គម្រោងផ្លូវហាយវេអាស៊ានភាគខាងជើងសម្រេចបានប្រមាណ៧០ភាគរយ

0

ដោយៈ រ៉ាណេត

បាត់ដំបងៈ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ប្រវែងសរុបចំនួន៣៦៦គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ដែលជាផ្លូវអាស៊ានហាយវេលេខ១ និងគ្រោងចំណាយថវិកាប្រមាណ៥០០លានដុល្លារ សម្រេចបាន​លទ្ធផលជិត៧០ភាគរយហើយ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូ ក្រសួងចុះពិនិត្យគម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកបានឲ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង(បាត់ដំបង-សិរីសោ ភ័ណ)នេះ ចាប់ផ្តើមសាងសង់ចេញពីខេត្តបាត់ដំបង រហូតដល់ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ។

គំរោងនេះគ្រោងចំណាយថវិកាប្រមាណ១៤៣,០៤ លានដុល្លារ និងបានសម្ភោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ មីនា ២០១៨ ហើយគិតរហូតមកដល់ពេលនេះសកម្មភាពការងារ ដែលបានសម្រេចបានគិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០គឺ កញ្ចប់ទីមួយសម្រេចបាន៦៨,១០ភាគរយ និងកញ្ចប់ទី២សម្រេចបាន៦៦,១០ភាគរយ ។

គម្រោងការងារស្ថាបនាត្រូវបានបែងចែកជា៣ ផ្នែកធំៗរួមមាន ផ្នែកខាងជើង ផ្នែកខាងត្បូង និងផ្នែកកណ្តាល ដោយក្នុងនោះមានការពង្រីកកំណាត់ផ្លូវជាតិ ដែលមានស្រាប់ពី២គន្លងទៅ៤គន្ល ទទឹង២៣ម៉ែត្រ មានប្រវែងសរុប៣០៤គីឡូម៉ែត្រ ក្រាលដោយកៅស៊ូAC និងមានសួរច្បារកណ្តាល។

គម្រោងស្ថាបនាកំណាត់ផ្លូវនេះ ត្រូវបានបែងចែកជាពីរកញ្ចប់ក្នុងនោះ ដែលកញ្ចប់ទី១ សាងសង់ដោយក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុន Tekken-Taiyo JV មានប្រវែង៤៦,២៧គម (ផ្លូវវាងក្រុងបាត់ដំបងប្រវែង ២៣,៩២គម) ហើយកញ្ចប់ទី២ សាងសង់ដោយក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុន Daiho-Asanuma JV មានប្រវែង៣៨,៤៧គម (ផ្លូវវាងក្រុងសិរីសោភ័ណប្រវែង៩,៣៤គម និងត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេក​ទេស KEI-OCG-KCI Joint Venture in association with KCEC និង TANCONS ហើយការស្ថាបនាមានរយៈពេលន៣៦ខែ។

កំណាត់ផ្លូវជាតិនេះ គឺជាផ្លូវអាស៊ានហាយវេលេខ១ អាចបង្កើនការនាំចេញ-នាំចូល និងជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់ សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិ​សេ​សអាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋតាមដងផ្លូវនេះ នឹងមានជីវភាពកាន់តែល្អប្រសើរ តាមរយៈកំណើននៃការអភិវឌ្ឍវិនិយោគ និងទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here