ចំណេះដឹង! តើដីជាប់បន្ទុកនៅធនាគារអាចបង្រួមនិងបំបែកក្បាលដីបានដែរឬទេ?

0

ដោយវុត្ថា

ភ្នំពេញៈ ដើម្បីទទួលបានថវិកាយកមកប្រើប្រាស់ ក្នុងករណីចាំបាច់ណាមួយ ប្រជាពលរដ្ឋតែងតែយកដី ដែលជាកម្មសិទ្ធិរបស់ខ្លួន យកទៅដាក់បញ្ចាំនៅធនាគារ។ ក្នុងករណីដែលមានក្បាលដីរបស់គាត់ ជាប់បន្ទុកនៅធនាគារ តើការបង្រួមក្បាលដីនិងបំបែកក្បាលដីអាចធ្វើបានដែរឬទេ?។

ចម្លើយទី១. ការចុះបញ្ជីបង្រួម ឬបំបែកក្បាលដី ដែលកំពុងជាប់បន្ទុក អាចធ្វើបានលុះត្រាតែ ទី១ បំពេញបាននូវលក្ខខណ្ឌជាក្បាលដីតែមួយ ដូចមានចែងក្នុងមាត្រា២២៧ នៃច្បាប់ភូមិបាល២០០១ (ករណីបង្រួមក្បាលដី) ទី២មាន ការយល់ព្រមពីម្ចាស់សិទ្ធិប្រាតិភោគ (ធនាគារម្ចាស់បំណុល) ឱ្យបង្រួម ឬបំបែកក្បាលដី កំពុងជាប់បន្ទុកនោះ ទី៣ ភាគីទាំងអស់ដែលមានផលប្រយោជន៍ពាក់ព័ន្ធ ត្រូវព្រមព្រៀងគ្នាអំពីលំដាប់នៃការចុះបញ្ជី ជាអាទិ៍ នៅពេលផ្ទេរ ការចុះបញ្ជីសិទ្ធិប្រាតិភោគ (ផ្ទេរបន្ទុក) ពីក្បាលដីចាស់ ផ្សេងៗគ្នា ទៅប្រមូលផ្តុំនៅលើក្បាលដីថ្មីតែមួយ (ករណី បង្រួមក្បាលដី) ឬពីក្បាលដីចាស់តែមួយ ទៅពង្រាយលើក្បាលដីថ្មីជាច្រើន (ករណីបំបែកក្បាលដី)។

សំណួរទី២.  ប្រសិនជាការបង្រួម និងបំបែកក្បាលដីក្នុងករណីខាងលើអាចធ្វើទៅបាន តើត្រូវអនុវត្តនីតិវិធីបែបណា?

ចម្លើយទី២. ចំពោះនីតិវិធីនៃការចុះបញ្ជីបង្រួម ឬបំបែកក្បាលដី ត្រូវអនុវត្តទៅតាមគោលការណ៍ណែនាំជាធរមាន (ដូចមានថតចម្លងជូនភ្ជាប់មកជាមួយ) ហើយនៅពេលចុះបញ្ជីបង្រួម ឬបំបែកក្បាលដីរួច ត្រូវផ្ទេរការចុះបញ្ជីសិទ្ធិប្រាតិភោគ (ផ្ទេរបន្ទុក) ពីក្បាលដីចាស់ទៅក្បាលដីថ្មី ទៅតាមការព្រមព្រៀងរបស់ភាគីដែលមានប្រយោជន៍ពាក់ព័ន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here