្ចប់អាណត្តិការទូតនៅកម្ពុជាកន្លងមក និងស្របតាមគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ឯកអគ្គរដ្ឋទូតអូស្ត្រាលីរូបនេះក៏បានលើកឡើងផងដែរថា ទាក់ទិននឹងវិស័យសំណង់ ដែលរដ្ឋាភិបាលអូស្រ្តាលីបានផ្តល់ការជួយគាំទ្រកន្លងមកនោះ បច្ចុប្បន្នមានសិក្ខាកាមជាមន្រ្តីរាជការនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កំពុងតែទទួលការបណ្តុះបណ្តាលនៅប្រទេសអូស្រ្តាលី ដើម្បីទទួលបានការយល់ដឹងបន្ថែមឱ្យបានច្បាស់លាស់ពាក់ព័ន្ធនឹងវិស័យសំណង់នេះផងដែរ។
ជាមួយនេះ លោកក៏បានប្តេជ្ញាចិត្តក្នុងការរក្សាចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួតជាមួយកម្ពុជាលើគ្រប់វិស័យដែលជាតំរូវការចាំបាច់ក្នុងកិច្ចការអភិវឌ្ឍនៅកម្ពុជា ជាពិសេសនឹងបន្តរក្សាកិច្ចសហការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ស្របតាមគម្រោងផែនការនានារបស់អតីតឯកអគ្គរដ្ឋទូតអូស្រ្តាលីទើបបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជានោះ អោយទទួលបានជោគជ័យតាមការគ្រោងទុកជាបន្តទៀតផងដែរ៕






