ក្រុមហ៊ុនCentury21ត្រៀមបណ្តុះបណ្តាលធនធានមនុស្ស៣៨០០នាក់ក្នុងវិស័យអចលនទ្រព្យ

0

ដោយគង់ សូរិយា

ភ្នំពេញៈ ក្រុម​ហ៊ុន Century 21 Zillion Holding ​ដែល​ជា​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​មាន​ឯក​ទេស​លើទី​ផ្សារ​​ដី​ធ្លី​ បាន​ប្រកាស​ជ្រើស​រើស​​ភ្នាក់​ងារ​អចលនទ្រព្យបន្ថែម៣ ៨០០ នាក់ដើម្បីដំ​ណើរ​ការ​អាជីវ​កម្ម​នៅ​ទូទាំងប្រទេស​ ហើយ​បាន​​​រៀប​ចំ​វគ្គបណ្តុះ​បណ្តាល​ចែក​រំ​លែក​ចំណេះ​ដឹងទ្រង់​ទ្រាយ​ធំ​មិន​ធ្លាប់​មាន​នៅ​កម្ពុជា។

សិក្ខា​សាលា «​បណ្តុះ​ភាព​ជោគជ័យសម្រាប់៣៨០០នាក់ដំបូង ​ក្នុងវិស័យ​អចលនទ្រព្យ»​​ បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ភ្នំពេញ (Grand Ballroom) ដោយ​មាន​វា​គ្មិន​ជំនាញ​ ៧​រូប ក្នុង​គោល​ដៅ​តម្រង់​ទិស អ្នក​ចូល​រួម​ឆ្ពោះ​ទៅរក​ភាព​ជោគ​ជ័យ ក្នុង​អាជីព​ជា​ភ្នាក់ងារ​​អចលន​ទ្រព្យ។

លោក​ស្រី ហ្គ្រែស រចនីហ្វុង អគ្គនាយិកា​ក្រុម​ហ៊ុន Century 21 Cambodia ដែល​ជា​ក្រុម​ហ៊ុន​មេ​គ្រប់​គ្រង​សិទ្ធ ធ្វើ​អាជីវ​កម្មលើ​​ម៉ាក​យី​ហោ Century 21 នៅ​កម្ពុជា (​រួម​ទាំង​ក្រុម​ហ៊ុន Century 21 Zillion Holding) បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​ឱ​កាស​កម្រ​សម្រាប់​ប្អូនៗ​​និស្សិតដែល​ជិត​បញ្ចប់​ការ​សិក្សា​ និង​អ្នកកំ​ពុង​​ធ្វើ​ការ​ឯក​រាជ្យ​ក្នុង​វិ​ស័យ​ផ្សេង​ទៀត ដើម្បី​​អភិវឌ្ឍន៍​​​ខ្លួន និង​កែលម្អជីវ​ភាព​រស់​នៅ។

លោកស្រីបន្តថា “​អាជីព​ជា​ភ្នាក់​ងារ​អចលន​ទ្រព្យ​ អាច​ធ្វើ​ឲ្យ​ជីវ​ភាព​​ប្រ​សើរ​ឡើង ហើយ​មាន​ឱ​កាស​ពង្រីក​បណ្តាញ​ទំ​នាក់​ទំ​នង​បាន​ល្អ ​តាម​រយៈ​ការ​ជួប​​ជា​មួយ​​ម្ចាស់​ទ្រព្យ​នៅ​កម្ពុជា និង​អ្នក​វិនិយោគ​ពី​ក្រៅ​ប្រទេស ​ដែល​ជាអ្នក​មាន​ធន​ធាន​ហិរញ្ញវត្ថុ​ និង​​ចំ​ណេះ​ដឹង​”។លោក​ស្រី​ថ្លែង​ថា “នេះ​ជា​ឱកាសកម្រ​សម្រាប់​​​បង​ប្អូន ​ដែល​ចង់​​ទទួ​ល​បាន​ប្រយោ​ជន៍​ពី​ការ​រីក​ចម្រើន ​ពី​វិ​ស័យ​អចលន​ទ្រព្យ ​ក្នុង​ការ​កែប្រែ​ស្ថាន​ភាព​ជីវ​ភាព​របស់​គាត់ និង​ក្រុម​គ្រួសារ និង​ជួយ​ដល់​ម្ចាស់​ទ្រព្យ​នៅ​កម្ពុជា”។​

ភ្នាក់​ងារ​អចលន​ទ្រព្យ ​ដែល​មាន​វិជ្ជា​ជីវៈ​ទាំង៣៨០០នាក់ ​នឹង​ជួយ​​បង្កើន​ទំ​នុក​ចិត្ត​លើ​វិ​ស័យ​អចលន​ទ្រព្យកម្ពុជា​ សម្រាប់​វិនិយោគិន​ ហើយ​ពួក​គាត់​អាចមាន​ឱ​កាស​ទទួល​បា​ន​ការ​បណ្តុះ​បណ្តាល​បន្ថែម​ទាំង​កម្រិត​ជាតិ និង​អន្តរ​ជាតិ ឬ​មាន​ឱ​កាស​ទៅទស្សន​​កិច្ច​នៅ​សា​ខា​ Century 21 នៅ​ក្រៅ​ប្រទេសដូច​ជា​ អាមេរិក ជប៉ុន ឬ​ចិន​ជា​ដើម។

វា​គ្មិន​ជំ​នាញ​ដែល​បាន​​​ចូល​រួម​វគ្គ “​បណ្តុះ​ភាព​ជោគជ័យសម្រាប់៣៨០០​ នាក់ដំបូង​ក្នុងវិស័យ​អចលនទ្រព្យ” បាន​លើក​យក​ប្រ​ធាន​បទ​ផ្សេងៗជា​ច្រើន មក​ធ្វើ​ការ​ចែករំលែក ​ដែល​សុទ្ធ​សឹង​ជា​កត្តា​គន្លឹះ ​សម្រាប់​អាជីព​ជា​ភ្នាក់​ងារ​អចលន​ទ្រព្យ​ ដែល​រួម​មានដូច​ជា ប្រ​ធានបទ​ទាក់ទង​នឹងជំនាញ​ផ្នែក​ទំនាក់​ទំ​នង ជំ​នាញ​ផ្នែក​លក់ និងប្រ​ធាន​បទ​ទាក់​ទង​នឹង​​ឥទ្ធិពល​នៃ​ការ​វិវត្តន៍​នៃ​បច្ចេកវិទ្យា​លើ​វិ​ស័យ​អចលន​ទ្រព្យ​ជា​ដើម។

​ វាគ្មិន​ជំ​នាញ​ទាំង​៧រូប ​រួម​មាន​​លោកឃីម សុខហេង ដែល​ជា​ស្ថាបនិក​វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ លោក ឌិន សុមេធារិទ្ធ ស្ថាបនិក និង​អគ្គនាយក​ភូមិ​ផ្កាត្រកួន លោក ច្រឹក​ សុខនីម ប្រធាន​សមាគមអ្នក​វាយ​តម្លៃ និង​ភ្នាក់​ងារ​អចលនវត្ថុ​កម្ពុជា លោកនាក់ សមសែន សហស្ថាបនិក​ និង​ជា​នាយកប្រតិបត្តិក្រុម​ហ៊ុន RENT KH លោក​ព្រាប កុល អគ្គរដ្ឋទូត​ដើម្បី​សន្តិភាព នៃសន្តិភាពសាកល​ លោកសោម សម្បត្តិ​ អគ្គនាយក​ប្រតិ​បត្តិ​ក្រុម​ហ៊ុន​ ខាំ-ផែន (ថ្នាំពណ៌ជាតិ) និង លោក ជី សិលា ស្ថាបនិក​ក្រុម​ហ៊ុន Sabay Digital Corporation។

​លោក​ស្រី រចនីហ្វុង ​បានឲ្យដឹងថា តម្រូវ​ការ​ដី​ធ្លី​កំពុង​មាន​ការ​កើន​ឡើង​ខ្លាំងនៅ​គ្រប់​តំ​បន់​នៅ​កម្ពុជា ដោយ​សារ​កំ​ណើន​គម្រោង​វិនិយោគ ពី​អ្នក​បណ្តាក់​ទុន​​ទាំង​​​ក្នុង​ និង​ក្រៅ​ប្រទេស​។ កំ​ណើន​នេះ​ តម្រូវ​ឲ្យ​ក្រុម​ហ៊ុន Century 21 Zillion Holding ដែល​ជា​ម៉ាក​យី​ហោ ​​ក្រុម​ហ៊ុន​អចលន​ទ្រព្យមាន​ដើម​កំណើត​ពី​​អាមេរិក​ ​បើក​សាខា​ថ្មី​បន្ថែម​​៣៨ (១៤ ខណ្ឌនៅ​ភ្នំពេញ និង​២៤ ខេត្ត​) ហើយ​ត្រូវ​ការ​ជ្រើស​រើស​ភ្នាក់​ងារ​៣៨០០នាក់​។

លោក​ស្រី​បញ្ជាក់​ថា​ “​​​នេះ​ជា​កម្មវិ​ធី​​​​ល្អ ​ដែល​មាន​​​ប្រ​ជុំ​ដោយ​អ្នក​ជំ​នាញ​ពី​វិ​ស័យ​ផ្សេងៗគ្នា​រហូត​ដល់​ទៅ​៧​រូប ដែលពួក​គាត់​សុទ្ធ​សឹង​មាន​បទ​ពិសោធកាងារ​ និង​អាជីវ​កម្ម​ច្រើន​ជាង​៣០ឆ្នាំ​ ហើយ​អាច​ជួយ​តម្រង់​ទិស​អ្នក​ចូល​រួម ​ដើម្បីក្លាយខ្លួន​​ជាភ្នាក់​ងារ​អចលន​ទ្រព្យ​​​ប្រកប​ដោយ​វិជ្ជា​ជីវៈ​បាន​​​យ៉ាង​ពិត​ប្រាកដ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here