ដោយវុត្ថា
ភ្នំពេញៈ អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ ដែលអាចប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ដោយឯករាជ្យបាន ត្រូវមានអាជ្ញាបណ្ណ ផ្តល់ដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ចំណែកអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ ដែលបំពេញមុខងារជានាយកបច្ចេកទេសនៃក្រុមហ៊ុនដែលប្រកបអាជីវកម្ម ក្នុងវិស័យសំណង់មិនតម្រូវឱ្យមា នអាជ្ញាបណ្ណផ្តល់ដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឡើយ។
សម្រាប់នាយកបច្ចេកទេសនៃក្រុមហ៊ុន ដែលប្រកបអាជីវកម្មក្នុងវិស័យសំណង់ត្រូវបំពេញមុខងារដោយឯករាជ្យ ស្របតាមក្រមសីលធម៌វិជ្ជាជីវៈ និងបទប្បញ្ញត្តិបច្ចេកទេសជាធរមាន។
តើអ្នកវិជ្ជាជិវៈក្នុងវិស័យសំណង់បាត់បង់នីតិសម្បទាក្នុងករណីណាខ្លះ?
យោងតាមច្បាប់ស្តីពី សំណង់មាត្រា១៦បានឱ្យដឹងថា អ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ត្រូវបាត់បង់នីតិសម្បទា ក្នុងការប្រកបវិជ្ជាជីវៈក្នុងករណីណាមួយ ដូចខាងក្រោម៖
-លែងបំពេញលក្ខខណ្ឌតម្រូវពាក់ព័ន្ធនឹងការប្រកបវិជ្ជាជីវៈ
-បានប្រព្រឹត្តិកំហុសវិជ្ជាជីវៈដែលនាំទៅដល់ការផ្អាកឬ ការដកហូតអាជ្ញាបណ្ណប្រកវិជ្ជាជីវៈ
-មានបញ្ហាសុខភាពដែលអាចប៉ះពាល់ ដល់ការប្រកបវិជ្ជាជីវៈ ដោយមានបញ្ជាក់ពីគ្រូពេទ្យជំនាញ ឬបានទទួលការប្រកាសការចាប់ផ្តើម អាណាព្យាបាលទូទៅ ឬការប្រកាសការចាប់ផ្តើមហិតូបត្ថម្ភដោយតុលាការ។
-បានទទួលការប្រកាសក្ស័យធនដោយតុលាការ
-ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬក្នុងប្រទេសណាមួយដែលខ្លួនធ្លាប់ស្នាក់នៅ។
មាត្រាដដែលបញ្ជាក់ថា នីតិសម្បទាក្នុងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់អាចត្រូវបានផ្តល់ឡើងវិញ ក្រោយរយៈពេល ៥ ឆ្នាំ គិតចាប់ពីថ្ងៃដកហូតអាជ្ញាបណ្ណ។
ក្នុងករណីបាត់បង់នីតិសម្បទា ក្នុងការប្រកបវិជ្ជាជីវៈ ដោយមូលហេតុត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬក្នុងប្រទេសណាមួយដែលខ្លួនធ្លាប់ស្នាក់នៅ នីតិសម្បទាក្នុងការប្រកបវិជ្ជាជីវៈនេះ អាចត្រូវបានផ្តល់ឡើងវិញ បន្ទាប់ពីសាមីខ្លួនបានទទួលនីតិសម្បទាឡើងវិញ ស្របតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ៕