ដោយ រ៉ាវី
ភ្នំពេញ៖ នៅសល់ពេលមិនយូរទៀតនោះទេ ផ្លូវរថភ្លើងចំនួន២ខ្សែដែលមួយខ្សែចេញពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ ឆ្ពោះទៅព្រលានយន្ដហោះភ្នំពេញអន្តរជាតិ មានប្រវែង១៥គីឡូម៉ែត្រ និងមួយខ្សែទៀតចេញពីបាត់ដំបងឆ្ពោះទៅកាន់ស្វាយស៊ីសុផុន ខេត្តបន្ទាយមានជ័យ នឹងត្រូវដាក់ឱ្យដំណើរ ដើម្បីជួយសម្រួលដល់វិស័យដឹកជញ្ជូនអ្នកដំណើរ ក៏ដូចជាទំនិញផ្សេងៗ ជាពិសេសចូលរួមកាត់បន្ថយភាពកកស្ទះចរាចរណ៍។

លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានលើកឡើងនាព្រឹកថ្ងៃទី២ មិនានេះថា ក្រសួងនឹងជំរុញឱ្យក្រុមហ៊ុនធ្វើការពន្លឿននូវសេវាដឹកជញ្ជូនអ្នកដំណើរប្រភេទនេះ ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ ដើម្បីរំដោះការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ក៏ដូចជាពង្រឹងការដឹកជញ្ជូន តាមរថភ្លើងរបស់កម្ពុជាឡើងវិញផងដែរ ហើយបើតាមផែនការប្រព័ន្ធដឹកជញ្ជូនអ្នកដំណើរ តាមផ្លូវដែកពីភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានប្រវែង១៥គីឡូម៉ែត្រ នឹងអាចដំណើរការពិតប្រាកដ ដោយមានរថភ្លើងធុនស្រាលចំនួន៤គ្រឿង ដែលត្រូវបានបញ្ជាទិញពីប្រទេសម៉ិកស៊ីក ក្នុងតម្លៃជាង៤លានដុល្លារអាមរិក។
-->

លោកបន្តថា “គោលបំណងនៃការសង់ផ្លូវដែកនេះ ដើម្បីផ្ដល់សេវាដឹកអ្នកដំណើរឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានរហ័សជាងពេលបច្ចុប្បន្ន”។
ចំណែកឯផ្លូវរថភ្លើងពីខេត្តបាត់ដំបង ទៅស្វាយស៊ីសុផុន ខេត្តបន្ទាយមានជ័យ គឺជាផ្នែកមួយនៃខ្សែរថភ្លើងតភ្ជាប់ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅដល់ក្រុងប៉ោយប៉ែត ដែលគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរ នៅត្រឹមចុងឆ្នាំ២០១៨ខាងនេះ ដើម្បីតភ្ជាប់ជាមួយផ្លូវរថភ្លើងឆ្ពោះទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ស្របតាមកិច្ចព្រមព្រៀងគ្នាទ្វេភាគី រវាងប្រទេសកម្ពុជា ថៃ ដើម្បីជំរុញវិស័យពាណិជ្ជកម្មឱ្យដល់កម្រិត១៥ប៊ីលានដុល្លារអាមរិក នៅត្រឹមឆ្នាំ២០២០ខាងមុខនេះ។

ពាក់ព័ន្ធទៅនឹងការសាងសង់ផ្លូវរថភ្លើង សម្រាប់ជំរុញការដឹកជញ្ជូនរវាងកម្ពុជា-ថៃ ដែលមានប្រវែង៣ ៨៦ គីឡូម៉ែត្រ។ បច្ចុប្បន្នភាគីខាងថៃបានបញ្ចប់ការសាងសង់រួចរាល់ហើយ ដោយចេញពីក្រុងបាងកក ឆ្ពោះមកកាន់ព្រំដែនកម្ពុជា កាត់តាមស្រុកអារញ ខេត្តស្រះកែវ ប្រទេសថៃ។ ដោយឡែកកំណាត់ផ្លូវដែកនៅសល់តែភាគីខាងកម្ពុជា ដែលពេលបច្ចុប្បន្ននេះ ក៏សាងសង់បានជិតរួចរាល់ផងដែរ ពោលគឺនៅសល់តែចំណុចតភ្ជាប់ខ្សែរថភ្លើង ពីខេត្តពោធិ៍សាត់ មកខ្សែរថភ្លើង ដែលស្ថិតនៅក្នុងតំបន់បាត់ដឹង ខេត្តពោធិ៍សាត់តែប៉ុណ្ណោះ និងត្រៀមបញ្ចប់យ៉ាងយូរនៅត្រឹមចុងឆ្នាំ២០១៨ខាងមុខនេះ ។ នេះបើតាមការឱ្យដឹងពីលោក ច័ន្ទ សំលេង ប្រធាននាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន ថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះ៕










