ដោយ ប៊ី
ភ្នំពេញ៖ សហព័ន្ធឧស្សាហកម្មអាល្លឺម៉ង់ (BDI) បានឱ្យដឹងថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើងត្រឹម ៣ ភាគរយនៅក្នុងឆ្នាំ ២០២០ ជាមួយនឹងពាណិជ្ជកម្មពិភពលោកកើនឡើង ១,៥ ភាគរយ។
កាលពីឆ្នាំមុន ពាណិជ្ជកម្មពិភពលោកបានកើនឡើងត្រឹមតែ ១ ភាគរយប៉ុណ្ណោះ ហើយលោក Joachim Lang ប្រធាន BDI បាននិយាយថា “នឹងមិនមានការងើបឡើងវិញគួរឱ្យកត់សម្គាល់ទេ”។
ហានិភ័យខ្ពស់ក៏នឹងនៅតែមានសម្រាប់ពាណិជ្ជកម្មបរទេសរបស់ក្រុមហ៊ុនអាល្លឺម៉ង់ ដែលត្រូវបានជំរុញដោយ ភាពមិនប្រាកដប្រជា” នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអឺរ៉ុបជាមួយចក្រភពអង់គ្លេស បន្ទាប់ពីការចាកចេញរបស់អង់គ្លេសពីសហគមន៍អឺរ៉ុប និងភាពមិនច្បាស់លាស់ដែលកើនឡើង ដោយសារតែការរីករាលដាលនៃមេរោគថ្មី (កូរ៉ណាវីរុស)។
ពាណិជ្ជកម្មអន្តរជាតិនឹងមិនមានឥទ្ធិពលវិជ្ជមានទៅលើសេដ្ឋកិច្ចអាល្លឺម៉ង់ក្នុងឆ្នាំ ២០២០ ឡើយ។ កំណើនផលិតផលក្នុងស្រុកសរុបរបស់អាល្លឺម៉ង់នឹងត្រូវបានថយចុះ ដោយពាណិជ្ជកម្មបរទេស ហើយអាល្លឺម៉ង់នឹងជៀសផុតពីការធ្លាក់ចុះសេដ្ឋកិច្ច ដោយសារការកើនឡើងតម្រូវការក្នុងស្រុកពីវិស័យសំណង់ ក៏ដូចជាការប្រើប្រាស់ឯកជន។
លោក Lang បានមានប្រសាសន៍ថា “មានការខ្វះគំនិតនយោបាយនៅទូទាំងពិភពលោកដើម្បីធ្វើឱ្យមានកំណើនឡើងវិញជាអចិន្ត្រៃយ៍ តាមរយៈកំណែទម្រង់រចនាសម្ព័ន្ធ និងបន្ទុកសារពើពន្ធ”។
ការប៉ាន់ស្មានដំបូងរបស់ការិយាល័យស្ថិតិសហព័ន្ធឧស្សាហកម្មផលិតកម្មរបស់ប្រទេសអាល្លឺម៉ង់ដែលពឹងផ្អែកយ៉ាងខ្លាំងលើពាណិជ្ជកម្មបរទេសនោះ បានបញ្ជាក់ពីការខាតបង់ផលិតកម្ម ៣,៦ ភាគរយក្នុងឆ្នាំ ២០១៩ ។
សហព័ន្ធ BDI បានព្រមានថាវានឹងមិនមានសញ្ញាណាមួយនៃនិន្នាការផ្ទុយស្រឡះសម្រាប់ឆ្នាំបច្ចុប្បន្ននេះទេ។
សហព័ន្ធនេះបានទាមទារឱ្យមានការវិនិយោគសាធារណៈកាន់តែខ្លាំង លក្ខខណ្ឌល្អប្រសើរសម្រាប់ការវិនិយោគឯកជន ពន្ធសាជីវកម្មទាប ការធ្វើឌីជីថលរដ្ឋបាល និងបន្ទុកការិយាធិបតេយ្យតិចចំពោះក្រុមហ៊ុន៕






