ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ក្នុងគោលដៅបង្កើតវិទ្យាស្ថាន បណ្តុះបណ្តាលជំនាញអចលនទ្រព្យ និងដើម្បីនិរន្រភាពក្នុងឧស្សាហកម្មសំណង់ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានប្តេជ្ញា នឹងបង្កើតសាលាឲ្យបាននៅក្នុងឆ្នាំនេះ។
លោកបណ្ឌិតគីម ហ៊ាងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលម៉ិញនេះថា រហូតមកទល់ពេលនេះមានក្រុមហ៊ុនចំនួន២០ហើយ បានសម្រេចបោះទុនរួមគ្នាដើម្បីបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈអចលនវត្ថុកម្ពុជា។ ក្រៅពីក្រុមហ៊ុនទាំង២០នេះ សមាគមនឹងបើកឲ្យសមាជិកដទៃទៀត និងក្រុមហ៊ុនឯកជននានា ដើម្បីចូលរួមក្នុងការបើកវិទ្យាស្ថាននេះឲ្យបានក្នុងឆ្នាំនេះ។
-->
កាតដាក់ពាក្យស្នើសុំ ដើម្បីសុំបើកវិទ្យាស្ថាននេះ ទៅក្រសួងអប់រំ យុវជននិងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងធ្វើឡើងនៅពេលឆាប់ៗនេះ។
លោកបន្តថា “យើងត្រូវការទុនប្រមាណ២០ម៉ឺនដុល្លារអាមេរិក ដើម្បីបើកវិទ្យាស្ថាននេះ ដោយសហការជាមួយ University Of Technology Malaysia និងសហការជាមួយក្រសួងទាំងពីរ។លោកបន្តថា“វគ្គសិក្សានឹងមានរយៈពេល១៥០ម៉ោងសម្រាប់ជំនាញធ្វើជាភ្នាក់ងារអចលនទ្រព្យ និង១៨០ម៉ោងសម្រាប់ជំនាញជាភ្នាក់ងារវាយតម្លៃអចលនទ្រព្យ។
កម្មវិធីសិក្សានេះនឹងយកមកពីប្រទេសថៃ ម៉ាឡេស៊ី និងសឹង្ហបុរី យកមកច្របាច់បញ្ចូលគ្នា ដើម្បីប្រើប្រាស់ក្នុងកម្មវិធីសិក្សា ដែលមានការទទួលស្គាល់កម្រិត ជាតិ និងអន្តរជាតិ។
លោកគីម ហ៊ាងបន្តថា អ្នកដែលបញ្ចប់ការសិក្សាពីវិទ្យាស្ថាននេះ នឹងទទួលបានវិញ្ញាបនបត្រមួយ ដើម្បីយកទៅដាក់ឆ្លងនិងប្រលងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយនៅពេលពួកគេប្រលងជាប់ ពួកគេនឹងទទួលបានវិញ្ញាបនបត្រពីក្រសួង ទើបអាចធ្វើការងារក្នុងវិស័យនេះបាន។លោកបន្តថា តាមគម្រោងវគ្គប ណ្តុះបណ្តាលនេះ នឹងប្រើប្រាស់គ្រូក្នុងស្រុកដែលមានសញ្ញាបត្រ និងបទពិសោធន៍ខ្ពស់៥០ភាគរយ និងគ្រូបរទេស៥០ភាគរយផងដែរ។
សាលានេះនឹងត្រូវគ្រប់គ្រង ដោយក្រុមប្រឹក្សាភិបាលសាលាមួយដែលត្រូវបង្កើតឡើង ដោយមាននាយកម្នាក់ដែលធ្វើការងារដោយឯករាជ្យ។
លោកគីម ហ៊ាងបានបន្តថា “គោលដៅនៃការបើកវិទ្យាស្ថាននេះ មិនមែន ដើម្បីប្រាក់ចំណេញទេ ប៉ុន្តែដើម្បីពង្រឹងធនធានមនុស្ស និងទ្រទ្រង់ឧស្សាហកម្មសំណង់ និងអចលនវត្ថុឲ្យមានការរីកចម្រើនប្រកបដោយនិរន្តរភាព។លោកបន្តថា“ប្រសិនជាយើងបង្កើតសាលានេះបានក្នុងកម្រិតអាស៊ាន វាពិតជាប្រសើរណាស់ ព្រោះយើងនឹងអាចទាក់ទាញអ្នកសិក្សា មកពីបណ្តាប្រទេសក្នុងតំបន់បាននាពេលអនាគត។
ទោះជាយ៉ាងណាសមាគមមិនទាន់កំណត់តម្លៃសិក្សា សម្រាប់វគ្គបណ្តុះបណ្តាលនិមួយៗនៅឡើយទេ៕









