ដោយវុត្ថា
ភ្នំពេញៈ ភ្ញៀវទេសចរណ៍ចំនួន២៣៣រូបចុងក្រោយ ដែលធ្វើដំណើរតាមនាវាMS Westerdam នឹងធ្វើដំណើររទៅកាន់ប្រទេសខ្លួនវិញ តាមជើងហោះហើរពីទីក្រុងភ្នំពេញ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងពិធីទទួលស្វាគម៍ អ្នកដំណើរចំនួន២៣៣រូបចុងក្រោយ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឱ្យដឹងថា ការចាកចេញពីនាវារបស់អ្នកដំណើរចម្រុះជាតិសាសន៍នេះ ធ្វើ ឡើងក្នុងគោលបំណងធ្វើដំណើរទៅកាន់ប្រទេសរបស់ខ្លួន តាមរថយន្តក្រុងចំនួន១០គ្រឿង ចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ រួចទើបបន្តដំណើរតាមជើងហោះហើរពីរាជធានីភ្នំពេញ ទៅកាន់ប្រទេសកំណើតរៀងៗខ្លួនវិញ។
ការទទួលបដិសណ្ឋារកិច្ច និងជូនដំណើរនេះ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្តល់ជូនក្រមាធ្វើពីសូត្ររបស់កម្ពុជា ជាកាដូអនុស្សាវរីយ៍ជូនដល់ភ្ញៀវទេសចរណ៍ទាំង២៣៣រូបនោះ។
លោកស៊ុន ចាន់ថុលបានថ្លែងបន្តថា ការជួយសង្គ្រោះភ្ញៀវទេសចរណ៍តាមនាវាទេស ចរណ៍ Westerdam ដែលត្រូវបានបដិសេធការ ចូលចតពីបណ្ដាប្រទេសមួយចំនួនដោយសារភ័យខ្លាចករណីជំងឺរលាកសួតCovid-19 នេះ ធ្វើឡើងក្នុងគោលបំណងមនុស្សធម៌ ទឹកចិត្តសន្តោសប្រណី មិនរើសអើងពូជសាសន៍ ជួយគ្នាក្នុងគ្រាមានអាសន្ន និងផ្ដល់ក្តីស្រឡាញ់ជំនឿទុកចិត្តភាពកក់ក្តៅ ដល់អ្នកធ្វើដំណើរលើនាវា ដែលរួមមានមនុស្សចាស់ ស្ត្រី និងកូនក្មេងផងដែរ។
លោកបញ្ជាក់ថា អ្នកដំណើរទាំងនោះ មុនអនុញ្ញាតឱ្យចាកចេញពីនាវា សុទ្ធតែត្រូវបានឆ្លងកាត់ការវាស់កំដៅ និងតេស្តសុខភាពដោយមន្ត្រីជំនាញក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលប្រយុទ្ធនឹងជម្ងឺឆ្លងសហរដ្ឋអាមេរិក UNCDC ដើម្បីធានាថាពិតជាគ្មានវត្តមានមេរោគ COVD-19 ។ មិនតែប៉ុណ្ណោះបុគ្គលិករបស់កប៉ាល់ ក៏នឹងត្រូវពិនិត្យសុខភាពវាស់កម្តៅឡើងវិញ មុនពេលអនុញ្ញាឱ្យនាវាចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។
លោកបន្ថែមថា “នេះជាការស្ដែងចេញឲ្យឃើញនូវកាយវិការសប្បុរសធម៌ និងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំកំពូល នៃរាជរដ្ឋាភិបាលកម្ពុជា ចំពោះជនរងគ្រោះដែលត្រូវបានបោះបង់ចោលនៅលើមហាសាគរដ៏ធំល្វឹងល្វើយ”។
លោក Orlando Ashford ប្រធានក្រុមហ៊ុន Holland American Line ដែលជាម្ចាស់នាវា Westerdam បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា ក៏ដូចជាអាជ្ញាធរកម្ពុជា ដែលមានសន្តានចិត្តដ៏ល្អប្រកបដោយភាពកក់ក្តៅ និងជួយថែររក្សាទទួលអ្នកដំណើរ និងពិនិត្យជំងឺជូនដល់អ្នកដំណើរ ជាពិសេសដែលបានអនុញ្ញាតឲ្យកប៉ាល់ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ៕