ក្រុមហ៊ុនអចលនទ្រព្យ U.T.G UTRUST INVESTMENT Co,.Ltd ចែករំលែកក្ដីស្រឡាញ់ដល់សិស្សានុសិស្សជាង៥០០នាក់

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រោមទឹកចិត្តសម្បុរស និងវប្បធម៌នៃការចែករំលែក ក្រុមហ៊ុនអចលនទ្រព្យយូ ធី ជី យូត្រាស់ អ៊ិនវេសម៉ិន (U.T.G UTRUST INVESTMENT Co,.Ltd ) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ លើលគម្រោងដីឡូតិ៍ដ៏ធំ បានធ្វើការចែករំលែកនូវក្ដីស្រឡាញ់ទៅដល់សិស្សានុសិស្សចំនួន២សាលា សរុបជាង ៥០០នាក់ តាមរយៈការផ្តល់ជូននូវសម្ភារៈសិក្សា ថវិកា អាហារ និងមធ្យោបាយសម្រាប់ធ្វើដំណើរទៅសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូផងដែរ។

នៅក្នុងឱកាសទិវានៃក្ដីស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ តាមរយៈមូលនិធិសប្បុរស យូត្រាស់ ក្រុមហ៊ុនអចលនទ្រព្យ យូ ធី ជី យូត្រាស់ អ៊ីនវេសម៉ិន បានធ្វើការចែករំលែកនូវក្តីស្រឡាញ់ដល់ប្អូនៗ សិស្សានុសិស្សចំនួនសាលា រួមមានសាលាបឋមសិក្សា ក្រាំងទំនប់ និងសាលាបឋមសិក្សា ស្ដុកតោល សរុបជាង៥០០នាក់ ដោយការចែកជូននូវសម្ភារៈសិក្សា រួមមានដូចជា សៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ កាតាប ព្រមទាំងចែករំលែកនូវថវិការទៅដល់លោកគ្រូ អ្នកគ្រូ ជាច្រើននាក់ នៅភូមិស្តុកតោល ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

លោក ជួប សុវណ្ណ មេឃុំចាន់សែនបានមានប្រសាសន៍ថា “តាំងនាមខ្ញុំជាអជ្ញាធរនៅក្នុងតំបន់ សូមសម្ដែងនូវក្ដីសាទរ និងរីករាយចំពោះសកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុន យូត្រាស់ ជាខ្លាំង”។ លោកបញ្ជាក់ថា “តាមរយៈវត្តមានរបស់ក្រុមហ៊ុន យូត្រាស់ ពិតជាបានចូលរួមចំណែកលើការអភិវឌ្ឍន៍នៅក្នុងតំបន់យ៉ាងច្រើន ជាក់ស្ដែង ក្រុមហ៊ុនបានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវចូលភូមិ ឃុំ ឱ្យមានភាពងាយស្រួល និងមានសុវត្ថិភាពក្នុងការរស់នៅ សូមសំណូមពរឱ្យមានសកម្មភាពមនុស្សនេះបន្តទៀតនៅក្នុងតំបន់នាឱកាសក្រោយៗទៀត” ។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យ យូ ធី ជី យូត្រាស់ អ៊ិនវេសម៉ិន (U.T.G UTRUST INVESTMENT Co,.Ltd) លោក ម៉ន សុខា បានមានប្រសាសន៍ប្រាប់ថា ការចែករំលែកនូវសម្ភារៈសិក្សា ថវិកា និងចំណីអាហារទៅដល់បណ្តាសិស្សានុសិស្សខាងលើនេះ គឺគ្រាន់តែជាការចូលរួមចំណែកនៅក្នុងការងារសង្គម និងជួយសម្រាលនូវក្ដីលំបាករបស់សិស្សានុសិស្សដែលកំពុងជួបបញ្ហាខ្វះខាត។

លោក ម៉ន សុខា បានមានប្រសាសន៍បន្តទៀតថា “សកម្មភាពមនុស្សធម៌ក្នុងរូបភាពចែករំលែកធនធានផ្ទាល់ខ្លួននេះ ក្រុមហ៊ុនយូ ធី ជី យូត្រាស់ ក៏ដូចជា ក្រុមការងារ តែងធ្វើជារៀងរាល់ឆ្នាំ និងស្ថិតនៅតាមបណ្តាខេត្តផ្សេងៗ ដែលជួបភាពខ្វះខាត ដោយក្រុមហ៊ុនបានបង្កើតជាមូលនិធិសប្បុរសធម៌ យូត្រាស់ ។ កាលពីឆ្នាំកន្លងទៅ យើងបានធ្វើការចែករំលែកនៅខេត្តកំពត ដោយឡែក សម្រាប់ឆ្នាំ២០២០នេះ ឆ្លៀតនៅក្នុងឱកាសទិវានៃក្ដីស្រឡាញ់ ថ្ងៃទី ១៤ ខែកុម្ភៈ ក្រុមការងាររបស់ក្រុមហ៊ុន បានសម្រេចចែករំលែកសាលាបឋមសិក្សា ចំនួន២ ដូចបានរៀបរាប់ជូនខាងលើ”។

លោកបានបញ្ជាក់ថា “គោលដៅនៃការចែករំលែកទាំងនេះ គឺចង់ឃើញស្នាមញញឹមរបស់កុមារ និងរីករាយជាមួយការសិក្សារបស់ពួកគេ ដែលជាធនធានយ៉ាងសំខាន់សម្រាប់សង្គមជាតិនៅថ្ងៃអនាគត។ រៀងរាល់ឆ្នាំក្រុមការងារយើងខ្ញុំ តែងតែចូលរួមធ្វើកិច្ចការសង្គម ការចែករំលែកធនធានខ្លះៗ ការបង្កើតស្នាមញញឹម ការបណ្តុះគំនិតសិក្សារៀនសូត្រ ការងារមនុស្សធម៌ជាប្រចាំ បន្ទាប់ពីជំនួញ និងការងារពួកយើង។

ជាមួយគ្នានេះ លោក ម៉ន សុខា តំណាងឱ្យក្រុមការងារទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអស់លោក លោកស្រីសប្បុរសជនទាំងអស់ដែលបានចូលរួមឧបត្ថម្ភជាសម្ភារៈ ថវិកា និងការចូលរួមសកម្មភាពផ្ទាល់ដែលបានចំណាយកំលាំងកាយ កំលាំងចិត្តពេលវេលាដ៏មានតម្លៃចូលរួមនៅក្នុងកម្មវិធីសប្បុរសធម៌មួយនេះ។

សម្រាប់សម្ភារៈសិក្សា ដែលបានចែករំលែកនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ រួមមាន កង់ចំនួន៦គ្រឿង (សម្រាប់លើកទឹកចិត្តដល់សិស្សដែលក្រីក្រ) សៀវភៅចំនួន ២០០០ក្បាល ប៊ិចចំនួន១៥០០ដើម ខ្មៅដៃចំនួន១៥០០ដើម បន្ទាត់ចំនួន១.០០០ដើម កាតាបដាក់សំសម្ភារៈសិក្សាជាង ៥០០ និងថវិកាមួយចំនួន ហើយក៏មានកម្មវិធីដាំដើមឈើ រួមនឹងការទទួលទានអាហារសាមគ្គីជុំគ្នារវាងគណៈគ្រប់គ្រង បុគ្គលិកក្រុមហ៊ុន ជាមួយសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងមន្ត្រីអជ្ញាធរផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here